អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
បក្ស​ប្រជាធិបតេយ្យ ឈ្នះ​កៅអី​ព្រឹទ្ធសភា​មួយទៀត​ក្នុងការ​បោះឆ្នោត​នៅ​រដ្ឋ Georgia
06, Jan 2021 , 3:55 pm        
រូបភាព
លោក Raphael Warnock បេក្ខជនសមាជិកព្រឹទ្ធសភាបក្សប្រជាធិបតេយ្យ។ រូបភាព៖AFP
លោក Raphael Warnock បេក្ខជនសមាជិកព្រឹទ្ធសភាបក្សប្រជាធិបតេយ្យ។ រូបភាព៖AFP
ដោយ:
​បក្ស​ប្រជាធិបតេយ្យ ទទួលបាន​អាសនៈ​មួយ​បន្ថែមទៀត​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​តំណាង​រដ្ឋ Georgia ដែលមាន​ពីរ​អាសនៈ​។ បើសិនជា​បក្ស​ប្រជា​ធិ​ប​តយ្យ​ឈ្នះ​មួយ​អាសនៈ​ទៀត​ដែល​នៅសល់ នោះ​អាសនៈ​បក្ស​ប្រជាធិបតេយ្យ នឹង​កើន​ដល់​៥០​អាសនៈ ស្មើ​បក្ស​សាធារណរដ្ឋ ដែលជា​កា​រប​បញ្ចប់​ការគ្រប់គ្រង​ព្រឹទ្ធសភា​ដោយ​បក្ស​សាធារណរដ្ឋ​ចាប់ពី​ឆ្នាំ​២០១០​មក​។​

 
​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​ជុំ​ទី​២ នៅ​រដ្ឋ Georgia លោក Raphael Warnock​បេក្ខជន​បក្ស​ប្រជាធិបតេយ្យ ទទួល​ជ័យជម្នះ​លើ​លោកស្រី​សមាជិក​ព្រឹទ្ធសភា Kelly Loeffler នៃ​បក្ស​សាធារណរដ្ឋ​។ លោក Warnock ទទួលបាន​សំឡេងឆ្នោត​ជាង​២​លាន​២​សែន ទល់នឹង​សំឡេងឆ្នោត​របស់លោក​ស្រី Loeffler ដែល​ទទួលបាន​២​លាន​១​សែន​៩​ម៉ឺន​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​អាមេរិក AP ។​
 
​តាមពិតទៅ រដ្ឋ Georgia ក៏​រៀបចំ​ការបោះឆ្នោត​ព្រឹទ្ធសភា​ដូច​រដ្ឋ​ដទៃទៀត​តាំងតែ​ពីថ្ងៃ​ទី​៣ វិច្ឆិកា ឆ្នាំ​២០២០ មកម្ល៉េះ​។ ប៉ុន្តែ​ដោយ​ពុំមាន​បេក្ខជន​ណា​ទទួលបាន​សំឡេង​បោះឆ្នោត​លើស​៥០​ភាគរយ ការបោះឆ្នោត​ជុំ​ទី​ពីរ​ត្រូវធ្វើឡើង​នៅ​ថ្ងៃទី​៥ ខែមករា (​ម៉ោង​អាមេរិក​)​។​
 
​លោក Warnock វ័យ​៥១​ឆ្នាំ ជា​អតីត​គ្រូ​គង្វាល​ក្នុង​វិហារ​គ្រិស្តសាសនា​ក្នុង​ក្រុង Atlanta ។ ជ័យជម្នះ​របស់លោក Warnock នាំ​ឲ្យ​លោក​ក្លាយជា​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ស្បែក​ខ្មៅ​ដំបូងបង្អស់​មកពី​រដ្ឋ Georgia ។ ចាប់តាំងពី​ឆ្នាំ​១៩៩២​មក រដ្ឋ Georgia មាន​សមាជិក​ព្រឹទ្ធសភា​ទាំង​ពីររូប​មកពី​បក្ស​សាធារណរដ្ឋ​ទាំងអស់​។ 
 
​លទ្ធផល​នៅ​រដ្ឋ Georgia ជាការ​កំណត់ថា បក្ស​ណា​នឹង​គ្រប់គ្រង​ព្រឹទ្ធសភា​អាមេរិក​។ ក្រោយ​ការបោះឆ្នោត​ថ្ងៃទី​៣ ខែវិច្ឆិកា បក្ស​សាធារណរដ្ឋ​មាន​៥០​កៅអី​ក្នុង​ដៃ​ទៅហើយ ឯ​បក្ស​ប្រជាធិបតេយ្យ​មាន​៤៨​កៅអី​។ ក្នុងការ​បោះឆ្នោត​នេះ ពលរដ្ឋ Georgia ជាង​៣​លាន​នាក់​ចូលរួម​បោះឆ្នោត ដែលជា​ចំនួន​ច្រើនជាង​ការបោះឆ្នោត​ក្នុង​ឆ្នាំ​២០១៦​ទៅទៀត​។​
 
​លោកស្រី Loeffler ពុំទាន់​ទទួលយក​លទ្ធផល​នៃ​ការបោះឆ្នោត និង​ទទួលស្គាល់​ជ័យជំនះ​របស់លោក Warnock​ឡើយ ដោយសារ​សំឡេងឆ្នោត​នៅ​ប្រកៀក​ប្រកិត​ខ្លាំងពេក​។ ច្បាប់បោះឆ្នោត​រដ្ឋ Georgia អនុញ្ញាត​ឲ្យ​បេក្ខជន​ទាមទារ​រាប់​សន្លឹកឆ្នោត​ឡើងវិញ បើសិនជា​គម្លាត​នៃ​សន្លឹកឆ្នោត​ស្មើរ ឬ​តិចជាង​០,៥​ភាគរយ​។​
 
​ចំណែក​កៅអី​ទៀត បេក្ខជន​បក្ស​ប្រជាធិបតេយ្យ Jon Ossoff ក៏​កំពុង​នាំមុខ​គូប្រជែង David Perdue ដែលជា​សមាជិក​ព្រឹទ្ធសភា​បច្ចុប្បន្ន​មកពី​បក្ស​សាធារណរដ្ឋ​ដែរ​។ 
 
​រំឭក​ទៅ​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​កាលពី​ឆ្នាំ​២០២០​វិញ ប្រធានាធិបតី​ជាប់ឆ្នោត​ចូ បៃ​ឌិន ឈ្នះឆ្នោត​ក្នុង​រដ្ឋ​នេះ​ជា​លើកទីមួយ​ក្នុង​រយៈពេល​២០​ឆ្នាំ​ដែរ​។ ជ័យជម្នះ​របស់​បក្ស​ប្រជាធិបតេយ្យ នឹង​ជួយ​លោក បៃ​ឌិន អនុម័ត​គោលនយោបាយ​សំខាន់ៗ​របស់លោក ក៏ដូចជា​ការយល់ព្រម​លើ​បេក្ខជន​ក្នុង​រដ្ឋាភិបាល​ផងដែរ​។ លើសពីនោះ បើសិន​ឈ្នះ​មែន​នោះ បក្ស​ប្រជាធិបតេយ្យ នឹង​គ្រប់គ្រង​ទាំង​សភា​តំណាង ទាំង​ព្រឹទ្ធសភា ទាំង​សេត​វិមាន​។ 
 

Tag:
 បោះឆ្នោត​អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com