អន្តរជាតិ
ប៉ូលិស​ហុងកុង ចាប់ខ្លួន​អតីត​តំណាងរាស្ត្រ​និង​សកម្មជន​ប្រជាធិបតេយ្យ​ច្រើនជាង​៥០​រូប​
06, Jan 2021 , 10:59 pm        
រូបភាព
លោក James To អតីតតំណាងរាស្រ្តហុងកុង និងសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ។ រូបភាព៖ Reuters
លោក James To អតីតតំណាងរាស្រ្តហុងកុង និងសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ។ រូបភាព៖ Reuters
​អាជ្ញាធរ​ហុងកុង នៅ​ព្រឹក​នៅ​ថ្ងៃទី​៦ ខែមករា បាន​ចាប់ខ្លួន​អតីត​តំណាងរាស្ត្រ និង​សកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ច្រើនជាង ៥០​រូប ដែល​ទាក់ទិន​នឹង​ការបំពានច្បាប់​សន្តិសុខ​ជាតិ​ហុងកុង​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ហុងកុង​។

 
​ចាប់តាំងពី​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង ដែល​ត្រូវ​បានអនុម័ត​ដោយ​សភា​ចិន ហើយ​បាន​ចូល​ជាធរ​មាននៅ​ដើមខែ​កក្កដា​កន្លងមក អាជ្ញាធរ​ហុងកុង បានដាក់​សម្ពាធ​យ៉ាងខ្លាំង​ទៅលើ​សកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​។ ប៉ូលិស​ហុងកុង បាន​ចាប់ខ្លួន​សកម្មជន​មាន​និន្នាការ​ប្រឆាំង​ជាច្រើន ហើយ​តុលាការ​ក៏​កាត់ទោស​ពួកគេ​បន្តបន្ទាប់​ដែរ​។​
 
​ជាថ្មី​ម្តងទៀត ប៉ូលិស​ហុងកុង នៅ​ព្រឹក​ថ្ងៃទី​៦ ខែមករា បាន​បើក​ប្រតិបត្តិការ ចាប់ខ្លួន​អ្នកតំណាងរាស្ត្រ និង​អ្នកគាំទ្រ​លទ្ធ​ប្រជាធិបតេយ្យ ច្រើនជាង​៥០​រូប ទាក់ទិន​នឹង​ការបោះឆ្នោត​មួយ​កាលពី​ខែកក្កដា ឆ្នាំ​២០២០ ។ អ្នក​ដែល​ត្រូវ​ចាប់ខ្លួន​មាន​ទាំង​អតីត​អ្នកតំណាងរាស្ត្រ និង​សកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ ដូចជា​លោក James To, លោក Lam Cheuk-ting និង លោក Lester Shum​។​
 
​ពួកគេ ត្រូវ​ចោទថា រៀបចំ​ក​ការបោះឆ្នោត​មួយ​ដើម្បី​ជ្រើសរើស​បេក្ខជន​តំណាង​ក្រុម​ប្រជាធិបតេយ្យ ដើម្បី​ឈរឈ្មោះ​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ហុងកុង​ក្នុង​ខែកញ្ញា​។ ការបោះឆ្នោត​សភា​នេះ ត្រូវបាន​លើក​ពេល​ដោយសារ​ជំងឺ​កូ​វីដ​-១៩​។ គម្រោង​របស់​ពួកគេ គឺ​ចម្រាញ់​យក​បេក្ខជន​ដែល​អាច​ឈ្នះ​ការបោះឆ្នោត​សភា និង​ទទួលបាន​កៅអី​លើស​៣៥​ក្នុង​សភា​ហុងកុង​ដែលមាន​៧០​កៅអី​។ អាជ្ញាធរ​ហុងកុង​ចាត់ទុកជា​សកម្មភាព​នេះ ជាការ​ធ្វើ​វិទ្ធង្សនា​ដែល​មានចែង​ក្នុង​ច្បាប់​សន្តិសុខ​ជាតិ​។ 
 
​មិនតែប៉ុណ្ណោះ អាជ្ញាធរ​ហុងកុង ថែមទាំង​ចុះទៅ​ការិយាល័យ​សារព័ត៌មាន Stand News, កាសែត Apple Daily និង​សារព័ត៌មាន In-Media ដែលមាន​និន្នាការ​ទៅរក​លទ្ធិប្រជាធិបតេយ្យ​ផងដែរ​។ ក្នុង​ប្រតិបត្តិការ​នេះ អ្នកសារព័ត៌មាន Stand News បាន​អះអាងថា ប៉ូលិស បានស្នើ​ឲ្យ​និពន្ធ​នាយក​របស់ ពួកគេ​ចុះហត្ថលេខា​លើ​ឯកសារ​ជាច្រើន​ច្បាប់ ដែល​ទាក់ទិន​នឹង​ការស៊ើបអង្កេត​លើ​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង​។ 
 
​ជុំវិញ​ការចាប់ខ្លួន​នេះ  លោក John Lee Ka-chiu រដ្ឋមន្ត្រី​សន្តិសុខ​ទីក្រុង​ហុងកុង បាន​ចោទ​អ្នកនយោបាយ​បក្សប្រឆាំង​ថា មាន​គម្រោង​អាក្រក់ ចង់​ផ្តួល​រលំ​រដ្ឋាភិបាល​ហុងកុង​។ ក្នុងន័យនេះ លោក Jonh បាន​លើកឡើងថា យុទ្ធសាស្ត្រ​របស់​ពួកគេ គឺ​ធ្វើ​ឲ្យ​រាំងស្ទះ​ការងារ​ក្នុង​សភា ជាពិសេស​ការអនុម័ត​ហិរញ្ញ​វត្ថ​ប្រចាំឆ្នាំ​របស់​រដ្ឋាភិបាល​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត South China Morning Post ៕
 
 

Tag:
 ហុងកុង​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com