ជាតិ
​​​ន​យោ​បាយ​ជាតិ​
៧​មករា​! ៤២​ឆ្នាំ​ហើយ​នៅតែ​បន្ត​មានមតិ​ផ្ទុយគ្នា​លើ​វត្តមាន​កងទ័ព​វៀតណាម​
07, Jan 2021 , 2:43 pm        
រូបភាព
អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ចូលរួមក្នុងពិធីរម្លឹកខួបទិវា៧មករាលើកទី៤១ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ (រូបពី AFP)
អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ចូលរួមក្នុងពិធីរម្លឹកខួបទិវា៧មករាលើកទី៤១ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ (រូបពី AFP)
​ជា​រៀងរាល់ឆ្នាំ ឲ្យ​តែ​ដល់​ថ្ងៃ​៧​មករា គេ តែង​ឃើញ​ការតបត​គ្នា​ទៅវិញទៅមក​រវាង​អ្នក​ស្រឡាញ់​រដ្ឋាភិបាល និង​មិនសូវ​ពេញចិត្តនឹង​រដ្ឋាភិបាល​។ សម្រាប់​ទិវា​រម្លឹក​ខួប​៧​មករា ក្នុង​ឆ្នាំ​២០២១​នេះ ក៏​មិន​ខុសពី​ឆ្នាំមុនៗ​ដែរ ដោយ​ម្ខាង គោរព​ឲ្យ​តម្លៃ ឯ​ម្ខាង​ទៀត រិះគន់​វាយប្រហារ​។​

 
 
​អ្នកគាំទ្រ​គណបក្សកាន់អំណាច ចាត់ទុក​៧​មករា ជា​ថ្ងៃកំណើត​ទី​២ ហើយ​យល់ថា បើ​គ្មាន​៧​មករា ក៏​គ្មានអ្វីៗ​ក្នុងពេល​បច្ចុប្បន្ន​ដែរ​។ ប៉ុន្តែ អ្នកមាន​និន្នាការ​ប្រឆាំង​ខ្លះ មិន​ត្រឹមតែ​មិន​ទទួលស្គាល់​គុណូបការៈ​៧​មករា​ទេ តែ​ថែមទាំង​ចាត់ទុក​៧​មករា ជា​ថ្ងៃ ដែល​វៀតណាម​ចូល​ឈ្លានពាន​កម្ពុជា​ទៅវិញ​។ 
 
​លោក ហូ វ៉ាន់ ធ្លាប់ជា​តំណង​រាស្ត្រ​នៃ​អតីត​គណបក្សប្រឆាំង និយាយ​ចំៗ​ថា ៧​មករា ជាថ្ងៃ​វៀតណាម ឈ្លានពាន​កម្ពុជា​។ មន្ត្រីជាន់ខ្ពស់​អតីត​គណបក្សប្រឆាំង ដែល​កំពុង​រស់​នៅឯ​ក្រៅប្រទេស​រូបនេះ បាន​សរសេរ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​ដូច្នេះ​ថា​៖«​កាឡៃ​ប្រវត្តិសាស្ត្រ​ឲ្យ​ខ្មែរ​ដឹងគុណ ក្រោម​ស្លាក​រំដោះ​កម្ពុជា ពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត​។ រហូតដល់​ពេលនេះ ទើប​ខ្មែរ​ភ្លឺភ្នែក ឃើញ​គ្រប់​ឧបាយកល​ឈ្លានពាន​របស់​វៀតណាម​»​។​
 
​ថ្វីបើ​លោក ហូ វ៉ាន់ ឬ​អ្នកប្រឆាំង​ផ្សេងទៀត មិន​ទទួលស្គាល់ថា ការរំដោះ​កម្ពុជា ចេញពី​របប​ខ្មែរក្រហម មាន​ចំណែក​នៃ​ការ​ជ្រោមជ្រែង​ពី​វៀតណាម​ក្តី ប៉ុន្តែ​មេដឹកនាំ​កំពូល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​២​រូប គឺ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង សម្តេច ហេង សំរិន ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា នៅតែ​បន្ត​រំលេច​ក្នុង​សារ​របស់ខ្លួន ពី​គុណូបការៈ​របស់​កងទ័ព​វៀតណាម ដែល​បាន​ចូលរួម​ជាមួយ​យុទ្ធជន​-​យុទ្ធ​នារី​នៃ​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា និង​អ្នកស្នេហាជាតិ​ខ្មែរ​ដទៃទៀត ក្នុង​ការជួយ​រំដោះ​កម្ពុជា ចេញពី​របប​ខ្មែរក្រហម​។  
 
​តាមរយៈ​សារលិខិត ដែល​ចេញ​ក្នុងនាម​ជា​ប្រមុខ​គណបក្ស​ប្រជាជន​កម្ពុជា សម្តេចនាយក​រដ្ឋមន្ត្រី លើក​ពី​គុណបំណាច់​នៃ​ថ្ងៃ​ជ័យជម្នះ​៧​មករា ដែល​នាំ​ឲ្យ​កម្ពុជា រួចផុត​ពីរ​បប​ខ្មែរក្រហម ហើយ​បាន​ស្គាល់​សុខសន្តិភាព សិទ្ធិសេរីភាព និង ការអភិវឌ្ឍ​ឡើងវិញ​។ ប្រមុខ​រដ្ឋាភិបាល​រូបនេះ សរសេរថា កម្ពុជា ពីទឹកដីមួយជា​វាលពិឃាត ជា​សមរភូមិ​នៃ​សង្គ្រាម​ផ្ទៃក្នុង​ដ៏​រ៉ាំរ៉ៃ ជា​ប្រទេស​ក្រីក្រ​ឱនថយ​បំផុត​ផ្នែក​សេដ្ឋកិច្ច ជា​ប្រជាជាតិ​ត្រូវគេ​ប្រមាថ និង ឯកោ បានក្លាយ​ទៅជា​ប្រទេស​ដែល​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍​លទ្ធិ​ប្រជា​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស នីតិរដ្ឋ ជា​ទឹកដី​ដែលមាន​សុខសន្តិភាព​ពេញលេញ និង ជា​ប្រទេស​មាន​សេដ្ឋកិច្ច​កំពុង​លូតលាស់​យ៉ាង​លឿន ធ្វើ​ឲ្យ​ជីវភាព​ប្រជាជន កាន់​តែមាន​ភាពល្អប្រសើ​រ​ឡើង ហើយ​កិត្យានុភាព​ជាតិ ត្រូវបាន​លើកកម្ពស់​ឡើងវិញ​លើ​ឆាក​អន្តរជាតិ​។​
 
​ប្រមុខ​គណបក្ស​ដឹកនាំ​រដ្ឋាភិបាល លើកតម្កើង​គុណ​តម្លៃ​នៃ​ថ្ងៃ​៧​មករា​ថា​៖«​ស្មារតី​៧​មករា គឺ​សាមគ្គីភាព វីរភាព និង ជ័យជម្នះ​។ ស្មារតី​៧​មករា ធ្វើ​ឲ្យ​យើង ប្តូរផ្តាច់​ថែរក្សា​រាល់​សមិទ្ធផល​នៃ​សង្គមជាតិ និង​ការពារ​មិន​ឲ្យ​កើតមាន​ជាថ្មី​នូវ​អំពើ​ប្រល័យពូជសាសន៍ សង្គ្រាម និង ការបែកបាក់​ផ្ទៃក្នុង​ជាតិ​ដូចពេលមុន​ទៀត​។ ស្មារតី​៧​មករា គុណ​តម្លៃ​ជា​អមតៈ​សម្រាប់​ជាតិ និង​ប្រជាជន​កម្ពុជា ក្នុងការ​បន្តដំណើរ​ទៅមុខទៀត​លើក​មាគ៌ា​ឯករាជ្យ សន្តិភាព សេរីភាព អ​ព្យ​ក្រឹត្យ ប្រជាធិបតេយ្យ និង វឌ្ឍនភាព​សង្គម​»​។ 
 
​សារ​របស់​សម្តេច ហេង សំរិន ដែល​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក បាន​បញ្ជាក់ថា ជ័យជម្នះ​៧​មករា ឆ្នាំ​១៩៧៩ បានផ្តល់​ឱកាស​ពេញលេញ​ដល់​កម្ពុជា ក្នុង​ការកសាង​សុខសន្តិភាព និង​ការអភិវឌ្ឍ​ប្រទេសជាតិ ឲ្យ​មានការ​ចម្រើន​លូតលាស់​ជា​បន្តបន្ទាប់​។ 
 
​សំណេរ​របស់​ប្រធានកិត្តិយស​គណបក្សកាន់អំណាច​រូបនេះ គឺ​៖«​យើង​បានប្រែក្លាយ​ពី​ប្រទេស​គ្មានអ្វី​សោះ មកជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប ហើយ​យើង​បន្ត​ប្រឹងប្រែង អភិវឌ្ឍ​ប្រទេស​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នាពេល​អនាគត តាម​ចក្ខុវិស័យ​ច្បាស់លាស់​និង​ត្រឹមត្រូវ​របស់​យើង​»​។​
 
​លោក គឹម សុខ អ្នកវិភាគ​នយោបាយ ដែល​និរទេស​ខ្លួន​ទៅ​បរទេស បាន​បង្ហោះ​សារ​លើ​គណនី​ហ្វេ​ស​ប៊ុ​កថា​៖«​ព្រលឹង​៧​មករា​រស់ ខ្មែរ​វិនាស អាច​ធ្លាក់​សូន្យ​»​។ លោក យល់ថា ដើម្បី​អាច​សង្គ្រោះ​ស្ថានការណ៍​កម្ពុជា​បាន គឺ​ត្រូវការ​គណបក្សប្រឆាំង​ខ្លាំង ហើយ​គណបក្សប្រឆាំង អាច​ខ្លាំង​បាន គឺ​ត្រូវការ​មេដឹកនាំ​នយោបាយ​ខ្លាំង​។ សម្រាប់​លោក មេដឹកនាំ​នយោបាយ​ខ្លាំង គឺជា​បុគ្គល​ដែលមាន​គុណសម្បត្តិ​មួយចំនួន ដូចជា ឆន្ទៈ​ជាតិ សីលធម៌​នយោបាយ ផែនការ​ជាក់លាក់ គុណធម៌​នយោបាយ និង​ហ៊ាន​ធ្វើ​ពលិកម្ម​ដឹកនាំ​អនុវត្ត​ផែនការ ទោះជា​ជីវិត​ត្រូវ​ប្រឈម ជាដើម​។​
 
​លោក មា​ជ សុវណ្ណារ៉ា មន្ត្រីជាន់ខ្ពស់​ម្នាក់​នៃ​អតីត​គណបក្សប្រឆាំង បាន​បញ្ចេញមតិ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​ដែរ​ថា ៧​មករា ជា​ថ្ងៃ​ដែល​ខ្មែរ​មិនទាន់​អាច​ឯកភាព​ទទួលយកបាន​ជា​ថ្ងៃ​រួម​នៃ​បុណ្យជាតិ ព្រោះតែ​មតិ​ចម្រូងចម្រាស់​គ្នា​ទាំង​២ គឺ​១ យល់ថា ៧​មករា ជា​ថ្ងៃ​វៀតណាម ចូល​ឈ្លានពាន​កម្ពុជា និង​១​ទៀត យល់ថា ជា​ថ្ងៃ​វៀតណាម​ចូលមក​ជួយ​រំដោះ​កម្ពុជា​ចេញពី​របប​ខ្មែរក្រហម​។ 
 
​លោក មា​ជ សុវណ្ណារ៉ា ដែល​ធ្លាប់​ជាប់ពន្ធនាគារ​ជាង​៣​ឆ្នាំ ពីបទ​ដឹកនាំ​ធ្វើ​កុប្បកម្ម ហ៊ាន​អះអាងថា បើ​វៀតណាម ពិតជា​ចូល​ជួយ​ខ្មែរ​ឲ្យ​រស់រានមានជីវិត​ផុត​ចេញពី​របប​វាលពិឃាត​មែន ពលរដ្ឋ​ខ្មែរ ពិតជា​មិន​ភ្លេចគុណ​ទេ​។ ប៉ុន្តែ លោក បាន​លើក​ចម្ងល់​ដែល​មនុស្ស​មួយចំនួន​ធ្លាប់​ឆ្ងល់​កន្លងមក​ថា ចុះ​ពេល​ចូលមក​រំដោះ​ខ្មែរ​រួចហើយ ហើយ​បើ​វៀតណាម មាន​ភាពស្មោះត្រង់ ដោយ​មិន​ចូលមក​ឈ្លានពាន​កម្ពុជា​ពិតមែន ហេតុដូចម្តេច វៀតណាម មិន​សហការ​ជាមួយ​សហគមន៍​អន្តរជាតិ ជាពិសេស​អង្គការសហប្រជាជាតិ ឲ្យ​ចូល​មកជួយ​ធ្វើ​អន្តរាគមន៍​ការពារ​ខ្មែរ​បន្ត​ជាមួយគ្នា​? ម្តេច​វៀតណាម ចាំបាច់​បន្ត​កើតជា​សង្គ្រាម​វាយ​ប្រយុទ្ធ​គ្នា​ជាង​១០​ឆ្នាំ​ជាមួយ​អតីត​ចលនា​តស៊ូ​ត្រីភាគី (​សម្តេចព្រះ នរោត្តម សីហនុ លោក សឺ​ន ​សាន និង លោក ខៀវ សំផន​)? 
 
​មន្ត្រីជាន់ខ្ពស់​នៃ​អតីត​គណបក្សប្រឆាំង ដែល​កំពុង​រស់នៅក្នុង​ស្រុក​រូបនេះ មិនបាន​អារកាត់​ដោយ​ខ្លួនឯង​នោះទេ​ថា ថ្ងៃ​៧​មករា ឆ្នាំ​១៩៧៩ ជា​ថ្ងៃ​វៀតណាម ចូលមក​ជួយ​ឬ​ចូលមក​ឈ្លានពាន​កម្ពុជា​។ ប៉ុន្តែ លោក បែរជា​ឲ្យ​តម្លៃ​យ៉ាង​ជាក់លាក់​លើ​សន្ធិសញ្ញា​សន្តិ​ភាព​ទីក្រុង​ប៉ារីស​ទៅវិញ​។ 
 
​លោក បង្ហាញ​ទស្សន​របស់លោក​ថា​៖«​បើ​យើង​និយាយ​ជារួម ថ្ងៃ​ដែល​ឯកភាពគ្នា​ដោយ​សន្តិភាព​ទាំង​ជាតិ​និង​អន្តរជាតិ​សម្រាប់​កម្ពុជា គឺ ២៣​តុលា ឆ្នាំ​១៩៩១ នៃ​សន្ធិសញ្ញា​សន្តិភាព​ក្រុងប៉ារីស ដែល​គ្រប់​ជម្លោះ​ភាគី​ទាំង​៤ [​គឺ រដ្ឋ​កម្ពុជា សម្តេចព្រះ នរោត្តម សីហនុ លោក សឺ​ន សាន និង ខ្មែរក្រហម​] បាន​ឯកភាពគ្នា​បញ្ចប់សង្គ្រាម​ប្រយុទ្ធ​គ្នា​»​។ 
 
​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​និយាយ​នូវ​ពាក្យ ដែល​គណបក្ស​របស់លោក តែង​និយាយ​កន្លងមក​ថា ថ្ងៃ​៧​មករា ឆ្នាំ​១៩៧៩ គឺជា​ថ្ងៃ​សច្ចធម៌​ប្រវត្តិសាស្ត្រ និង​ជា​ថ្ងៃកំណើត​ទី​២​របស់​ប្រជាជន​កម្ពុជា​។ លោក បន្តថា មាន​ថ្ងៃ​៧​មករា ឆ្នាំ​១៩៧៩ ទើប​មាន​នយោបាយ​បង្រួបបង្រួម​ជាតិ និង​ឈានដល់​ការចុះ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ថ្ងៃ​២៣​តុលា ឆ្នាំ​១៩៩១​។ 
 
​លោក បន្ថែម មាន​ថ្ងៃ​៧​មករា ឆ្នាំ​១៩៧៩ ទើប​មាន​នយោបាយ​ឈ្នះ​ឈ្នះ ដែល​ធ្វើ​ឲ្យ​អង្គការ​ចាត់តាំង​នយោបាយ​និង​យោធា​ខ្មែរក្រហម​ត្រូវ​រលំរលាយ​ទាំងស្រុង ហើយ​នាំមក​នូវ​សន្តិភាព​ពេញលេញ​និង​ការឯកភាព​ជាតិ​នៅក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​។ លោក មានប្រសាសន៍​ទៀតថា មាន​សន្តិភាព​និង​ការឯកភាព​ជាតិ ទើប​កម្ពុជា មានឱកាស ដើម្បី​កសាង​និង​អភិវឌ្ឍ​ប្រទេស ឲ្យ​មានការ​រីកចម្រើន​ដូច​សព្វ​។ 
 
​តាមរយៈ​សារ​ក្នុង​បណ្តាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម អ្នកនាំពាក្យ​គណបក្សកាន់អំណាច​រូបនេះ សរសេរ​ដូច្នេះ​ថា​៖«​មាន​ថ្ងៃ​៧​មករា​៧៩ ទើប​មាន​ជីដូន​ជីតា​យើង មាន​ឪពុកម្តាយ​យើង មាន​បងប្អូន​យើង និង មាន​យើង​ថ្ងៃនេះ​។ មាន​ថ្ងៃ​៧​មករា ទើប​មាន​អ្វីៗ​ទាំងអស់​នៅថ្ងៃនេះ​និង​ទៅ​អនាគត​ទៀត​»​។ 
 
​នៅ​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០២១​នេះ គឺជា​ខួប​លើក​ទី​៤២​នៃ​ទិវា​ជ័យជម្នះ​៧​មករា​។ ដោយនៅ​បារម្ភ​ពី​ការ​រាលដាល​ជំងឺ​កូ​វីដ​-១៩ គណបក្ស​ប្រជាជន​កម្ពុជា សម្រេច​មិន​ប្រារព្ធ​និង​ជួបជុំគ្នា​ទ្រង់ទ្រាយ​ធំ​ដូច​រៀងរាល់ឆ្នាំ​ឡើយ​។ តែ​គណបក្ស ដែល​ដឹកនាំ​រដ្ឋាភិបាល​ជាង​៣​ទសវត្សរ៍​មួយ​នេះ បាន​ណែនាំ​ឲ្យ​គ្រប់​សាខា​របស់ខ្លួន រៀបចំ​ស្លាក​សញ្ញា (Logo) និង​ពាក្យស្លោក​ផ្សេងៗ នៅតាម​ទីតាំង​នានា ដើម្បី​អបអរសាទរ​ទិវា​៧​មករា​។ 
 
​គេ មិនដឹងថា ពេលណា ទើប​ខែ្មរ​គ្រប់ភាគី មាន​ឯកភាពគ្នា​លើ​ថ្ងៃ​៧​មករា​នេះឡើយ​៕ 
 
 
 

Tag:
 ៧​មករា​
  មតិផ្ទុយ
© រក្សាសិទ្ធិដោយ thmeythmey.com