ជាតិ
ក្រសួង​ប្រៃសណីយ៍ ណែនាំ​ពី​វិធានការ​រារាំង​ការវាយប្រហារ​លើ WhatsApp
07, Jan 2021 , 8:29 pm        
រូបភាព
​ភ្នំពេញ​៖ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ណែនាំ​ឲ្យ​អ្នកប្រើប្រាស់ WhatsApp ទាំងអស់​មិនត្រូវ​ប្រាប់​ឬ​ឆ្លើយតប​សារ​ដោយ​បញ្ជូន​លេខ​៦ ដែល​ទទួលបាន​ពីសារ​ពី​ក្រុមហ៊ុន WhatsApp ទៅ​ប្រភព​ដែល​ផ្ញើមក​អ្នក​ឬ​អ្នកផ្សេង​ឡើយ ដើម្បី​ជៀសវាង​មានការ​លួច​គណនី​របស់​អ្នក​។

 
​កាលពី​ថ្ងៃទី​៥ ខែមករា ក្រសួង​ប្រៃសណីយ៍ បានចេញ​សេចក្ដីជូនដំណឹង​ស្ដីពី វិធានការ​រារាំង​ការវាយប្រហារ​តាម​ប្រព័ន្ធ WhatsApp ក្រោយ​ទម្រង់​ជាការ​បញ្ជូន​លេខ​កូដ​៦​ខ្ទង់ តាមរយៈ SMS ដោយ​ចៃដន្យ​។ 
 
​ក្រសួង​បញ្ជាក់ថា ចោរ​បច្ចេកវិទ្យា (Hackers) បាន​ក្លែងបន្លំ​ផ្ញើ​សារ​តាម WhatsApp ទៅ​អ្នកប្រើប្រាស់ ដោយមាន​ខ្លឹមសារ​ថា «Sorry! I sent 6-digit code by SMS by mistake. Can you transfer it to me? It is urgent»​។ ជាមួយគ្នា​ដែរ ខ្លឹមសារ​នេះ ក៏បាន​ផ្ញើ​ទៅកាន់​មិត្ត​ផ្សេងទៀត​របស់​អ្នក​ផងដែរ ប្រសិន​គណនី​របស់​អ្នក​ត្រូវបាន​គេ​លួច​។ 
 
​តាម​ការសង្កេត​របស់​ក្រសួង ឃើញ​មានការ​វាយប្រហារ​ក្លែងបន្លំ​នេះ កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​។ ដូច្នេះ ដើម្បី​ជៀសវាង ចោល​គណនី​លួច​ចូល​គណនី​របស់​អ្នក អ្នក​ត្រូវ​ពិនិត្យ​ខ្លឹមសារ​ដែល​បុគ្គល​ផ្សេង​ផ្ញើមក​ឲ្យ​បានច្បាស់លាស់ មុននឹង​ធ្វើតាម​ការស្នើ​សុំ​អ្វីមួយ​។ ករណី​សង្ស័យថា អ្នកប្រើប្រាស់​មិនមែនជា​ម្ចាស់​គណនី​ត្រូវ ទាក់ទង​សួរ​តាម​ទូរស័ព្ទ​សួរ​ដោយផ្ទាល់​។ ប្រសិន​អ្នក​ផ្ញើ​សារ​មក​អ្នក មិនមែនជា​ម្ចាស់​គណនី​ដែល​អ្នក​ដែល​អ្នក​ធ្លាប់​ស្គាល់​ត្រូវ​បិទ​(Block) ការឆ្លើយ​ឆ្លង ដើម្បី​សុវត្ថិភាព​។ 
 
«​សូមបញ្ជាក់ថា អ្នកប្រើប្រាស់​ទាំង​អស់មិ​ន​ត្រូវ​ផ្ញើ​លេខ​កូដ​៦-​ខ្ទង់ ទៅ​ឲ្យ​អ្នកដទៃ​នោះទេ បើទោះជា​មនុស្ស​ដែល​ស្គាល់គ្នា​ឬ​ធ្លាប់​ផ្ញើ​សារ​(Chat) ជាមួយគ្នា​រាល់ថ្ងៃ​ក៏ដោយ ជាពិសេស លេខ​កូដ ៦-​ខ្ទង់ នៃ​កម្មវិធី​បណ្ដាញ​សង្គម ដូចជា WhatsApp, Telegram, Messenger, Viber, Line, ឬ​កម្មវិធី​ប្រើប្រាស់​សេវា​ធនាគារ​តាម​ទរ​សព្ទ​ជាដើម​»​។ នេះ​បើតាម​ការណែនាំ​របស់​ក្រសួង​ប្រៃសណីយ៍​។ 
 
​ជាមួយគ្នា​ដែរ ក្រសួង​បាន​បញ្ជាក់ថា អ្នកប្រើប្រាស់​ទាំងអស់​ប្រសិនបើ​ចង់​ស្វែងយល់​ពី​បច្ចេកទេស​ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើ​បន្ថែម អាចទាក់ទង​ទៅកាន់​នាយកដ្ឋាន​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​នៃ​ក្រសួង​ប្រៃសណីយ៍​៕

Tag:
 Hacker
  WhatsApp
  បច្ចេកវិទ្យា​
© រក្សាសិទ្ធិដោយ thmeythmey.com