ជាតិ
សង្គមជាតិ
សក្តិ​៣​ម្នាក់​ដែល​បោះបង់​ការងារ ត្រូវបាន​រដ្ឋមន្ត្រី​បណ្តេញ​ចេញពី​ក្របខណ្ឌ​
06, Jan 2021 , 10:29 pm        
រូបភាព
សម្តេច ស ខេង ថ្លែងក្នុងពិធីផ្ទេរតំណែងអភិបាលខេត្តប៉ៃលិន ជូនអ្នកស្រី បាន ស្រីមុំ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០
សម្តេច ស ខេង ថ្លែងក្នុងពិធីផ្ទេរតំណែងអភិបាលខេត្តប៉ៃលិន ជូនអ្នកស្រី បាន ស្រីមុំ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០
​សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អនុវត្ត​វិន័យ​លើ​លោក​អនុសេនីយ៍ឯក (​សក្តិ​៣) ឌុ​ច ច័ន្ទ​រ៉ុង នាយរង​ផ្នែក​គណនេយ្យ​ការិយាល័យ​ភស្តុភារ និង​គណនេយ្យ​នាយកដ្ឋាន​រដ្ឋបាល​សរុប​នៃ​អគ្គាធិការដ្ឋាន​ក្រសួងមហាផ្ទៃ​។ ក្នុងការ​អនុវត្ត​វិន័យ​នេះ គឺ​សម្តេច​រដ្ឋមន្ត្រី បានសម្រេច​បណ្តេញ​លោក ឌុ​ច ច័ន្ទ​រ៉ុង ចេញពី​ក្របខ័ណ្ឌ​មន្ត្រី​ខណ្ឌ​នគរបាលជាតិ​តែម្តង​។


​ការបណ្តេញ​លោក ឌុ​ច ច័ន្ទ​រ៉ុង ចេញពី​ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ គឺធ្វើឡើង​តាមរយៈ​ប្រកាស ដែល​សម្តេច​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ចេញ​តាំងពី​២២ ខែធ្នូ ឆ្នាំ​២០២០​មកម្ល៉េះ តែ​ទើបនឹង​ត្រូវបាន​អគ្គាធិការដ្ឋាន​ក្រសួងមហាផ្ទៃ យកទៅ​បង្ហោះ​ជា​សាធារណៈ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០២១​នេះ​។ សម្តេច​រដ្ឋមន្ត្រី បញ្ជាក់​មូលហេតុ​ក្នុង​ប្រកាសថា ការបណ្តេញ​ចេញពី​ក្របខ័ណ្ឌ​នគរបាលជាតិ​នេះ គឺ​ដោយសារតែ​លោក ឌុ​ច ច័ន្ទ​រ៉ុង «​បោះបង់ចោល​ការងារ​»​។​
 
​បើតាម​ប្រកាស​នោះ ប្រាក់បៀវត្ស​និង​របប​ឧបត្ថម្ភ​ផ្សេង​របស់លោក ឌុ​ច ច័ន្ទ​រ៉ុង នឹងត្រូវ​កាត់ផ្តាច់ និង​លុប​ចេញពី​ក្របខណ្ឌ​មន្ត្រី​នគរបាលជាតិ ចាប់ពី​ខែមីនា ឆ្នាំ​២០២១​តទៅ​។ ផ្នែក​តាម​ប្រកាស​ដដែល ការបណ្តេញចេញ​នេះ គឺ​យោងតាម​សំណើរ​របស់​អគ្គាធិការ​នៃ​អគ្គ​ធិ​ការដ្ឋាន​ក្រសួងមហាផ្ទៃ​៕ 

Tag:
 មន្ត្រីនគរបាល​
  បណ្តេញ​ពី​ក្របខ័ណ្ឌ
© រក្សាសិទ្ធិដោយ thmeythmey.com