COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
Premier League បន្ត​ប្រកួត​ដដែល ទោះ​អង់គ្លេស​បិទ​ប្រទេស​ជាថ្មី ដោយសារ COVID-19
06, Jan 2021 , 8:29 am        
រូបភាព
​ក្របខណ្ឌ​កីឡាបាល់ទាត់ Premier League និង​កីឡា​អាជីព​ផ្សេងទៀត​នៅក្នុង​ប្រទេស​អង់គ្លេស​នឹងត្រូវ​អនុញ្ញាត​ឲ្យ​បន្ត​យុទ្ធនា​ការប្រកួត​ដដែល បើទោះបី​មានការ​ដាក់​កម្រិត​នៃ​ការបិទ​ប្រទេស​ជាថ្មី​ដោយសារ​ជំងឺ COVID-19​។ នេះ​បើតាម​ការប្រកាស​របស់​នាយករដ្ឋមន្ត្រី​អង់គ្លេស Boris Johnson នៅ​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០២១​។​


​ប្រជាជន​ដែល​រស់នៅ​ក្នុងប្រទេស​អង់គ្លេស​ត្រូវបាន​បញ្ជា​ឲ្យ​ស្នាក់នៅ​ក្នុងផ្ទះ ខណៈ​សាលារៀន​ក៏​នឹងត្រូវ​បិទទ្វារ​ផងដែរ​ចាប់​ពីថ្ងៃ​អង្គារ​ទី​៥ ខែមករា​នេះ​តទៅ​។ កាលពី​ថ្ងៃទី​៤ ម្សិលមិញ​អង់គ្លេស​បាន​រកឃើញ​ក​រ​ណី​ឆ្លង​ជំងឺ COVID-19 សារជាថ្មី​ដល់​ទៅ​ជាង​៥​ម៉ឺន​ករណី​ដែលជា​តួលេខ​ខ្ពស់​មួយ​ក្នុង​រយៈពេល​៧​ថ្ងៃ​ជាប់ៗ​គ្នា​។​
 
​ដោយសារ​មាន​ករណី​ឆ្លង​ច្រើន​បែបនេះ លោក Johnson នាយករដ្ឋមន្ត្រី​អង់គ្លេស​ក៏​ស​ម្រ​ច​ឲ្យ​មាន​ការបិទ​ប្រទេស​ជាថ្មី​ម្តងទៀត​។ វិធាន​ការដែល​រួមមាន​ការបិទ​សាលាបឋមសិក្សា និង​មធ្យមសិក្សា​នឹង​ចូល​ជាធរ​មាននៅ​ថ្ងៃ​៦ ខែមករា ស្របពេល​ស្កុ​តឡែ​ន​បានប្រកាស​វិធានការ​ស្រដៀង​គ្នា​នេះ​គិត​ចាប់ពី​ពាក់​កណ្តាលអធ្រាត្រ​រាត្រី​ថ្ងៃទី​៥ ខែមករា​។​
 
​យ៉ាងណាក៏ដោយ រដ្ឋាភិបាល​អង់គ្លេស បាន​លើកលែង​ករណី​មួយចំនួន​ជាពិសេស​ព្រឹត្តិការណ៍​កីឡា​កម្រិត​អាជីព​ដូចជា​កីឡាបាល់ទាត់​ទាំង​លី​គ​កំពូល​អង់គ្លេស​ផង និង​កីឡា​មាន​សក្ដានុពល​ផ្សេងទៀត​នៅក្នុង​អង់គ្លេស​ឲ្យ​ដំណើរការ​ដូច​ធម្មតា​ក្រោម​លក្ខខណ្ឌ​បិទទ្វារ​កីឡដ្ឋាន​។​
 
​មួយវិញទៀត លោក Johnson ក៏បាន​អនុញ្ញាត​ឲ្យ អ្នកលេង​កីឡា​យុវជន​ក្រោម​អាយុ​១៨​ឆ្នាំ​អាច​បន្ត​ការហ្វឹកហាត់​បាន​។ សម្រាប់​អ្នកធ្វើ​លំ​ហាត់ប្រាណ​នៅ​ខាងក្រៅ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ក្នុង​មួយថ្ងៃ​ម្តង​ផងដែរ​។ ដោយឡែក​ទីតាំង​ហាត់ប្រាណ ទីលាន​វាយ​កូន​បាល់ និង​វាយ​កូន​ហ្គោល​នឹងត្រូវ​បិទ​។​
 
​ការប្រកួត​បាល់ទាត់​នារី​ក្នុង​ពានរង្វាន់ FA Cup ដែល​ស្ថិត​ក្នុងចំណោម​ការប្រកួត​ដែល​មិនមាន​ការអភិវឌ្ឍ​ខ្ពស់​ក៏ត្រូវ​ពន្យារពេល​ផងដែរ​។​
 
​ក្របខណ្ឌ Premier League បាន​ដំណើរការ​ប្រកួត​រដូវ​កាល ២០២០-២១ នេះ បាន​ចំនួន​១៧​សប្តាហ៍​ហើយ​។ ក្នុង​រយៈពេល​ចុងក្រោយ​នេះ ការប្រកួត​របស់​ក្រុម​មួយចំនួន​ត្រូវ​លើក​ពេល​ប្រកួត​ផងដែរ ដ្បិត​ក្រុម​ពួកគេ​មាន​សមាជិក​ឆ្លង COVID-19 ច្រើន​៕
 

Tag:
 Premier League
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com