ជាតិ
ដែន​ជម្រក​កែវ​សីមា មាន​សត្វ​ទោច​ថ្ពាល់​លឿង​៦៦៩​ក្រុម​
07, Jan 2021 , 8:59 am        
រូបភាព
​ដោយ​៖ ស៊ុ​ល រ៉​វី​

​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ (WCS Cambodia) សន្និដ្ឋានថា នៅ​កម្ពុជា អាចមាន​វត្តមាន​សត្វ​ទោច​ថ្ពាល់​លឿង ដែលជា​ប្រភេទ​ជិត​ផុត​ពូជ​នៅក្នុង​ពិភពលោក ៦៦៩​ក្រុម​ឯណោះ កំពុង​រស់នៅក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា ខេត្តមណ្ឌលគិរី​។ នេះ​បើតាម​ការផ្សាយ​របស់​អង្គការ WCS Cambodia  កាលពី​ថ្ងៃទី ៣១​ខែធ្នូ ២០២០​។ វត្តមាន​សត្វ​ទោច​ថ្ពាល់​លឿង​នៅ​ដែនជម្រកសត្វព្រៃ​កែវ​សីមា គឺជា​ចំនួន​ដ៏​ច្រើនជាងគេ​បំផុត នៅក្នុង​ចំណោម​ដែនជម្រកសត្វព្រៃ​នានា​នៅក្នុង​ប្រទេស​។




រូបភាពផ្ដល់ដោយ សហការី ThmeyThmey25

​តាម​អង្គការ WCS Cambodia ដដែល គេ​ក៏​រកឃើញ​ដែរ​ថា​សត្វ​ទោច​ថ្ពាល់​លឿង​នេះ មាន​រស់នៅក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​ផងដែរ គឺមាន​ច្រើន​លំដាប់​ទី​ពីរ បន្ទាប់ពី​ដែនជម្រកសត្វព្រៃ​កែវ​សីមា​។ 
 
​គួរ​បញ្ជាក់ថា កាលពី​ឆ្នាំ ២០១៤​កន្លងទៅ WCS Cambodia ផ្ដួចផ្ដើម​គំនិត​បង្កើត​គម្រោង​ទេសចរណ៍ធម្មជាតិ​សហគមន៍ គឺ​ជំរំ​ទោច​ថ្ពាល់​លឿង (Jahoo Gibbon Camp) ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា ដោយ​សហការ​ជាមួយ​ក្រសួងបរិស្ថាន​។ កិច្ចសហការ​នេះ បង្កើតឡើង ក្នុង​បំណង​ការពារ​ប្រភេទ​សត្វ​ជិត​ផុត​ពូជ និង​ផ្ដល់ឱកាស​ដល់​អ្នកទេសច​រ បាន​ទស្សនា​សត្វ​ទោច​ថ្ពាល់​លឿង ស្វា​កន្ទុយ​ស និង​ប្រភេទ​សត្វ​ស្លាប​កម្រ​ផ្សេងៗ​ទៀត​។​


រូបភាពផ្ដល់ដោយ សហការី ThmeyThmey25 

​តាម​អង្គការ WCS Cambodia សត្វ​ទោច​ថ្ពាល់​លឿង​ត្រូវបាន​ចូលក្នុង​បញ្ជី​ក្រហម​នៃ​អង្គការ IUCN (The International Union for Conservation Nature) ជា​ប្រភេទ​ជិត​ផុត​ពូជ​នៅក្នុង​ពិភពលោក​។ ការបាត់បង់​ជម្រក និង​ការ​ប្រមាញ់​ជួញដូរ​ទៅធ្វើជា​សត្វ​ចិញ្ចឹម គឺជា​ហេតុផល​ចម្បង​ដែល​ធ្វើ​ឲ្យ​ចំនួន​សត្វ​នេះ កំពុង​ថយចុះ​យ៉ាងខ្លាំង​នៅលើ​ពិភពលោក​៕

Tag:
 ThmeyThmey25
  សត្វ​ទោច​ថ្ពាល់​លឿង​
  WCS Cambodia
  IUCN
© រក្សាសិទ្ធិដោយ thmeythmey.com