ជាតិ
តុលាការ​ឃុំខ្លួន​លោក ចាន់ យ៉េត ពីបទ​ឆបោក និង​ញុះញង់ ក្រោយ​សម្ដេច ហ៊ុន សែន ព្រមាន
06, Jan 2021 , 3:14 pm        
រូបភាព
លោក ចាន់ យ៉េត ប្រធាន​គណបក្ស​នគរ​ប្រជាធិបតេយ្យ ដែល​ត្រូវ​បានបញ្ចប់​តួនាទី​សមាជិក​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់ ហើយ​ត្រូវបាន​តុលាការខេត្ត​បាត់ដំបង សម្រេច​ឃុំខ្លួន កាលពី​ថ្ងៃទី​៣១ ធ្នូ ២០២០
លោក ចាន់ យ៉េត ប្រធាន​គណបក្ស​នគរ​ប្រជាធិបតេយ្យ ដែល​ត្រូវ​បានបញ្ចប់​តួនាទី​សមាជិក​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់ ហើយ​ត្រូវបាន​តុលាការខេត្ត​បាត់ដំបង សម្រេច​ឃុំខ្លួន កាលពី​ថ្ងៃទី​៣១ ធ្នូ ២០២០
​ភ្នំពេញ​៖ តុលាការខេត្ត​បាត់ដំបង បានសម្រេច​ឃុំខ្លួន​លោក ចាន់ យ៉េត ប្រធាន​គណបក្ស​នគរ​ប្រជាធិបតេយ្យ (​ពីមុន​ឈ្មោះថា​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​) ពីបទ​ឆបោក និង​ញុះញង់​ប្រជាពលរដ្ឋ​ឱ្យ​បង្ក​ភាពចលាចល​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម កាលពី​ថ្ងៃទី​៣១ ធ្នូ ២០២០​។ ការចាប់​ឃុំខ្លួន​លោក ចាន់ យ៉េត នេះ​ធ្វើឡើង​ក្រោយពី​សម្ដេច ហ៊ុន សែន ព្រមាន​លើ​មេបក្សនយោបាយ​រូបនេះ​។​


​អគ្គ​ស្នងការរង និង​ជា​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោក ឆាយ គឹម​ខឿន បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា លោក ចាន់ យ៉េត ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន តាម​ដីការ​តុលាការ ពាក់ព័ន្ធ​នឹង​ករណី​បោកប្រាស់​លុយ​ពី​ប្រជាពលរដ្ឋ និង​ជំរុញ​ឲ្យ​ពួកគេ​ឡើង​តវ៉ា​រឿង​ដីធ្លី​។​«​ឭ​ថា​គាត់​(​លោក ចាន់ យ៉េត​) ដើរ​បោក​លុយ​ពី​ពលរដ្ឋ​២៣០​គ្រួសារ ដើរ​ចាប់យក​ដី និង​ប្រមូល​លុយ​ពី​ពលរដ្ឋ ហើយ​ញុះញង់​ឲ្យ​ពលរដ្ឋ​ឡើងទៅ​ធ្វើបាតុកម្ម​។ ដូច្នេះ​យើង​មាន​ឯកសារ និង​ភស្តុតាង​គ្រប់គ្រាន់ ក្នុង​ចាប់ខ្លួន​គាត់ ដែល​បង្ក​អនាធិបតេយ្យ និង​ញុះញង់​ឲ្យ​ពលរដ្ឋ​ចលាចល​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ឆាយ គឹម​ខឿន​។​
 
​មុនពេល​ចាប់ខ្លួន​នេះ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ព្រមាន​លោក ចាន់ យ៉េត ប្រធាន​គណបក្ស​នគរ​ប្រជាធិបតេយ្យ ពាក់ព័ន្ធ​នឹង​ការដើរ​យកលុយ​ពី​ពលរដ្ឋ ជា​ថ្នូរ​នឹង​ការជួយ​ដោះស្រាយ​បញ្ហា​ពួកគេ នៅ​តំបន់​បឹង​ជង្រុក ក្នុងស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ និង បាត់ដំបង​ដែរ កាលពី​ថ្ងៃទី​២៩ ធ្នូ ២០២០​។ មិនតែប៉ុណ្ណោះ សម្ដេច ហ៊ុន សែន ក៏បាន​អះអាងថា លោក ចាន់ យ៉េត ក៏បាន​យកឈ្មោះ​សម្ដេច ហ៊ុន សែន និង​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​ស្ថាប័ន​ផ្សេងៗ ទៅប្រើ​ប្រាស់ ដើម្បី​ឆបោក​លុយ​ពី​ពលរដ្ឋ ពាក់ព័ន្ធ​រឿង​ដីធ្លី​នេះដែរ ។​
 
អត្ថបទទាក់ទង
 
 
​គួរ​បញ្ជាក់ថា ព្រះមហាក្សត្រ បានសម្រេច​បញ្ចប់​តួនាទី​លោក ចាន់ យ៉េត ប្រធាន​គណបក្ស​នគរ​ប្រជាធិបតេយ្យ (​ពីមុន​ឈ្មោះថា​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​) ពី​សមាជិក​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់ កាលពី​ថ្ងៃទី​៩ ធ្នូ តាម​សំណើ​របស់​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ លោក ចាន់ យ៉េត ជា​មនុស្ស​ទី​៣​ហើយ នៅក្នុង​បក្ស និង​ជាម​នុស្ស​ទី​៤ នៅក្នុង​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់ ដែល​ត្រូវបាន​ព្រះមហាក្សត្រ​បញ្ចប់​តួនាទី​ពី​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​។​
 
​ក្រៅពី​លោក ចាន់ យ៉េត ប្រធាន​គណបក្ស​នគរ​ប្រជាធិបតេយ្យ ដែល​ត្រូវ​តុលាការខេត្ត​បាត់ដំបង សម្រេច​ឃុំខ្លួន​នេះ ក៏មាន​លោកស្រី សុខ​រ័ត្ន សុវណ្ណ​បញ្ចៈ​សីលា អតីត​ប្រធាន​នេះ ក៏ត្រូវ​បាន​តុលាការខេត្ត​ព្រះវិហារ សម្រេច​ឃុំខ្លួន កាលពី​ខែមេសា ឆ្នាំ​២០១៩ ពាក់ព័ន្ធ​នឹង​ដីធ្លី​នេះដែរ​៕

Tag:
 ចាន់ យ៉េត​
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com