អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក ត្រាំ ចេញបញ្ជាហាមឃាត់កម្មវិធីទូរសព្ទរបស់ចិនចំនួន៧ទៀត
06, Jan 2021 , 1:07 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃទី៥ ខែមករា បានចេញបញ្ជាប្រតិបត្តិមួយដែលហាមឃាត់ការប្រើប្រាស់កម្មវិធីទូទាត់ និងកម្មវិធីលើទូរសព្ទរបស់ចិនចំនួន៨ ក្រោមហេតុផលសន្តិសុខជាតិ។ នេះជាការប៉ុនប៉ងថ្មីមួយទៀតរបស់ប្រធានាធិបតីជិតចប់អាណត្តិរូបនេះក្នុងការបិទផ្លូវកម្មវីធីទូរសព្ទដែលអភិវឌ្ឍដោយក្រុមហ៊ុនចិន។ មុននេះបញ្ជាលោក ត្រាំ ដើម្បីហាមឃាត់កម្មវិធី TikTok ដ៏មានប្រជាប្រិយភាព បានបរាជ័យដោយសារចៅក្រមអាមេរិកជំទាស់។



កម្មវិធីទូទាត់លុយ WeChat Pay, Alipay, QQ Wallet និងកម្មវិធីលើទូរសព្ទដៃ CamScanner, SHAREit, Tencent QQ, VMate, និង WPS Office សុទ្ធតែមានឈ្មោះបញ្ជីដែលត្រូវហាមឃាត់របស់ប្រធានាធិបតី ដូណាល់ ត្រាំ ។ លោក ត្រាំ ដែលអាណត្តិប្រធានាធិបតីកាន់តែខើចទៅហើយនោះ ត្រូវគេមើលឃើញថា ចង់ប្រើប្រាស់រយៈពេលចុងក្រោយរបស់លោកនៅសេតវិមានដើម្បីដាក់សម្ពាធលើក្រុមហ៊ុនដែលត្រូវចាត់ទុកជាការគំរាមសន្តិសុខជាតិ។

បញ្ជាប្រតិបត្តិចុះថ្ងៃទី៥ ខែមករា របស់លោក ត្រាំ នឹងមានប្រសិទ្ធភាពអនុវត្តនៅ៤៥ថ្ងៃក្រោយ។ អំឡុងពេលនេះ ក្រុមហ៊ុនដែលជាប់ឈ្មោះ អាចដាក់ពាក្យបណ្ដឹងទៅកាន់តុលាការអាមេរិកឲ្យពន្យារពេលអនុវត្ត ឬទាត់ចោលបញ្ជាលោក ត្រាំ ក៏បាន។ បញ្ជាប្រតិបត្តិលើកនេះ អាចមានវាសនាដូចបញ្ជាប្រតិបត្តិលើកមុនដែលលោក ត្រាំ ហាមឃាត់ការធ្វើទំនាក់ទំនងជាមួយក្រុមហ៊ុនចិនដូចជា TikTok និង WeChat ដែលតុលាការសម្រេចឲ្យផ្អាកវិញនោះ។

បើតាមទីភ្នាក់ងារព័ត៌មាន AFP មន្រ្តីជាន់ខ្ពស់រដ្ឋបាលអាមេរិកនិយាយថា កម្មវិធីទូរសព្ទខាងលើ ត្រូវជាប់ឈ្មោះក្នុងបញ្ជីហាមឃាត់ដោយសារតែមានការទាញយកច្រើនខ្លាំងនៅអាមេរិក។ នេះមានន័យថា ទិន្នន័យពលរដ្ឋអាមេរិករាប់លាននាក់ ប្រឈមមុខហានិភ័យដែលត្រូវប្រើប្រាស់ដោយមិនខ្លួន ឬត្រូវបានផ្ទេរឲ្យរដ្ឋាភិបាលចិនផងដែរ។ រឿងនេះហើយដែលលោក ត្រាំ តែងយកទៅបកស្រាយ ហើយចោទចិនមិនចេះចប់នោះ។

មន្ត្រីអាមេរិកក៏អះអាងថា លោក ត្រាំ មិនបានជជែកជាមួយក្រុមការងារប្រធានាធិបតីជាប់ឆ្នោត ចូ បៃឌិន ជាមុនឡើយពេលចេញបញ្ជាលើកនេះ។ លោក ត្រាំ នៅសល់តែ១៥ថ្ងៃទៀតប៉ុណ្ណោះ មុនត្រូវផ្ទេរតំណែងឲ្យលោក បៃឌិន ដែលនឹងស្បថចូលកាន់តំណែងនៅថ្ងៃទិ២០ ខែមករា។ មិនមែនត្រឹមកម្មវិធីខាងលើឡើយ លោក ត្រាំ ក៏បញ្ជាឲ្យក្រសួងពាណិជ្ជកម្មវាយតម្លៃលើក្រុមហ៊ុនផ្សេងទៀតដើម្បីបញ្ចូលក្នុងបញ្ជីហាមឃាត់ផងដែរ៕

Tag:
 អាមេរិក
  ដូណាល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com