អន្តរជាតិ
មេដឹកនាំ​កូរ៉េខាងជើង ទទួលស្គាល់​បរាជ័យ​នៃ​ផែនការ​សេដ្ឋកិច្ច​៥​ឆ្នាំ​របស់ខ្លួន​
06, Jan 2021 , 11:46 am        
រូបភាព
លោក គីម ជុងអ៊ុន ប្រមុខដឹកនាំកូរ៉េខាងជើង ថ្លែងក្នុងសមាជបក្សពលករលើកទី៨ នៅក្នុងទីក្រុងព្យុងយ៉ាង នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២១។ រូបថត KCNA
លោក គីម ជុងអ៊ុន ប្រមុខដឹកនាំកូរ៉េខាងជើង ថ្លែងក្នុងសមាជបក្សពលករលើកទី៨ នៅក្នុងទីក្រុងព្យុងយ៉ាង នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២១។ រូបថត KCNA
​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន បានទទួល​ស្គាល់​បរាជ័យ​ក្នុងការ​អនុវត្ត​ផែនការ​សេដ្ឋកិច្ច​នៅពេល​៥​ឆ្នាំកន្លងមក​ព្រោះ​មាន​ឧបសគ្គ​ជាច្រើន​។ លោក គីម លើកឡើង​បែបនេះ​ក្នុង​សមាជ​បក្ស​ពលករ​លើក​ទី​៨ ដែល​បើក​ថ្ងៃទី​៥ ខែមករា​។ ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង បាន​សន្យាថា នឹងមិន​ជាន់​ដាន​ចាស់​របស់ខ្លួន​ឡើយ​។ គេ​រំពឹងថា តាមរយៈ​សមាជ​នេះ កូរ៉េខាងជើង នឹងដាក់​ចេញ​ផែនការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​គោលនយោបាយ​ការបរទេស​ថ្មី​សម្រាប់​ឆ្នាំ​ខាងមុខ​បន្តទៀត​។

 
​សមាជ​បក្ស​លើក​ទី​៨ របស់​បក្ស​ពលករ​កូរ៉េខាងជើង​ដែល​គេ​រង់ចាំ​ច្រើន​ថ្ងៃ ចាប់ផ្ដើម​ហើយ​នៅ​ថ្ងៃទី​៥ ខែមករា​។ បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KNCA លោក គីម ជុង​អ៊ុន ប្រធាន​បក្ស​ពលករ​កូរ៉េខាងជើង បាន​ថ្លែង​សារបើ​កម្មវិធី​ទៅកាន់​សមាជ​បក្ស​ដ៏​កម្រ​ដែល​ធ្វើ​នៅ​ទីក្រុង​ព្យុងយ៉ាង ជាមួយ​វត្តមាន​មេដឹកនាំ​បក្ស​ចំនួន ២៥០​រូប​, សមាជិក​បក្ស​ចូលរួម​ចំនួន ៤៧៥០​នាក់ និង​អ្នកសង្កេតការណ៍​ចំនួន ២០០០​នាក់​ផ្សេងទៀត​។​
 
​ថ្លែង​នៅ​ចំពោះមុខ​សមាជិក​សមាជ មេដឹកនាំ​កូរ៉េខាងជើង បានទទួល​ស្គាល់​បរាជ័យ​នៃ​ផែនការ​សេដ្ឋកិច្ច​របស់ខ្លួន ដែល​បាន​ដាក់ចេញ​កាលពី​សមាជ​ចុងក្រោយ​ឆ្នាំ​២០១៦​។ «​យុទ្ធសាស្ត្រ​អភិវឌ្ឍ​សេដ្ឋកិច្ច​រយៈពេល ៥​ឆ្នាំ បានបញ្ចប់​នៅ​ឆ្នាំមុន ប៉ុន្តែ​លទ្ធផល​នៅក្នុង​វិស័យ​ជាច្រើន មិនបាន​ទទួល​ដូច​អ្វីដែល​យើង​កំណត់ទុក​ឡើយ​»​។ លោក គីម បានលើកឡើង​បែបនេះ ដោយ​បន្ថែមថា បរាជ័យ​នេះ ជា​បញ្ហា​អាក្រក់​សម្រាប់​ប្រទេស​។ 
 
​ចាប់តាំងពី​ដាក់ចេញ​ផែនការ​សេដ្ឋកិច្ច​រយៈពេល ៥​ឆ្នាំ​នៅក្នុង​ឆ្នាំ​២០១៦ កន្លងមក កូរ៉េខាងជើង បាន​ប្រឈម​បញ្ហា​ជាច្រើន​ដូចជា ទណ្ឌកម្ម​អាមេរិក គ្រោះធម្មជាតិ ជំងឺ​រាតត្បាត​សកល​កូ​វីដ​-១៩​ដែល​បង្ខំ​ឲ្យ​កូរ៉េខាងជើង​បិទ​ប្រទេស​របស់ខ្លួន​ជាដើម​។​
 
​ដើម្បី​ដោះស្រាយ​នេះ ប្រធាន​បក្ស​ពលករ​កូរ៉េខាងជើង​រូបនេះ បាន​ប្តេជ្ញា​ពង្រឹងសមត្ថភាព​ប្រទេស​ឲ្យ​កាន់តែខ្លាំង​ជាង​មុន និង​បង្កើន​សមត្ថភាព​ក្នុង​ការពឹង​ផ្អែកលើ​ខ្លួនឯង ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំង​នៅក្នុងពេល​បច្ចុប្បន្ន និង​ពេលខាងមុខ​។ លោក​គីម ក៏​សន្យា​ទៀតថា កូរ៉េខាងជើង នឹងមិន​ជាន់​ដាន​ចាស់​របស់ខ្លួន​ទៀតឡើយ​។​
 
​អំឡុង​សមាជ​នេះ គេ​រំពឹងថា កូរ៉េខាងជើង នឹង​ដាក់ចេញ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​សេដ្ឋកិច្ច​រយៈពេល ៥​ឆ្នាំ មួយទៀត សំដៅ​ពង្រឹង​ខឿនសេដ្ឋកិច្ច​ដែល​ទ្រុឌទ្រោម​។ ទន្ទឹមនេះ លោក គីម ក៏បាន​លើកឡើង​ពី​គោលនយោបាយ ដើម្បី​កែលម្អ​ការបង្រួបបង្រួម​ជាតិ ការកែលម្អ​ទំនាក់ទំនង​ជាមួយ​ប្រទេស​ដទៃ និង​ពង្រឹង​កិច្ចការ​នៅក្នុង​បក្ស​ផងដែរ​។ 
 
​សមាជ​បក្ស​ពលករ​កូរ៉េខាងជើង​ឆ្នាំនេះ បាន​ទាញ​ចំណាប់អារម្មណ៍​ពី​ប្រទេស​មួយចំនួន​យ៉ាងខ្លាំង ពិសេស​កូរ៉េខាងត្បូង និង​អាមេរិក​ជាដើម​។ នយោបាយ​ការបរទេស​ថ្មី ជំហរ​ក្នុង​ការរំសាយ​នុយក្លេអ៊ែរ ទំនាក់ទំនង​ជាមួយ​សេ​អ៊ូ​ល និង​វ៉ាស៊ីនតោន សុទ្ធតែជា​រឿង​គេ​រង់ចាំ​មើ​ក ស្របពេល​ប្រធានាធិបតី​ជាប់ឆ្នោត លោក ចូ បៃ​ឌិន ជិត​ដល់​ថ្ងៃ​ប្រកាស​ចូលកាន់​តំណែង​ថ្ងៃទី​២០ ខែមករា​។ 
 
​លើសពីនោះ អំឡុង​កិច្ចប្រជុំ​នេះ អ្នកជំនាញ​មួយចំនួន ក៏​កំពុង​ផ្តោតទៅលើ​ប្អូនស្រី​របស់លោក គឺ​លោកស្រី គីម យូ​ជុង​។  តើ​លោកស្រី​អាច​នឹងត្រូវ​ផ្តល់​តួនាទី​កាន់តែ​ខ្ពស់ជាង​មុន​ឬ​អត់ ជា​អ្វី​សំណួរ​រង់ចាំ​ចម្លើយ​៕

Tag:
 ​កូរ៉េខាងជើង​
  គីម ជុង​អ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com