ជាតិ
សង្គមជាតិ
រដ្ឋាភិបាល ដកហូត​ផ្ទៃ​បឹង​តា​មោក​៣០​ហិកតា​មកវិញ
05, Jan 2021 , 4:55 pm        
រូបភាព
ទិដ្ឋភាពបឹងតាមោក ថតពីលើ (រូប ថតចេញវីដេអូរនៃ Channel Youtube Thort Leng)
ទិដ្ឋភាពបឹងតាមោក ថតពីលើ (រូប ថតចេញវីដេអូរនៃ Channel Youtube Thort Leng)
​រដ្ឋាភិបាល បាន​និ​រាករ (​លុបចោល​) ចំពោះ​ការសម្រេច​កន្លង​មក ស្តីពី​ការ​កាត់​ផ្ទៃ​បឹង​តា​មោក​៣០​ហិកតា ទៅ​ឲ្យ​ស្ថាប័នរដ្ឋ​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី នៅ​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០២១​។



​សជណ បាន​ឲ្យ​ដឹងថា ផ្ទៃ​បឹង​តា​មោក​១៥​ហិកតា ដែល​រដ្ឋាភិបាល ប្រគល់ជូន​ក្រសួង​អភិវឌ្ឍន៍ជនបទ ដើម្បី​សាងសង់​ទីស្តីការ​ថ្មី​របស់ខ្លួន ត្រូវ​និ​រាករ​ចោល ហើយ​ផ្ទៃ​បឹង​តា​មោក​១៥​ទៀត ដែល​រដ្ឋាភិបាល​ប្រគល់​ឲ្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា និង អាជ្ញាធរ​មីន ដើម្បី​បង្កើត​ទីស្នាក់ការ​ថ្មី​នៃ​អង្គភាព​ទាំង​៣​នេះ ក៏ត្រូវ​និ​រាករ​ចោល​ដែរ​។ 
 
​ស​ជណនេះ គឺ​លោក ហ៊ីង ថូ​រ៉ា​ក់​ស៊ី រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី ជា​អ្នកចេញ​ជួស​លោក ប៊ិន ឈិន ជា​រដ្ឋមន្ត្រី ហើយ​បាន​ផ្ញើ​ជូនទៅ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ រដ្ឋមន្ត្រីក្រសួង​រ៉ែ អនុប្រធាន​ទី​១​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ និង អភិបាល​រាជធានី​ភ្នំពេញ​។ 
 
​នៅពេល​រដ្ឋាភិបាល និ​រាករ​ផ្ទៃដី​១៥​ហិកតា ដែល​ឲ្យ​ទៅ​ក្រសួង​អភិវឌ្ឍន៍ជនបទ សម្រាប់​បង្កើត​ទីស្តីការ​ថ្មី រដ្ឋាភិបាល បានសម្រេច​យក​ដី​និង​ទីស្តីការ​បច្ចុប្បន្ន​របស់​ក្រសួង​រៀបចំ​ដែនដី ប្រគល់​ឲ្យ​ក្រសួង​អភិវឌ្ឍន៍ជនបទ​ជំនួស​វិញ ហើយ​ដី​និង​ទីស្តីការ​បច្ចុប្បន្ន​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ ត្រូវប្រគល់​ទៅ​ឲ្យ​មន្ទីរ​រៀបចំ​ដែន​រាជធានី​ភ្នំពេញ​។ នេះ​បើ​ផ្អែកលើ​សជណ​ដដែល​។ 

​ទីស្តីការ​បច្ចុប្បន្ន​រប​ស់​ក្រសួង​អភិវឌ្ឍន៍ជនបទ ស្ថិតនៅតាម​បណ្តោយ​មហាវិថី​សហព័ន្ធរុស្ស៊ី សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា ហើយ​ទីស្តីការ​បច្ចុប្បន្ន​របស់​ក្រសួង​រៀបចំ​ដែនដី ស្ថិតនៅតាម​បណ្តោយ​មហាវិថី​ព្រះមុនីវង្ស សង្កាត់​បឹងត្របែក ខណ្ឌចំការមន​។ ក្រសួង​រៀបចំ​ដែនដី នឹងត្រូវ​ប្តូរ​ទៅ​ទីស្តីការ​ថ្មី ស្ថិតក្នុង​សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ​។ 
 
​សជណ បាន​ឲ្យ​ដឹង​ទៀតថា អង្គភាព​ទាំង​៣ ដែល​មិនបាន​ទៅ​បង្កើត​ទីស្នាក់ការ​ថ្មី​លើ​ផ្ទៃ​បឹង​តា​មោក ដោយសារតែ​រដ្ឋាភិបាល​និ​រាករ​ចោល​វិញ​នូវ​ការផ្តល់​ផ្ទៃ​បឹង​តា​មោក​ឲ្យ​នោះ នឹង​ទទួលបាន​ដី​និង​ទីស្តីការ​បច្ចុប្បន្ន​របស់​ក្រសួង​រ៉ែ ធ្វើជា​ទីស្តីការ​ថ្មី​រួមគ្នា​។ មានន័យថា អង្គភាព​ទាំង​៣​នេះ នឹង​រើ​ទៅធ្វើ​ការ​នៅ​ទីស្តីការ​បច្ចុប្បន្ន​របស់​ក្រសួង​រ៉ែ​ទាំងអស់គ្នា​។ សជណ ពុំបាន​បង្ហាញ​នោះទេ​ថា ទីតាំង​បច្ចុប្បន្ន​របស់​អង្គភាព​ទាំង​៣ នឹងត្រូវ​ទុក​ធ្វើ​អ្វី​ឬ​ប្រគល់​ទៅ​ឲ្យ​ខាង​ណា​។ 
 
​ទីតាំង​បច្ចុប្បន្ន គឺ​ក្រសួង​រ៉ែ ស្ថិតក្នុង​សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ ចំណែក គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា និង អាជ្ញាធរ​មីន សុទ្ធតែ​ស្ថិតក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​។ 
 
​សជណ ពុំបាន​បញ្ជាក់​ឡើយ​ថា ក្រសួង​រ៉ែ នឹងត្រូវ​ប្តូរ​ទៅ​ទីស្នាក់ការ​ថ្មី​នៅឯណា តែ​ទំនងជា​ប្តូរ​ទៅ​ទីស្តីការ​របស់​ក្រសួង​សាធារណៈ ដែល​ស្ថិតក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ ព្រោះ​កន្លងមក​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​សាធារណការ ធ្លាប់​អះអាងថា ទីស្តីការ​របស់​ក្រសួង​សាធារណការ នឹងត្រូវ​ប្រគល់ជូន​ក្រសួង​រ៉ែ​។ នៅ​ដើមខែ​មករា ឆ្នាំ​២០២១​នេះ ក្រសួង​សាធារណការ បាន​ប្តូរ​ទៅ​ទីស្តីការ​ថ្មី​ហើយ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ ជា សុផារ៉ា សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌឫស្សីកែវ​។  
 
​សជណ ក៏​ពុំបាន​លម្អិត​ព័ត៌មាន​ដែរ​ថា ផ្ទៃ​បឹង​តា​មោក​៣០​ហិកតា ដែល​ដកហូត​មកវិញ​នេះ នឹងត្រូវ​ប្រគល់​ឲ្យ​ស្ថាប័នរដ្ឋ​ឬ​វិស័យ​ឯកជន​ណាមួយ ឬក៏​រក្សាទុក ដោយ​មិន​ប្រគល់​ទៅ​ឲ្យ​ខាង​ណា​នោះទេ​។ 
 
​មកដល់ពេលនេះ គេ ឃើញ​មាន​អនុក្រឹត្យ​និង​សជណ​ចំនួន​១០​លើក​ហើយ ស្តីពី​ការ​កាត់​ផ្ទៃ​បឹង​តា​មោក​ឬ​បឹង​កប់​ស្រូវ ដែល​ស្ថិតនៅ​ប៉ែក​ខាងជើង​រាជធានី​ភ្នំពេញ ឲ្យ​ទៅ​ស្ថាប័នរដ្ឋ​និង​វិស័យ​ឯកជន​។ ផ្ទៃ​បឹង​តា​មោក ដែល​ត្រូវបាន​កាត់​ទាំង​១០​នោះ មាន​ទំហំ​សរុប​ប្រមាណ​៧២២​ហិកតា ក្នុងចំណោម​ផ្ទៃ​បឹង​ទាំងមូល​ជាង​៣,២​ពាន់​ហិកតា​។ ប៉ុន្តែ ដោយសារ​ពេលនេះ រដ្ឋាភិបាល បាន​ដកហូត​៣០​ហិកតា​មកវិញ ដូច្នេះ​ផ្ទៃ​បឹង​តា​មោក ដែល​ត្រូវ​កាត់​កន្លងមក បាន​ថយ​មក​នៅ​ប្រមាណ​៦៩២​ហិកតា​៕ 

Tag:
 បឹង​តា​មោក
© រក្សាសិទ្ធិដោយ thmeythmey.com