ជាតិ
សេដ្ឋកិច្ច
ខេត្ត​ប៉ៃលិន ត្រៀម​គ្រែ​ចំនួន​២០០​ទៀត សម្រាប់​ច​ត្តា​ឡី​ស័ក​ពលករ​មកពី​ថៃ
07, Jan 2021 , 3:45 pm        
រូបភាព
អ្នកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន
អ្នកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន
​អ្នកស្រី បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន​ត្រៀម​គ្រែ​បន្ថែមចំនួន​២០០​ទៀត  នៅក្នុង​មណ្ឌល​ច​ត្តា​ឡី​ស័ក​ថ្មី​(​មន្ទីរ​បក្ស​ខេត្ត​) សម្រាប់​ឱ្យ​ពលករ​មកពី​ប្រទេស​ថៃ ធ្វើ​ច​តា្ត​ឡី​ស័ក​។ អ្នកស្រី បាន​បញ្ជាក់ថា ការត្រៀម​គ្រែ​បន្ថែម​នេះ  ព្រោះ​មិន​ចង់ឱ្យ​ដឹកជញ្ជូន​ពលករ​ឆ្លងទៅ​ខេត្ត​ផ្សេងទៀត​។​

 
​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​៧ មករា ពលករ​មកពី​ប្រទេស​ថៃ​ចំនួន​២៥៣​នាក់ កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក នៅតាម​មណ្ឌល​ច​ត្តា​ឡី​ស័ក​ទាំង​៤​នៅក្នុង​ខេត្ត​ប៉ៃលិន​។ បើតាម​អ្នកស្រី បាន ស្រីមុំ ពលករ​ច​ត្តា​ឡី​ស័ក​ទាំងនោះ គឺមាន​ពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន​ផ្ទាល់ ប្រមាណ​តែ​៤០​ភាគរយ​ប៉ុណ្ណោះ ក្នុងចំណោម​អ្នក​ទាំងនោះ​។ ក្រៅពីនេះ សុទ្ធសឹង​ជា​ពលករ​រស់នៅ​តាម​បណ្តា​ខេត្ត​នានា ដែល​តម្រូវឱ្យធ្វើ​សត្តា​ឡី​ស័ក​នៅ​ខេត្ត​ប៉ៃលិន​។​
 
«​ពលករ​ធ្វើ​ច​ត្តា​ឡី​ស័ក និង​មាន​វិជ្ជមាន​កូ​វីដ​-១៩ នៅ​ខេត្ត​ប៉ៃលិន គឺ​មិនមែន​សុទ្ធតែជា​ពលរដ្ឋ​រស់នៅ​ខេត្ត​ប៉ៃលិន​ឡើយ​។ មានន័យថា ពលករ​រស់នៅ​ខេត្ត​ផ្សេងៗ​ដែល​ចេញពី​ថៃ គឺ​បាន​ចូល​តាម​ច្រក​ខេត្ត​ប៉ៃលិន​យើង​។ មាន​ពលករ​រស់នៅ​ខេត្ត​ផ្សេងៗ​ដែល​មកពី​ថៃ បាន​ឆ្លងកាត់​តាម​ខេត្ត​ប៉ៃលិន​យើង​! អ៊ីចឹង​ទើប​ខាង​កងកម្លាំង​យើង​សហការ​ជាមួយ​មន្ត្រី​ក្រសួង​ភិ​បាល បាន​យក​ពួកគាត់​ធ្វើ​ច​ត្តា​ឡី​ស័ក និង​ធ្វើតេស្ត​រកឃើញ​វិជ្ជមាន​កូ​វីដ​-១៩​មួយចំនួន​លើ​ពលករ​ទាំងនោះ​»​។ នេះ​ជាការ​លើកឡើង​របស់​អ្នកស្រី បាន ស្រីមុំ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​។​


 
​ក្រៅពី​ពលរដ្ឋ​រស់នៅ​ខេត្ត​ប៉ៃលិន​ផ្ទាល់ គឺមាន​អ្នករស់នៅ​បាត់ដំបង និង​បន្ទាយមានជ័យ​ជាដើម កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ទីនោះ​។ អ្នកស្រី​បាន ស្រីមុំ បាន​បញ្ជាក់ថា  ក្នុង​មួយថ្ងៃៗ មាន​ពលករ​ខ្មែរ​ដែល​ធ្វើដំណើរ​មកពី​ប្រទេស​ថៃ ចូល​កម្ពុជា​តាម​ច្រកព្រំដែន​ខេត្ត​ប៉ៃលិន ចន្លោះ​ពី​១០​ទៅ​២០​នាក់​។  
 
​បើតាម​របាយការណ៍​លោក កែវ វណ្ណ​ថន អគ្គនាយករង និង​ជា​អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ពលករ​ខ្មែរ​៤,៤១៥​នាក់​ហើយ បាន​ត្រឡប់មក​កម្ពុជា​វិញ គិត​ត្រឹម​ថ្ងៃទី​៦ មករា​។ ក្រៅពី​ពលករ​ខ្មែរ​សម្រុក​មកវិញ ក៏មាន​ពលរដ្ឋ​ខ្មែរ​ជិត​២៤០​នាក់ លួច​ឆ្លងដែន​ខុសច្បាប់​ទៅ​ប្រទេស​ថៃ​ដែរ​។ នេះ​បើតាម​របាយការណ៍​ពី​លោក កែវ វណ្ណ​ថន ដដែល​។​
 
​សូមជម្រាបថា គិត​ត្រឹម​ថ្ងៃទី​៧ មករា ក្រសួងសុខាភិបាល រកឃើញ​ពលករ​ខ្មែរ​២០​នាក់​ហើយ ដែល​ត្រឡប់​ពី​ប្រទេស​ថៃ​វិញ មាន​ជំងឺ​កូ​វីដ​-១៩ ។ ពួកគេ​ទាំងនោះ ត្រូវបាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅតាម​មណ្ឌល​សុខភាព​នានា ក្នុង​ខេត្ត​ប៉ៃលិន បាត់ដំបង និង​បន្ទាយមានជ័យ​។ បច្ចុប្បន្ន​កម្ពុ​ជាមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ សរុប ៣៨៥​នាក់ ដោយ​ក្នុងនោះ មាន​៣៦២​នាក់​បានជា​សះស្បើយ ខណៈ​ថៃ មាន​អ្នក​ឆ្លង​ជាង​៩​ពាន់​នាក់ ជាសះស្បើយ​ជាង​៤​ពាន់​នាក់ និង​ស្លាប់​៦៦​នាក់​៕
 


Tag:
 COVOD-19
  អ្នកស្រី បាន ស្រីមុំ​
  ប៉ៃលិន​
© រក្សាសិទ្ធិដោយ thmeythmey.com