COVID-19
អន្តរជាតិ
ប្រមុខ WHO ខកចិត្ត​នឹង​ចិន ដែល​មិនទាន់​អនុញ្ញាត​ឲ្យ​អ្នកជំនាញ​ចូល​ស្រាវជ្រាវ​ប្រភព​កូ​វីដ​-១៩
06, Jan 2021 , 10:49 am        
រូបភាព
លោកTedros Adhanom Ghebreyesus អគ្គនាយកWHO។ រូបភាព៖AFP
លោកTedros Adhanom Ghebreyesus អគ្គនាយកWHO។ រូបភាព៖AFP
ដោយ:
​អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក (WHO) នៅ​ថ្ងៃទី​៥ មករា បង្ហាញ​ការខកចិត្ត​ខ្លាំង ក្រោយ​ចិន​មិនទាន់​អនុញ្ញាត​ឲ្យ​ក្រុមការងារ​អន្តរជាតិ​របស់​អង្គការ​នេះ ចូលទៅ​សិក្សា​ពី​ប្រភព​នៃ​ជំងឺឆ្លង​កូ​វីដ​-១៩​។ មកទល់ពេលនេះ ចិន​ពុំទាន់​កំណត់​ថ្ងៃជា​ក់លាក់​ឲ្យ​ក្រុមការងារ​WHO ចូល​ប្រទេស​ខ្លួន​នៅឡើយ​ទេ ខណៈ​អ្នកជំនាញ​កំពុង​រង់ចាំ​ការអនុញ្ញាត​ពី​រដ្ឋាភិបាល​ប៉េកាំង​។

 
 
​មួយឆ្នាំ​ក្រោយ​ជំងឺ​កូ​វីដ​-១៩ បាន​ផ្ទុះឡើង​នៅ​ក្រុង​វូ​ហាន រដ្ឋាភិបាល​ចិន យល់ព្រម​ឲ្យ​អ្នកជំនាញ​អន្តរជាតិ​ចូលទៅ​កាន់​ប្រទេស​ខ្លួន​ដើម្បី​ស៊ើបអង្កេត​ពី​ប្រភព​នៃ​ជំងឺ​រាតត្បាត​នេះ​។ ក្រុមការងារ​ដែលមាន​អ្នកជំនាញ​ចំនួន​១០​រូប ត្រូវបាន​រំពឹងថា​នឹង​ទៅដល់​ចិន នា​ដើមខែ​មករា​ឆ្នាំ​២០២១​នេះ​។ ប៉ុន្តែ​មកដល់ពេលនេះ ក្រុម​ស្រាវជ្រាវ​អន្តរជាតិ មិនទាន់​ជាន់​ទឹកដី​ចិន​នៅឡើយ​ទេ​។​
 
 
 
 
«​ថ្ងៃនេះ យើង​ដឹងថា មន្ត្រី​ចិន មិនទាន់​សម្រេចការ​អនុញ្ញាត​ចាំបាច់​ដើម្បី​ឲ្យ​ក្រុម​អ្នកជំនាញ​ចូល​ប្រទេស​ចិន​ឡើយ​»​។ នេះ​ជាការ​លើកឡើង​របស់លោក Tedros Adhanom Ghebreyesus ប្រមុខ​WHO ប្រាប់​អ្នកកាសែត​ក្នុង​សន្និសីទ​សារព័ត៌មាន​អន​ឡាញ​នៅ​ថ្ងៃទី​៥ ខែមករា​។ លោក​Tedros រំឭក​អាជ្ញាធរ​ចិន​ថា បេសកកម្ម​ស្រាវជ្រាវ​របស់​អ្នកជំនាញ ជា​អាទិភាព​របស់ WHO ។ 
 
​តាម​គម្រោង​បេសកកម្ម​ស្រាវជ្រាវ​រក​ប្រភព​ជំងឺ​កូ​វីដ​-១៩ នឹង​ដឹកនាំ​ដោយ​លោក Peter Ben Embarek អ្នកជំនាញ​ផ្នែក​ជំងឺឆ្លង​ពី​សត្វ​របស់ WHO ។ លោក Ben Embarek ធ្លាប់បាន​ទៅ​ទស្សនកិច្ច​នៅ​ចិន​ក្នុង​ខែកក្កដា ឆ្នាំ​២០២០ ដើម្បី​ស្រាវជ្រាវ​ដំណាក់កាល​ដំបូង​ពី​ជំងឺ​នេះ​។ 
 
​លោក Mike Ryan ប្រធាន​ផ្នែក​កិច្ចការ​អាសន្ន​របស់ WHO និយាយថា អ្នកជំនាញ​ចំនួន​២​រូប បានធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ចិន​ហើយ​ប៉ុន្តែ​មិនទាន់​ទៅដល់​នៅឡើយ​។ លោក​បន្តថា មន្ត្រី​មួយរូប បាន​ត្រឡប់មកវិញ និង​មួយរូប​ទៀត​កំពុង​ជាប់​នៅ​ប្រទេស​ទី​បី​។ លោក Ryan សង្ឃឹមថា បញ្ហា​ដែល​កើតឡើង​គ្រាន់តែ​ជា​រឿង​ភ័ស្តុភារ និង​ការិយាធិបតេយ្យ​ដែល​អាច​នឹង​ដោះស្រាយបាន​យ៉ាង​រហ័ស​។​
 
​ស្របពេល​បេសកកម្ម​ស្ថិតក្រោម​ការរង់ចាំ ចិន ត្រូវបាន​មើលឃើញថា ព្យាយាម​កែប្រែ​ដំណើររឿង​ជំងឺ​កូ​វីដ​-១៩ ។ នៅ​ថ្ងៃទី​២ ខែមករា លោក វ៉ាង យី ប្រមុខ​ការទូត​ចិន អះអាងថា ការសិក្សា​ជាច្រើន​បង្ហាញថា កូ​វីដ​-១៩ ផ្ទុះឡើង​នៅ​តំបន់​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក​។ ឯ​សារព័ត៌មាន​រដ្ឋ​ចិន​ធ្លាប់​លើកឡើងថា ជំងឺ​កូ​វីដ​-១៩ មាន​ប្រភព​ក្រៅ​ទឹកដី​ចិន ហើយ​ចូលមក​ទឹកដី​ខ្លួន​តាមរយៈ​អាហារ​ដែល​នាំចូល ឬ​អត្ត​ព​លិ​ក​បរទេស​ដែល​ចូលរួម​កីឡា​យោធា​នៅ​ក្រុង​វូ​ហាន​ក្នុង​ខែតុលា ឆ្នាំ​២០១៩ ក៏​ថា​បាន​។​
 
​អាជ្ញាធរ​ចិន បាន​ជូនដំណឹង​ទៅ WHO ស្តីពី​ជំងឺ​ផ្លូវដង្ហើម​ប្រភេទ​ថ្មី នៅ​ថ្ងៃទី​៣១ ធ្នូ ឆ្នាំ​២០១៩ ក្រោយ​មាន​ករណី​ផ្ទុះ​ជំងឺ​មិន​ធ្លាប់មាន​នេះ​ក្នុង​ក្រុង​វូ​ហាន​។ តាំងពី​ពេលនោះ​មក អាមេរិក​បាន​ចោទប្រកាន់​ចិន​ថា លាក់បាំង​ពី​ការផ្ទុះ​ជំងឺឆ្លង​នេះ និង​ក៏បាន​ទាមទារ​ផងដែរ​ឲ្យ WHO ស៊ើបអង្កេត​ដោយមាន​តម្លាភាព​ចំពោះ​ការផ្ទុះ​ឡើង​នេះ​។ ចំពោះ​ការស្រាវជ្រាវ​នេះ អាមេរិក​ក៏​រិះគន់ WHO ដែរ ចំពោះ​ការអនុញ្ញាត​ឲ្យ​អ្នកវិទ្យាសាស្ត្រ​ចិន​ចូលរួម​ក្នុងការ​ស្រាវជ្រាវ​ដំណាក់កាល​ដំបូង​៕
 
 
 
 
 

Tag:
 ចិន​
 ​កូ​វីដ​-១៩
 WHO
© រក្សាសិទ្ធិដោយ thmeythmey.com