កីឡាអន្តរជាតិ
អន្តរជាតិ
Premier League រកឃើញ​អ្នក​ឆ្លង COVID-19 ៤០​ករណី ច្រើន​បំផុត​មិន​ធ្លាប់មាន​
07, Jan 2021 , 2:59 pm        
រូបភាព
​ក្របខណ្ឌ Premier League បានបញ្ជាក់​នៅ​ថ្ងៃទី​៥ ខែមករា​ថា​មាន​កីឡាករ និង​បុគ្គលិក​ចំនួន ៤០ នាក់​បានធ្វើ​តេស្ត​ចេញ​លទ្ធផល​វិជ្ជមាន​ជំងឺ COVID-19 បន្ទាប់ពី​ការធ្វើ​តេស្ត​ពីរលើក​កាលពី​សប្តាហ៍​មុន​។ បើ​ទោះ​មាន​ករណី​ឆ្លង​ច្រើន ហើយ​អង់គ្លេស​ទើប​បិទ​ប្រទេស​ជាថ្មី ប៉ុន្តែ​ការប្រកួត​លី​គ​អាជីពរ​នៅតែ​មិនមាន​ការពន្យារ ឬ​ផ្អាក​ឡើយ​។​



​តួលេខ​ដ៏​ច្រើន​នេះ ជា​ចំនួន​ឆ្លង​ទ្វេដង​បើ​ធៀប​នឹង​កំណត់ត្រា​មុនៗ ដែលមាន​ចំនួន​ច្រើន​បំផុត​១៨​ករណី​។ កាលពី​សប្តាហ៍​មុន ជំនួប​ក្នុង​លី​គ​កំពូល​អង់គ្លេស​ចំនួន​៣​ប្រកួត​ត្រូវ​ពន្យារពេល ដោយសារ​ការផ្ទុះ​ឡើងជា​ថ្មី​នៃ​ជំងឺ​រាតត្បាត​សកល​នេះ​។ ប្រទេស​អង់គ្លេស ក្រោម​ការសម្រេច​របស់​នាយករដ្ឋមន្ត្រី​លោក Boris Johnson បាន​បិទ​ប្រទេស​ជាថ្មី​ម្តងទៀត​នៅ​ថ្ងៃទី​៥ មករា ដើម្បី​ទប់ស្កាត់​ការកើនឡើង​ករណី​ឆ្លង​ថ្មី​។​
 
​ការធ្វើ​តេស្ត​ពីរដង​ក្នុង​មួយ​សប្តាហ៍​ត្រូវបាន​អនុវត្តន៍​នៅ​រដូវ​កាល​មុន​សម្រាប់​ក្របខណ្ឌ Premier League ប៉ុន្តែ​រដូវ​កាល​ថ្មី​នេះ​បាន​កាត់បន្ថយ​ត្រឹម​១​លើក​ក្នុង​មួយ​សប្តាហ៍​។ ការធ្វើ​តេស្ត​លើក​ទី​១ លើ​មនុស្ស​១៣១១​នាក់ កាលពី​សប្តាហ៍​មុន​មាន​ករណី​វិជ្ជមាន​ចំនួន​២៨​ករណី និង​លើក​ទី​២​ចេញ​លទ្ធផល​វិជ្ជមាន​ចំនួន​១២​ករណី​បន្ថែមទៀត ពី​ការធ្វើ​តេស្ត​លើ​ចំនួន​សមាជិក​នៃ​លី​គ​កំពូល​អង់គ្លេស​៩៨៤​រូប​។​
 
​បើទោះជា​មានការ​បិទ​ប្រទេស និង​ករណី​ឆ្លង​ច្រើន​នៅ Premier League បែបនេះ​ក្តី ប៉ុន្តែ​រដ្ឋាភិបាល​អង់គ្លេស​នៅតែ​អនុញ្ញាត​ឲ្យ​ការប្រកួត​លី​គ​កីឡាបាល់ទាត់ និង​កីឡា​កម្រិត​អាជីព​នៅ​អង់គ្លេស​ផ្សេងទៀត​បន្ត​យុទ្ធនាការ​របស់ខ្លួន​ដដែល ក្រោម​លក្ខខណ្ឌ​បិទទ្វារ​កីឡដ្ឋាន​៕

Tag:
 Premier League
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com