ជាតិ
រដ្ឋមន្ត្រីបរិស្ថាន ជំរុញឲ្យពលរដ្ឋប្រកបរបរចិញ្ចឹមសត្វ ជំនួសការបរបាញ់ ដើម្បីជីវភាពធូរធារ
× រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ ជំរុញឲ្យពលរដ្ឋប្រកបរបរចិញ្ចឹមសត្វ ជំនួសការបរបាញ់ ដើម្បីជីវភាពធូរធារ។ លោក សាយ សំអាល់ថ្លែងបែបនេះ នៅក្នុងវេទិកាសាធារណៈ ពិភាក្សាលើករណីប្រជាជនកាន់កាប់អាស្រ័យផលក្នុងដែនជំរកសត្វព្រៃ «ភ្នំត្នោត-ភ្នំពក» ស្រុកសង្គមថ្មី ខេត្តព្រះវិហារ កាលពីថ្ងៃទី៥ មករា។
លោក សាយ សំអាល់ ហាមប្រជាពលរដ្ឋ កុំបន្តមានទំនាស់ដីធ្លីទៀត ហើយត្រូវចូលរួមការពារ និងអភិរក្សព្រៃឈើ និងសត្វព្រៃ ដែលមាននៅក្នុងតំបន់នោះផង។ រដ្ឋមន្ត្រីបរិស្ថានរូបនេះ ក៏ស្នើឲ្យប្រជាលរដ្ឋផ្លាស់ប្តូរមុខរបរបរបាញ់សត្វ មកជាការចិញ្ចឹមសត្វជំនួសវិញ ដើម្បីបញ្ចៀសការប្រឈមនិងទោសទណ្ឌចំពោះមុខច្បាប់។ បើតាមលោក សាយ សំអាល់ មុខរបរចិញ្ចឹមសត្វយកសាច់ ដូចជាគោ ក្របី ចៀម និងពពែនោះ ជារបរងាយស្រួលសម្រាប់ពលរដ្ឋក្នុងព្រៃសហគមន៍ ព្រោះវាចំណាយពេលវេលាតិច និងចំណេញច្រើន។
« យើងខ្ញុំចង់ឃើញបងប្អូនប្រជាពលរដ្ឋមានចំណូលខ្ពស់ មានជីវភាព ធូរធារ ហើយនៅពេលបងប្អូនប្រជាពលរដ្ឋមានបាន នោះនឹងមានការចូលរួមកាន់តែសកម្មក្នុងការការពារនិងអភិរក្សធនធានធម្មជាតិដែលយើងមាន»។ នេះបើតាមក្រសួងបរិស្ថាន ដែលបានស្រង់សម្តីលោក សាយ សំអាល់ មកសរសរលើហ្វេសប៊ុក។
ជាមួយគ្នានេះរដ្ឋមន្ត្រីបរិស្ថាន ក៏រៀបចំដីបម្រុងទុកសម្រាប់ដោះដូរជូនពលរដ្ឋសហគមន៍ទៀតផង។ លោក សាយ សំអាល់ ក៏ជំរុញឱ្យមានការកំណត់ព្រំប្រទល់តំបន់ដែនជម្រកសត្វព្រៃឱ្យបានលឿន ជាពិសេសពង្រឹងការអប់រំប្រជាពលរដ្ឋ និងក្មេងៗក្នុងសហគមន៍ បានរៀនសូត្រទាំងអស់គ្នា៕
Tag:
សាយ សំអាល់
បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com