COVID-19
អន្តរជាតិ
ចិន ប្រាប់ WHO កុំ​ឲ្យ​បារម្ភ​ពី​ការពន្យារពេល​បេសកកម្ម​អ្នកជំនាញ​អន្តរជាតិ​
07, Jan 2021 , 7:29 pm        
រូបភាព
លោកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិន។ រូបថតពីក្រសួងការបរទេសចិន
លោកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិន។ រូបថតពីក្រសួងការបរទេសចិន
ដោយ:
​នៅ​ថ្ងៃទី​៦ មករា ក្រសួងការបរទេស​ចិន​ប្រាប់​អង្គការ​សុខភាព​ពិភពលោក (WHO) កុំ​ឲ្យ​បារម្ភ​ខ្លាំងពេក​ចំពោះ​ការពន្យារ​ក្នុង​ការផ្តល់​ការអនុញ្ញាត​ឲ្យ​ចូល​ប្រទេស​ចិន​របស់​ក្រុមការងារ WHO ។ ក្រសួងការបរទេស​ចិន អះអាងថា ក្រៅពី​ផ្ត​កា​រល់​ទិដ្ឋាការ ខ្លួន​កំពុងធ្វើការ​លើ​ដំណើរការ​ចាំបាច់​សម្រាប់​ការស៊ើបអង្កេត​របស់​ក្រុមការងារ WHO ផងដែរ​។​

 
​នៅ​ថ្ងៃទី​៥ មករា អគ្គនាយក​WHO លោក​Tedros Adhanom Ghebreyesus និយាយថា​លោក​ខកចិត្ត​យ៉ាងខ្លាំង​ចំពោះ​រដ្ឋាភិបាល​ចិន ដែល​ពុំទាន់​អនុញ្ញាត​ឲ្យ​ក្រុមការងារ​អន្តរជាតិ​របស់​អង្គការ​នេះ ចូលទៅ​សិក្សា​ពី​ប្រភព​នៃ​ជំងឺឆ្លង​កូ​វីដ​-១៩​នៅ​ចិន​។ លោក Tedros រំឭក​អាជ្ញាធរ​ចិន​ថា បេសកកម្ម​ស្រាវជ្រាវ​របស់​អ្នកជំនាញ ជា​អាទិភាព​របស់ ស្ថាប័ន​សុខាភិបាល​អន្តរជាតិ​មួយ​នេះ​។​
 
 
​តប​ទៅនឹង​ការលើកឡើង​របស់​ប្រមុខ WHO លោកស្រី Hua Chunying អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​អះអាងថា ការ​មិនទាន់​អនុញ្ញាត​ឲ្យ​ក្រុម​អ្នកជំនាញ​ចូល​ប្រទេស​ចិន មិនមែន​មកពី​បញ្ហា​ទិដ្ឋាការ​មួយ​មុខ​ប៉ុណ្ណោះ​ទេ​។ លោកស្រី Hua លើកឡើងថា មាន​ការយល់ច្រលំ​រវាង​ចិន និង WHO  ហើយ​ភាគី​ទាំងពីរ​កំពុង​ពិភាក្សា​ពី​ពេលវេលា និង​ការរៀបចំ​ផ្សេងៗ​ទៀត​។​
 
«​អាច​នឹងមាន​ការយល់​ច្រឡំ ប៉ុន្តែ​គេ​មិនចាំបាច់​បកស្រាយ​ច្រើនជាង​នេះឡើយ​»​។ នេះ​ជាការ​លើកឡើង​របស់លោក​ស្រី Hua ក្នុង​សន្និសីទ​សារព័ត៌មាន នា​ថ្ងៃទី​៦ មករា​។ លោកស្រី​បន្តថា អ្នកជំនាញ​ចិន ក៏​កំពុង​រវល់​ជាមួយនឹង​ទប់ស្កាត់​ការឆ្លង​នៃ​ជំងឺ​កូ​វីដ​-១៩ បំប្លែង​ខ្លួន ដែល​ផ្ទុះឡើង​ក្នុង​ទីតាំង​មួយចំនួន​ក្នុងប្រទេស​ចិន​។​
 
​ចំណែក​លោក Liang Wannian អ្នកជំនាញ​ជំងឺឆ្លង និង​ជា​អ្នកពិនិត្យ​វិធានការ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ របស់​ចិន អះអាងថា បេសកកម្ម​របស់ WHO នឹង​ចាប់ផ្តើម​នាពេល​ឆាប់ៗ​ខាងមុខនេះ​។ ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន Bloomberg នា​ថ្ងៃទី​៦ មករា លោក​បញ្ជាក់ថា ក្រុម​កា​ងារ WHO និង​អ្នកជំនាញ​ចិន នឹង​រួមគ្នា​វិភាគ​ទិន្ន័យ និង​សំណាក​តេស្ត​ដែល​យក​មកពីផ្សារ​លក់​សត្វព្រៃ​ក្នុង​ក្រុង​វូ​ហាន ទី​ដែល​ជំងឺ​កូ​វីដ​-១៩ ផ្ទុះឡើង​ដំបូង​។ លោក​Liang ធ្វើការ​រួមគ្នា​ជាមួយ​WHO ក្នុងការ​បង្កើត​ផែនការ​តាមរក​ប្រភព​នៃ​ជំងឺ​កូ​វីដ​-១៩ តាំងតែ​ពី​ខែកក្កដា ឆ្នាំ​២០២០​មកម្ល៉េះ​។​
 
​ការពន្យារពេល​ដោយ​ចិន​នេះ នាំ​ឲ្យ​សហគមន៍​អន្តរជាតិ​បារម្ភ និង​សង្ស័យថា រដ្ឋាភិបាល​ចិន​មានបំណង​ក្នុងការ​រារាំង ការស្វែងរក​ប្រភព​ជំងឺ​កូ​វីដ​-១៩ ដែល​បានសម្លាប់​មនុស្ស​ជាង​១,៨​លាន​នាក់​។ ហ៊ុំព័ទ្ធ​ដោយ​ការរិះគន់​ពី​សហគមន៍​អន្តរជាតិ​ចំពោះ​ការ​លាក់បាំង​ពី​ស្ថានការណ៍​ធ្ងន់ធ្ងរ​នៃ​ជំងឺ​នេះ​នៅពេល​ផ្ទុះឡើង​ដំបូង សារព័ត៌មាន​រដ្ឋ​ចិន និង​រដ្ឋមន្ត្រីការបរទេស​ចិន​ផង លើកឡើងថា ការសិក្សា​ជាច្រើន​បង្ហាញថា​ជំងឺ​នេះ​មិនមែន​ផ្ទុះឡើង​ក្នុងប្រទេស​ចិន​តែមួយ​ប៉ុណ្ណោះ​ទេ​។ ការលើកឡើង​នេះ នាំ​ឲ្យ​មន្ត្រី WHO អះអាងថា ជាការ​ស្មាន​ដោយ​គ្មាន​ភស្តុតាង​ច្បាស់លាស់​។​
 
​ក្រសួងការបរទេស​ចិន អះអាងថា WHO និង​ចិន​សម្រេចបាន​កិច្ចព្រមព្រៀង​ស្តីពី​ការស្រាវជ្រាវ​ប្រភព​ជំងឺឆ្លង​កូ​វីដ​-១៩ កាលពី​ខែតុលា ឆ្នាំ​២០២០​។ ចិន ក៏បាន​អញ្ជើញ​អ្នកជំនាញ​របស់​WHO​មក​ទស្សនកិច្ច​នៅ​ចិន​ចំនួន​២​ដង​ដើម្បី​សហការ​ក្នុងការ​ស្វែងរក​ប្រភព​ជំងឺ និង​បាន​ជួបប្រជុំ​ពី​ចម្ងាយ​ចំនួន​៤​ដង​ផងដែរ​៕
 
 

Tag:
 ចិន​
  WHO
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com