សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការជំនុំជម្រះក្តីលើលោក រ៉ុង ឈុន មេសហជីពលេចធ្លោមួយរូប និងយុវតីម្នាក់ទៀត គឺ កញ្ញា ស កណិកា នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១។ នេះបើតាមលោក សំ សុគង់ មេធាវីការពារក្តីឲ្យពួកគាត់ ដែលប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទ នៅព្រឹកថ្ងៃទី៦ ខែមករា។
លោក រ៉ុង ឈុន ត្រូវចាប់ខ្លួន កាលពីចុងខែកក្កដា ឆ្នាំ២០២០ ក្រោមការចោទប្រកាន់ថា បំភ្លៃរឿងព្រំដែន។ ឯកញ្ញា ស កណិកា ស្ថិតក្នុងចំណោមយុវជន-យុវតីផ្សេងទៀត ដែលត្រូវចាប់ខ្លួន ដោយសារតែការទៅចូលរួមទាមទារឲ្យលែងលោក រ៉ុង ឈុន។ ទាំងលោក រ៉ុង ឈុន ទាំងកញ្ញា ស កណិកា និងយុវជន-យុវតីផ្សេងទៀត សុទ្ធតែត្រូវចោទពីបទញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម។
លោកមេធាវី សំ សុគង់ បញ្ជាក់ថា លោក នឹងទៅចូលរួមសវនាការ ដើម្បីការពារក្តីឲ្យលោក រ៉ុង ឈុន តាមផ្លូវច្បាប់ ហើយលោក រ៉ុង ឈុន ដែលកំពុងជាប់ពន្ធនាគារនៅព្រៃស ក៏នឹងមានវត្តមានក្នុងសវនាដែរ។
លោក ចាត់ទុកថាជាការបញ្ចេញមតិ ចំពោះការលើកឡើងរបស់លោក រ៉ុង ឈុន និង យុវជនផ្សេងទៀត ពាក់ព័ន្ធនឹងរឿងព្រំដែន។ លោក បន្តថា ការបញ្ចេញមតិ មិនមែនជាបទល្មើសឡើយ តែជាសិទ្ធិរបស់ពួកគាត់ ដែលមានចែងនិងធានាក្នុងរដ្ឋធម្មនុញ្ញកម្ពុជា។
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោកមេធាវី មានប្រសាសន៍ថា៖«ចំពោះការសម្រេចសេចក្តី [របស់តុលាការ] យ៉ាងណា យើង ចាំមើលសិន យើងមិនអាចសន្និដ្ឋានបាននោះទេ»។
ក្នុងអំឡុងខែកក្កដា ឆ្នាំ២០២០ លោក រ៉ុង ឈុន បានចុះទៅមើលតាមព្រំដែន ស្ថិតក្នុងឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ បន្ទាប់មក លោក បានចេញសេចក្តីថ្លែងការណ៍មួយ ដោយអះអាងថា ការបោះបង្គោលព្រំដែនមួយចំនួន មានភាពមិនប្រក្រតីច្រើន ដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរ បាត់បង់ដីជាច្រើនហិកតា ទៅខាងវៀតណាម ហើយអាជ្ញាធរវៀតណាម ថែមទាំងបានបំពានចូលមកដីខ្មែរទៀតផង។ លោក លើកឡើងថា អ្វីដែរលោក សរសេរក្នុងសេចក្តីថ្លែងការណ៍ គឺយោងតាមការរាយការណ៍របស់ប្រជាពលរដ្ឋ។
បន្ថែមពីនេះ លោក ក៏បានផ្តល់បទសម្ភាសដល់វិទ្យុអាស៊ីសេរីផងដែរ ជុំវិញបេសកកម្មរបស់លោក ក្នុងការចុះទៅមើលតំបន់ព្រំដែននៅខេត្តត្បូងឃ្មុំ។ បន្ទាប់មក លោក ក៏ត្រូវកម្លាំងសមត្ថកិច្ច ចូលទៅចាប់ខ្លួនទាំងយប់ ដល់គេហដ្ឋានរបស់លោក ក្នុងរាជធានីភ្នំពេញ កាលពីចុងខែកក្កដា ឆ្នាំ២០២០។
ប្រជាពលរដ្ឋនិងយុវជន បាននាំគ្នាចេញតវ៉ាដើម្បីសុំឲ្យដោះលែងលោក រ៉ុង ឈុន។ ការចេញតវ៉ានេះ មិនត្រឹមតែមិនអាចជួយលោក រ៉ុង ឈុន ឲ្យរួចពីពន្ធនាគារទេ តែបែរជាមានយុវជន-យុវនារីផ្សេងទៀត ត្រូវបានចាប់ខ្លួន ដូចជា អតីតព្រះសង្ឃ កើត សារាយ យុវជន មាន ព្រហ្មមុនី យុវជន ហ៊ុន វណ្ណៈ យុវជន ថា ឡាវី យុវជន ថុន រដ្ឋា យុវជន មួង សុភ័ក្ត្រ យុវតី ឈឿ ដារាវី យុវតី សូ មេត្តា យុវតី ស កន្និកា យុវតី ឡុង គន្ធា និង យុវតី ភួន កែវរស្មី និង ជាដើម។ អតីតព្រះសង្ឃ និងយុវជនយុវតីទាំងនោះ ភាគច្រើនជាសមាជិកនៃក្រុមយុវជនខ្មែរថាវរៈនិងក្រុមយុវជនចលនាមាតាធម្មជាតិ។
លោក សួង សុភ័ណ្ឌ ប្រធានគណបក្សខ្មែរឈ្នះ ក៏ត្រូវចាប់ខ្លួនពាក់ព័ន្ធនឹងរឿងព្រំដែនដែរ។ មុនត្រូវចាប់ខ្លួន លោក ក៏បានចូលរួមជាមួយក្រុមយុវជនដែរ ក្នុងការទាមទារឲ្យដោះលែងលោក រ៉ុង ឈុន។ ដើម្បីបញ្ជាក់ឲ្យច្បាស់ថា អ្វីដែលលោក រ៉ុង ឈុន អះអាងក្នុងសេចក្តីថ្លែងការណ៍ ជាការពិតឬមិនពិត លោក សួង សុភ័ណ្ឌ បានចុះពិនិត្យនៅតាមតំបន់ព្រំដែន ដែលលោក រ៉ុង ឈុន ចុះទៅ។ បន្ទាប់មក លោក បានផ្តល់សម្ភសជាមួយសារព័ត៌មាន The Cambodia Daily ជុំវិញការចុះទៅមើលរបស់លោក នៅតំបន់ព្រំដែនោះ និងបានប្រើពាក្យថា ការដោះដូរដីជាមួយវៀតណាម គឺជាអំពើក្បត់ជាតិ។ ផ្តល់បទសម្ភាសរួចហើយ លោក ក៏ត្រូវសមត្ថកិច្ច ចូលទៅចាប់ដល់គេហដ្ឋានដូចលោក រ៉ុង ឈុន ដែរ។
កន្លងមក ធ្លាប់មានអង្គការជាតិ-អន្តរជាតិ ទាមទារឲ្យដោះលែង លោក រ៉ុង ឈុន និងមនុស្សផ្សេងទៀត តែមិនបានផលអ្វីឡើយ។ មកដល់ពេលនេះ លោក រ៉ុង ឈុន ជាប់ពន្ធនាគារជាង៥ខែហើយ៕