អន្តរជាតិ
កូរ៉េខាងត្បូង ពិចារណា​គម្រោង​ទស្សនកិច្ច​អនុរដ្ឋមន្ត្រី​ការបរទេស​នៅ​អ៊ីរ៉ង់ ក្រោយ​អ៊ីរ៉ង់​ឃាត់​នាវា​ដឹកទំនិញ​ខ្លួន​
05, Jan 2021 , 10:59 pm        
រូបភាព
នាវាដឹកទំនិញកូរ៉េខាងត្បូងដែលឃាត់ដោយអ៊ីរ៉ង់។ រូបភាព៖Reuters
នាវាដឹកទំនិញកូរ៉េខាងត្បូងដែលឃាត់ដោយអ៊ីរ៉ង់។ រូបភាព៖Reuters
ដោយ:
​នៅ​ថ្ងៃទី​៥ មករា ក្រសួងការបរទេស​កូរ៉េខាងត្បូង អះអាងថា កំពុង​ពិចារណា​ឡើងវិញ​ពី​គម្រោង​ទស្សនកិច្ច​របស់​អនុរដ្ឋមន្ត្រី​ការបរទេស​ខ្លួន​របស់​នៅ​អ៊ីរ៉ង់ ក្រោយពេល​អ៊ីរ៉ង់​ចាប់​ឃាត់​នាវា​ដឹក​សារធាតុ​គីមី​របស់​កូរ៉េខាងត្បូង និង​ឃាត់ខ្លួន​នាវិក​ចំនួន​២០​រូប​ផ្សេងទៀត​។​

 
​ហេតុការណ៍​ឃាត់​នាវា​កូរ៉េខាងត្បូង​នៅ​ថ្ងៃទី​៤ មករា ដោយ​កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​នៅ កើតឡើង​ជិត​ច្រក​សមុទ្រ Hormuz ។ នាវា​របស់​កូរ៉េខាងត្បូង ផ្ទុក​សារធាតុ​អេតាណុល​ចំនួន​៧,២០០​តោន និង​មាន​នាវិក​ចំនួន​២០​នាក់ ក្នុងនោះ​១១​នាក់​ជនជាតិ​មី​យ៉ាន់​ម៉ា ៥​នាក់​ជនជាតិ​កូរ៉េខាងត្បូង ២​នាក់​ជនជាតិ​ឥណ្ឌូនេស៊ី និង​២​នាក់​ជនជាតិ​វៀតណាម​។ អ៊ីរ៉ង់ អះអាងថា​ខ្លួន​ឃាត់​នាវា​ខាងលើ​ដោយសារតែ​នាវា​នោះ​បំពុល​ទឹកជា​ច្រើនដង​។​
 
​លោកស្រី​Kang Kyung-wha រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងត្បូង​ប្រាប់​អ្នកកាសែត​នៅ​ថ្ងៃទី​៥​មករា​ថា កូរ៉េខាងត្បូង​កំពុង​ប្រើប្រាស់​យន្តការ​ការទូត​ជាមួយ​អ៊ីរ៉ង់​ដើម្បី​បាន​នាវា​មកវិញ ក៏ដូចជា​ដោះលែង​នាវិក​ទាំង​២០​នាក់​។ លោកស្រី​បញ្ជាក់ថា កូរ៉េខាងត្បូង​កំពុង​ស្វែងរក​ព័ត៌មាន​ទាំងឡាយ​ស្តីពី​ហេតុការណ៍ ក៏ដូចជា​ដោះស្រាយ​បញ្ហា​ខាងលើ​តាមរយៈ​ស្ថានទូត​របស់​ប្រទេស​ទាំងពីរ​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​Yonhap​។​
 
​ស្របពេល​ជាមួយគ្នានេះ ក្រសួងការពារជាតិ​កូរ៉េខាងជើង​បានចេញ​សេចក្តីថ្លែងការណ៍ អះអាងថា​ខ្លួន​បាន​បញ្ជូន​អង្គភាព​ប្រឆាំង​ចោរ​សមុទ្រ​ទៅ​ក្បែរ​ច្រក​សមុទ្រ Hormuz ដើម្បី​ធានា​សុវត្ថិភាព​របស់​ពលរ​ដ្ឋ​ខ្លួន​ដែរ​។​
 
​ការចាប់​ឃាត់​នាវា​កូរ៉េខាងត្បូង ត្រូវបាន​មើលឃើញថា ជាការ​ដាក់​សម្ពាធ​រប​ស់​ទីក្រុង​តេ​ហេ​រ៉ង់​លើ​ទីក្រុង​សេ​អ៊ូ​ល ដែល​បាន​បង្ក​កលុយ​៧​ពាន់​លាន​ដុល្លារ​កាលពី​ខែកញ្ញា ឆ្នាំ​២០១៩ ទៅតាម​ទណ្ឌកម្ម​របស់​អាមេរិក​។ ប្រទេស​ទាំងពីរ​ច​ចារ​ជាមួយគ្នា​ជាច្រើន​ខែ ហើយ​អនុរដ្ឋមន្ត្រី​ការបរទេស​កូរ៉េខាងត្បូង​ក៏មាន​គម្រោង​ទៅ​ទស្សនកិច្ច​នៅ​អ៊ីរ៉ង់​ដើម្បី​ព​ន្លឿ​ន​ការពិភាក្សា​នេះ​ទៀតផង​។ ប៉ុន្តែ​ក្រោយ​សកម្មភាព​អ៊ីរ៉ង់​បែបនេះ មន្ត្រីការទូត​កូរ៉េខាងត្បូង​អះអាងថា គម្រោង​ទស្សនកិច្ច​របស់លោក Choi Jong-kun ស្ថិតក្នុង​ភាពមិនច្បាស់លាស់​។ 
 
​ត្រឡប់​ទៅ​រឿង​បង្កក​ប្រាក់​របស់​អ៊ីរ៉ង់ ដោយ​កូរ៉េខាងត្បូង​វិញ កាលពី​ថ្ងៃទី​៣ មករា សារព័ត៌មាន​អ៊ីរ៉ង់ Tehran Times ចុះផ្សាយ​ថា អ៊ីរ៉ង់​សង្ឃឹមថា នឹង​ចរចា​បាន​កិច្ចព្រមព្រៀង​ជាមួយ​កូរ៉េខាងត្បូង ក្នុង​ការប្រើ​ប្រាក់​ដែល​បាន​បង្កក ដោយ​ដោះដូរ​ជាមួយ​វ៉ាក់សាំង និង​ទំនិញ​សំខាន់ៗ​ដូចជា​អាហារ និង​ឱសថ​ជាដើម​។​
 
​លោក Nam Chang-hee សាស្ត្រាចារ្យ​ការទូត​នៅ​សាកលវិទ្យាល័យ Inha University នៅ​កូរ៉េខាងត្បូង​អះអាងថា ដោយសារតែ​ខ្វះខាត​ប្រាក់ អ៊ីរ៉ង់​ប្រហែល​ជាមាន​ចេតនា​ក្នុង​ការដាក់​សម្ពាធ​ឲ្យ​កូរ៉េខាងត្បូង​ឲ្យ​ព​ន្លឿ​ន​ការចចារ​រឿង​ប្រាក់​ដែល​បាន​បង្កក​។ កន្លងមក អ៊ីរ៉ង់​ក៏​ធ្លាប់​ព្រមាន​ប្តឹង​កូរ៉េខាងត្បូង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ដោយសារតែ​ការចរចា​មាន​សភាព​យឺតយ៉ាវ​ពេក​។​
 
​ការឃាត់​នាវា​នេះ ក៏​អាចជា​ការផ្ញើ​សារ​ទៅកាន់​ប្រទេស​ដែលជា​សម្ព័ន្ធមិត្ត​អាមេរិក ដែល​រួម​ដៃ​អនុវត្ត​ទណ្ឌកម្ម និង​ជាការ​រំឭកថា អ៊ីរ៉ង់​គ្រប់គ្រង​បាន​ពេញដៃ​ច្រក​សមុទ្រ​Hormuz ដែលជា​កន្លែង​ឆ្លងកាត់​របស់​នាវា​យ៉ាងសំខាន់​៕
 
 

Tag:
 កូរ៉េខាងត្បូង​
  អ៊ីរ៉ង់
© រក្សាសិទ្ធិដោយ thmeythmey.com