ជាតិ
សង្គមជាតិ
បាក់​អគារ​នៅ​កែប ឆ្នាំមុន​៖ តុលាការ​នឹង​ប្រកាស​សាលក្រម​នៅ​សប្តាហ៍​ក្រោយ ខណៈ​NGO​ទាមទារ​យុត្តិធម៌​ដល់​ជនរងគ្រោះ​
06, Jan 2021 , 11:06 am        
រូបភាព
រូបទិដ្ឋភាព​​​​អ្នក​ជួយសង្រ្គោះ​កម្មករ​​ដែលរងគ្រោះ​ដោយសារ​បាក់រលំអគារនៅខេត្តកែប កាលពីថ្ងៃទី​៣ ខែ​មករា ឆ្នាំ២០២០​ (រូបពីBWTUC)
រូបទិដ្ឋភាព​​​​អ្នក​ជួយសង្រ្គោះ​កម្មករ​​ដែលរងគ្រោះ​ដោយសារ​បាក់រលំអគារនៅខេត្តកែប កាលពីថ្ងៃទី​៣ ខែ​មករា ឆ្នាំ២០២០​ (រូបពីBWTUC)
​ភ្នំពេញ​៖ សហព័ន្ធ​សហជីព​កម្មករសំណង់ និង​ព្រៃឈើ​(BWTUC) បានធ្វើ​យុទ្ធនា​ការទាមទារ​យុត្តិធម៌ ដល់​គ្រួសារ​ជនរងគ្រោះ ដោយសារ​ការ​រលំ​អគា​រ​នៅ​ខេត្ត​កែប ក្រោយ​សំណុំ​រឿងនេះ អូរ​បន្លាយ​ជាង​១​ឆ្នាំ​មកហើយ ។ ប៉ុន្តែ​មេធាវី​ស្ម័គ្រចិត្ត​សម្ដេច​ហ៊ុន សែន ទទួលបន្ទុក​ខេត្ត​កែប អះអាងថា សំណុំ​រឿងនេះ ដោះស្រាយ​រួចហើយ រង់ចាំតែ​ប្រកាស​សាលក្រម នៅ​ថ្ងៃទី​១៣ មករា ២០២១ ប៉ុណ្ណោះ​។



​សហព័ន្ធ​សហជីព​កម្មករសំណង់ និង​ព្រៃឈើ បានធ្វើ​យុទ្ធនាការ​រយៈពេល​១០​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​៣​មករា ដែលជា​ខួប​១​ឆ្នាំ​នៃ​ការ​រលំ​អគារ​នៅ​កែប ដោយ​សមាជិក​នៃ​សហ​ជិព​របស់ខ្លួន បាន​លើក​សារ​ទាមទារ​និង​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​ដើម្បី​រក​យុត្តិធម៌​ដល់​គ្រួសារ​ជនរងគ្រោះ​។ សារ​ទាំងអស់នោះ​សរសេរថា «​ឈប់​ធ្វើ​ឲ្យ​កម្មករសំណង់​ស្លាប់ទៀ​តទៅ​! បញ្ឈប់​នៅពេល​នេះ​!», «​អ្នកធ្វើ​ឲ្យ​កម្មករ​ស្លាប់​ត្រូវមាន​ទោ​ស‌​! » និង «​យុត្តិធម៌​ត្រូវតែមាន​សម្រាប់​ជនរងគ្រោះ​»​ជាដើម​។ 
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក សូ ឆ្លូញ អនុប្រធាន BWTUC អះអាងថា ជនរងគ្រោះ​នៃ​ការ​រលំ​អគារ​នៅ​ខេត្ត​កែប ស្លាប់​៣៦​នាក់ ក្នុងចំណោម​៥៩​នាក់ ។ បើតាម​លោក សូ ឆ្លូញ គ្រួសារ​ជនរងគ្រោះ​ទាំងនោះ មិនទាន់​ទទួលបាន​យុត្តិធម៌​តាមផ្លូវ​ច្បាប់​នៅឡើយ​ទេ ហើយ​ដំណើរការ​នីតិវិធី​របស់​តុលាការ​ក៏​មិនឃើញ​មាន​ដែរ​។ ដោយសារ​មូលហេតុ​នេះហើយ ទើប​លោក សូ ឆ្លូញ ធ្វើ​ខួប​១​ឆ្នាំ​និង​យុទ្ធនាការ​ទាមទារ​រក​យុត្តិធម៌ ដើម្បី​ជំរុញ​ឲ្យ​តុលាការ​ព​ន្លឿ​ន​នីតិវិធី​ក្នុង​រក​យុត្តិធម៌​។ 
 
​លោក សូ ឆ្លូញ ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​យើង​ធ្វើ​យុទ្ធនាការ​នេះ គឺ​ដើម្បី​ធ្វើយ៉ាងណា​ជំរុញ​ឲ្យ​តុលាការ រដ្ឋាភិបាល ព​ន្លឿ​ន​កា​របើ​សាវ​ការលើក​ករណី​រលំ​អគា​រ​នៅ​កែប​។ យើង​ចង់បាន​នូវ​យុត្តិធម៌ មួយឆ្នាំ​ហើយ​មិនទាន់​ឃើញ​មាន​។ កើតហេតុ​ដំបូង​ឃើញ​ឃាត់ខ្លួន​ម្ចាស់​សាងសង់ ប៉ុន្តែ​បែរជា​ឃើញ​ដោះលែង​វិញ​»​។ 
 
​លោក សូ ឆ្លូញ ពុំទាន់​ទទួលបាន​ព័ត៌មាន​ពី​នីតិវិធីតុលាការ​ឡើយ ក្រៅពី​ដឹងថា ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្ដេច ហ៊ុន សែន ជា​អ្នក​ជួយ​ដោះស្រាយ​ដល់​ក្រុមគ្រួសារ​ជនរងគ្រោះ​។​
 
​អ្នកស្រី ឈូក ស៊ូ ជា​ម្ដាយ​របស់​ជនរងគ្រោះ​ឈ្មោះ នាក់ សម័យ ដែល​បាន​ស្លាប់​នៅក្នុង​ករណី​បាក់​រលំ​អគារ​នៅ​ខេត្ត​កែប​នោះ បានធ្វើ​បុណ្យសព​គម្រប់​ខួប​១​ឆ្នាំ​ឲ្យ​កូនប្រុស​ខ្លួន​ហើយ កាលពី​ថ្ងៃទី​៣ មករា ឆ្នាំ​២០២១​នេះ​។​ចំពោះ​ការស្លាប់​របស់​កូនប្រុស​ពៅ វ័យ​១៥​ឆ្នាំ​របស់ខ្លួន​នេះ អ្នកស្រី ឈូក ស៊ូ ក៏បាន​ទទួល​ថវិកា​៥​ម៉ឺន​ដុល្លារ​ពី​រដ្ឋាភិបាល និង​ប្រាក់ឧបត្ថម្ភ​ផ្សេងៗ​ពី​សម្បុរ​សជន​ដែរ​។ 
 
​នៅពេល​សួរនាំ​ពី​រឿង​ដោះស្រាយ​បញ្ហា​ច្បាប់​នៃ​ការស្លាប់​របស់​កូនប្រុស​ខ្លួន តាមផ្លូវ​តុលាការ​នោះ អ្នកស្រី ស៊ូ ហាក់​ពិបាក​ឆ្លើយ​បន្តិច ដោយសារ​មិន​យល់​ពី​នីតិវិធី​ផ្លូវច្បាប់ ហើយ​មិនដឹងថា​តុលាការ​នឹង​ដោះស្រាយ​បែបណា​ទៀត ចំពោះ​ការស្លាប់​របស់​កូនប្រុស​ខ្លួន និង​ជនរងគ្រោះ​ដទៃទៀត​។​
 
«​ខ្ញុំ​មិនដឹង​វែកញែក​យ៉ាងណា​ត្រូវ​ទេ ព្រោះ​ខ្ញុំ​អត់​សូវ​ចេះ​(​ច្បាប់​) ខ្ញុំ​អត់​សូវ​យល់​ពី​(​ច្បាប់​)វា។ ខ្ញុំ​ប្រាប់​ត្រង់​ថា ខ្ញុំ​វា​ល្ងង់​ហ្មង​»​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកស្រី ឈូក ស៊ូ ដែល​រស់នៅ​ក្នុងភូមិ​បុះ​ត្របែក ឃុំ​ត្រពាំង​ព្រីង ស្រុក​ទឹកឈូ ខេត្តកំពត ។​


កម្មករសំណង់ចូលរួមយុទ្ធនាការទាមទារយុត្តិធម៌ដល់ជនគ្រោះនៃការរលំអគារនៅកែប។ (រូបពី BWTUC) 

​ចំណែក​គ្រួសារ​ជនរងគ្រោះ​ផ្សេងទៀត ដែល​សារព័ត៌មាន​ថ្មីៗ ធ្លាប់មាន​លេខ​ទំនាក់ទំនង​នោះ គឺ​ទាក់ទង​មិនបាន​ដោយ​លេខ​ទូរ​សព្ទ​ខ្លះ ឈប់​ប្រើ និង​ខ្លះទៀត​ប្ដូរ​លេខ​។​
 
​ជុំវិញ​ករណីនេះ លោក មឿ​ន តុលា ប្រធាន​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ហៅ​កាត់​សង់​ត្រា​ល់ បាន​សង្កត់ធ្ងន់ថា យុត្ត​ធម៌​សម្រាប់​ជនរងគ្រោះ​ដោយសារ​បាក់​អគារ​នៅ​កែប រួមទាំង​ព្រះសីហនុ មាន​សង្ឃឹ​មតិ​ចណាស់ ព្រោះ​ដំណើរការ​តុលាការ​មិនឃើញ​ទៅមុខ​សោះ​។ លោក​បន្តថា ជំនួយ​សប្បុរសជន​ដែល​គ្រួសារ​ជនរងគ្រោះ​ទទួលបាន​កន្លងមក មិនមែន​ដោះស្រាយ​តាមផ្លូវ​ច្បាប់​នោះទេ​។ 
 
​ទន្ទឹមនឹងនេះ​អនុប្រធាន BWTUC លោក សូ ឆ្លូញ បាន​បញ្ជាក់ថា បើ​ដំណើរ​ការរក​យុត្តិធម៌​នេះ នៅតែ​អូសបន្លាយ​បន្តទៀត សមាជិក​លោក​នៅតែ​បន្ត​ទាមទារ ដោយ​ជ្រើស​យក​ថ្ងៃ​ពិសេស​នៃ​សិទ្ធិ​កម្មករ សិទ្ធិមនុស្ស​និង​ការងារ​ជាដើម ធ្វើ​យុទ្ធនាការ​នេះ​។ មិនតែប៉ុណ្ណោះ ក៏​នឹងមាន​ការដាក់​ញា​ត្តិ រួមទាំង​ពិភាក្សា​ជាមួយ​សង្គម​ស៊ីវិល ឬ​សហជីព​ផ្សេង ដើម្បី​បន្ត​ការទាមទារ​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ​ដោយសារ​បាក់​រលំ​អគារ​នេះ​។  
 
​មេធាវី​ស្ម័គ្រចិត្ត​របស់​សម្ដេច ហ៊ុន សែន លោកស្រី មួង ធនលាភី ទទួលបន្ទុក​ខេត្ត​កែប​និង​កំពត អះអាងថា សំណុំរឿង​បាក់​អគារ​នេះ ត្រូវបាន​តុលាការ​ដោះស្រាយ​ចប់​ហើយ រង់ចាំតែ​ប្រកាស​សាល​ក្រុម​ប៉ុណ្ណោះ ។ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ នៅ​ថ្ងៃទី​៥​មករា មេធាវី​រូបនេះ បាន​បញ្ជាក់ថា​៖ «​សំណុំ​រឿងនេះ​ត្រូវបាន​កាត់សេចក្ដី​រួចហើយ​, ហើយ​តុលាការ​នឹង​ប្រកាស​សាលក្រម​នៅ​ថ្ងៃទី​១៣​មករា ម៉ោង​៨​កន្លះ​ព្រឹក​នៅ​សាលាដំបូង​ខេត្តកំពត​»​។ 
 
​តែ​យ៉ាងណា​លោកស្រី មួង ធនលាភី មិនអាច​លម្អិត​ពី​ការជំនុំជម្រះ​ក្តី​នេះឡើយ ដោយសារ​ស្នើ​ឲ្យ​សាកសួរ​ទៅ​លោក គី តិច ប្រធាន​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​របស់​សម្ដេច ហ៊ុន សែន​។ ជាមួយគ្នានេះ លោក គី តិច សុំ​មិន​និយាយ​តាម​ទូរ​សព្ទ​ទេ ដោយ​ស្នើ​ឲ្យ​សារព័ត៌មាន​ថ្មីៗ សាកសួរ​លោក​តាម​ប្រព័ន្ធ Telegram ។ ប៉ុន្តែ​ពេល​សារព័ត៌មាន​ផ្ញើ​សំនួរ​ទៅហើយ លោក គី តិច ក៏បាន​ឃើញ​ហើយ​ដែរ តែ​មិនបាន​ឆ្លើយ​សារ​តាម​ប្រព័ន្ធ Telegram នេះឡើយ​។ 
 
​គួររម្លឹកថា កាលពី​ថ្ងៃទី​៣ មករា ឆ្នាំ​២០២០ មាន​ករណី​បាក់​អគារ​៧​ជាន់ នៅ​ក្រុងកែប ខេត្ត​កែប បណ្ដាល​កម្មករសំណង់​៣៦​នាក់​ស្លាប់ ក្នុងចំណោម​៥៩​នាក់​។ ចំពោះ​គ្រោះថ្នាក់​ឧ​ប​ទ្ទេវ​ហេតុនេះ ត្រូវបាន​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ក្រោយ​បញ្ចប់​ការសង្គ្រោះ​ពលរដ្ឋ កាលពី​ថ្ងៃទី​៥ មករា ឆ្នាំ​២០២០​ថា ដើមចម​ដែល​នាំ​ឲ្យ​បាក់​រលំ​អគារ​នោះ ដោយមាន​បញ្ហា​កំហុស​បច្ចេកទេស​ធំ​២​ចំណុច ក្នុងនោះ គឺ​មេការ​សំណង់​ប្រើប្រាស់​ដែក​សាងសង​មិន​ត្រឹមត្រូវ និង​ការដក​ពុ​ម្ភ​ប្លង់​សេ​មុន​កាលកំណត់ ដែល​ធ្វើ​ឲ្យ​សំណង់​អគារ​មិន​រឹងមាំ​។ តែ​យ៉ាងណា​មេការ​សំណង់​នោះ ក៏បាន​ស្លាប់​ក្នុង​ហេតុការណ៍​បាក់​អគារ​នេះដែរ​។​
 
​ដោយឡែក​ម្ចាស់​សំណង់​អគារ​៧​ជាន់ ដែលមាន​ឈ្មោះ ឯក សារុន និង​ភរិយា ក៏​ត្រូវបាន​សមត្ថកិច្ច​បញ្ជូនទៅ​តុលាការ ក្រោយ​ហេតុការណ៍​បាក់​អគារ​នេះ ។ ប៉ុន្តែ​ពួកគេ​ទាំងពីរ ត្រូវបាន​ដោះលែង​វិញ បន្ទាប់ពី​តម្កល់​ប្រាក់​ធានា​នៅក្រៅ​ឃុំ​៕
 

Tag:
 រលំ​អគារ​
  កែប​
  សំណង់
© រក្សាសិទ្ធិដោយ thmeythmey.com