អន្តរជាតិ
ចិន​ជូនដំណឹង​ដល់​ប្រទេស​នៅតាម​ដង​ទន្លេមេគង្គ​ក្រោម ពី​ការ​បង្ខាំង​ទឹក​ទុក​នៅ​ទំនប់​វា​រី​អគ្គិសនី​របស់ខ្លួន​
07, Jan 2021 , 7:59 pm        
រូបភាព
​រូប​ឯកសារ​៖ អ្នកនេសាទ​កំពុង​នេសាទ​ត្រី​នៅក្នុង​ទន្លេមេគង្គ នៅ​ខេត្ត Nakhon Phanom ប្រទេស​ថៃ ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៩​។​
​រូប​ឯកសារ​៖ អ្នកនេសាទ​កំពុង​នេសាទ​ត្រី​នៅក្នុង​ទន្លេមេគង្គ នៅ​ខេត្ត Nakhon Phanom ប្រទេស​ថៃ ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៩​។​
ដោយ: VOA
​ប្រទេស​ចិន​បាន​ជូនដំណឹង​ដល់​ប្រទេស​ខ្សែទឹក​ខាងក្រោម​ដង​ទន្លេមេគង្គ​ថា ខ្លួន​បាន​បង្ខាំង​ទឹកទន្លេ​នេះ នៅក្នុង​ទំនប់​វា​រី​អគ្គិសនី​របស់ខ្លួន​មួយកន្លែង​ដែល​ស្ថិតនៅ​ខ្សែទឹក​ខាងលើ​ចំនួន​២០​ថ្ងៃ ដែលជា​ផ្នែក​មួយ​នៅក្នុង​កិច្ចព្រមព្រៀង​ចែករំលែក​ទិន្នន័យ​ថ្មី​អំពី កម្រិត​ទឹក​នោះ​។ នេះ​បើតាម​ការលើកឡើង​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ របស់​គណៈកម្មការ​ទ​ន្លេ​មេគង្គ​និង​ប្រទេស​ថៃ​នោះ​។​

 
​សេចក្តីថ្លែងការណ៍​នេះ​ត្រូវបាន​ធ្វើឡើង​មួយថ្ងៃ ក្រោយ​ប្រព័ន្ធ​ត្រួតពិនិត្យ​ថ្មី​មួយ​ដែល​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក​នោះ បាន​ឲ្យ​ដឹងថា ប្រទេស​ចិន​បាន​ខកខាន​ក្នុងការ​ជូនដំណឹង​ដល់​បណ្តា​ប្រទេស​នៅតាម​ដង​ទន្លេមេគង្គ​ខាងក្រោម ដែល​បាន​បង្ខាំង​ទឹក​ទុក​ចាប់តាំងពី​ថ្ងៃទី​៣១ ខែធ្នូ​កន្លងទៅនេះ​។​
 
​ប្រទេស​ចិន​កាលពី​ខែតុលា​កន្លងទៅ បាន​យល់ព្រម​ចែករំលែក​ទិន្នន័យ​អំពី​កម្រិត​ទឹក​ជាមួយ​គណៈកម្មការ​ទ​ន្លេ​មេគង្គ ដែលជា​ស្ថាប័ន​ប្រឹក្សា​មួយ ទៅ​ឲ្យ​ប្រទេស​ថៃ ឡាវ កម្ពុជា និង​ប្រទេស​វៀតណាម ដែល​បាន​ស្វែងរក​ជា​យូរ​មកហើយ​នូវ​ទិន្នន័យ​អំពី​កម្រិត​ទឹក​នេះ​សម្រាប់ធ្វើ​ផែនការ​នានា​។ 
 
​ប្រជាជន​សរុប​ប្រមាណ​ជាង​៦០​លាន​នាក់ នៅតាម​បណ្តា​ប្រទេស​ខ្សែទឹក​ខាងក្រោម​ទន្លេមេគង្គ រស់នៅ​ដោយ​ពឹងផ្អែក​ទៅលើ​របរ​នេសាទ និង​ការធ្វើ​កសិកម្ម​។​
 
​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​ទឹក​របស់​ប្រទេស​ថៃ បាន​ឲ្យ​ដឹងថា ប្រទេស​ចិន​បាន​ជូនដំណឹង​ដល់​ខ្លួន កាលពី​ថ្ងៃ​អង្គា​រថា ទំនប់​វា​រី​អគ្គិសនី​របស់​ចិន Jinghong ចាប់ពី​ថ្ងៃទី​៥ ដល់​ថ្ងៃទី​២៤ មករា នឹង​កាត់បន្ថយ​អត្រា​បញ្ជូន​ទឹក​ចេញពី​ចំនួន​១.៩០៤​ម៉ែត្រ​គីប​ក្នុង​មួយ​វិនាទី ទៅ​ត្រឹម​១.០០០​ម៉ែត្រ​គីប ក្នុង​មួយ​វិនាទី​វិញ ដែល​ការកាត់បន្ថយ​បរិមាណ​នៃ​ការ​បើកទឹក​ចេញ​នេះ មាន​ចំនួន​ប្រមាណ​៤៧%៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com