ជាតិ
ទូត​រុស្ស៊ី​៖ មោទកភាព​ដែល​រុស្ស៊ី​ស្ថិត​ក្នុងចំណោម​មិត្ត​ដំបូង​របស់​កម្ពុជា​ក្រោយ​៧​មករា​
07, Jan 2021 , 6:59 pm        
រូបភាព
លោក អាណា​តូ​លី​យ បូ​រ៉​វី (Anatoly Borovik) ឯកអគ្គរដ្ឋទូត​រុស្ស៊ី ប្រចាំ​កម្ពុជា តាមរយៈ​បណ្តាញ​សង្គម Twitter របស់ខ្លួន បាន​ផ្ញើ​សារ​អបអរសាទរ​ខួប​លើក​ទី​៤២​នៃ​ទិវា​ជ័យជម្នះ​លើ​របប​ប្រល័យពូជសាសន៍ ខ្មែរក្រហម​។

 
«​ខ្ញុំ​រីករាយ និង​មាន​មោទកភាព​ដែល​ប្រទេស​រុស្ស៊ី​ស្ថិតក្នុង​ចំណោម​មិត្ត​ដំបូងបង្អស់​របស់​ប្រជាជាតិ​នេះ ដែល​ក្នុង​គ្រានោះ​ហើយ​បាន​ជួយ​កសាង​សេដ្ឋកិច្ចកម្ពុជា​ឡើងវិញ​»​។ នេះ​ជាការ​លើកឡើង​របស់លោក​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​កម្ពុជា​។​
 
​សម្រាប់​ថ្ងៃទី​៧ ខែមករា ឆ្នាំ​១៩៧៩ លោក Anatoly Borovik បាន​វាយតម្លៃថា ជា​ជំហាន​ដំបូង​ឆ្ពោះទៅរក​សន្តិភាព និង​ស្ថេរភាព​នៅក្នុង​ប្រទេស​កម្ពុជា​។​


 
​ជាមួយនឹង​សារ​ជា​អក្សរ លោក​ឯកអគ្គរដ្ឋទូត​រុស្ស៊ី ក៏បាន​ភ្ជាប់​នូវ​រូបថត​ឯកសារ​មួយ​សន្លឹក​ផងដែរ រវាង​ប្រតិភូ​កម្ពុជា និង​ប្រតិភូ​រុស្ស៊ី​។ ប្រតិភូ​កម្ពុជា មានដូចជា​សម្តេច ហេង សំរិន សម្តេច ហ៊ុន សែន និង​លោក ប៉ែន សុវណ្ណ ។​
 
​កាលពី​អំឡុង​ខែវិច្ឆិកា ឆ្នាំ​១៩៨៧ សម្តេច ហេង សំរិន ដែល​កាលនោះ​ជា​អគ្គលេខាធិការ​បក្ស​ប្រជាជន​បដិវត្ត​កម្ពុជា បាន​ដឹកនាំ​ប្រតិភូ​ទៅ​ចូលរួម​កិច្ចប្រជុំ​នៅ​សហភាពសូវៀត និង​អបអរ​ខួប​ទី​៧០​ឆ្នាំ​នៃ​បដិវត្តន៍ខែតុលា នៅ​វិមាន​ក្រេ​ម​ឡាំង​ផងដែរ​៕
 

Tag:
 ៧​មករា
© រក្សាសិទ្ធិដោយ thmeythmey.com