ជាតិ
ដែនជម្រកកែវសីមា មានសត្វទោចថ្ពាល់លឿង៦៦៩ក្រុម 
×![]()
ដោយ៖ ស៊ុល រ៉វី
អង្គការសមាគមអភិរក្សសត្វព្រៃ (WCS Cambodia) សន្និដ្ឋានថា នៅកម្ពុជា អាចមានវត្តមានសត្វទោចថ្ពាល់លឿង ដែលជាប្រភេទជិតផុតពូជនៅក្នុងពិភពលោក ៦៦៩ក្រុមឯណោះ កំពុងរស់នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី។ នេះបើតាមការផ្សាយរបស់អង្គការ WCS Cambodia កាលពីថ្ងៃទី ៣១ខែធ្នូ ២០២០។ វត្តមានសត្វទោចថ្ពាល់លឿងនៅដែនជម្រកសត្វព្រៃកែវសីមា គឺជាចំនួនដ៏ច្រើនជាងគេបំផុត នៅក្នុងចំណោមដែនជម្រកសត្វព្រៃនានានៅក្នុងប្រទេស។
រូបភាពផ្ដល់ដោយ សហការី ThmeyThmey25
តាមអង្គការ WCS Cambodia ដដែល គេក៏រកឃើញដែរថាសត្វទោចថ្ពាល់លឿងនេះ មានរស់នៅក្នុងដែនជម្រកសត្វព្រៃភ្នំព្រេចផងដែរ គឺមានច្រើនលំដាប់ទីពីរ បន្ទាប់ពីដែនជម្រកសត្វព្រៃកែវសីមា។
គួរបញ្ជាក់ថា កាលពីឆ្នាំ ២០១៤កន្លងទៅ WCS Cambodia ផ្ដួចផ្ដើមគំនិតបង្កើតគម្រោងទេសចរណ៍ធម្មជាតិសហគមន៍ គឺជំរំទោចថ្ពាល់លឿង (Jahoo Gibbon Camp) ក្នុងដែនជម្រកសត្វព្រៃកែវសីមា ដោយសហការជាមួយក្រសួងបរិស្ថាន។ កិច្ចសហការនេះ បង្កើតឡើង ក្នុងបំណងការពារប្រភេទសត្វជិតផុតពូជ និងផ្ដល់ឱកាសដល់អ្នកទេសចរ បានទស្សនាសត្វទោចថ្ពាល់លឿង ស្វាកន្ទុយស និងប្រភេទសត្វស្លាបកម្រផ្សេងៗទៀត។
រូបភាពផ្ដល់ដោយ សហការី ThmeyThmey25
តាមអង្គការ WCS Cambodia សត្វទោចថ្ពាល់លឿងត្រូវបានចូលក្នុងបញ្ជីក្រហមនៃអង្គការ IUCN (The International Union for Conservation Nature) ជាប្រភេទជិតផុតពូជនៅក្នុងពិភពលោក។ ការបាត់បង់ជម្រក និងការប្រមាញ់ជួញដូរទៅធ្វើជាសត្វចិញ្ចឹម គឺជាហេតុផលចម្បងដែលធ្វើឲ្យចំនួនសត្វនេះ កំពុងថយចុះយ៉ាងខ្លាំងនៅលើពិភពលោក៕
Tag:
ThmeyThmey25
សត្វទោចថ្ពាល់លឿង
WCS Cambodia
IUCN
© រក្សាសិទ្ធិដោយ thmeythmey.com