COVID-19
អន្តរជាតិ
ជប៉ុន ប្រកាស​ដាក់​ទីក្រុង​តូ​ក្យូ និង​ខេត្ត​បី​ទៀត​ក្នុងស្ថានភាព​អាសន្ន​ជាថ្មី​
07, Jan 2021 , 9:29 pm        
រូបភាព
ប្រជាជនជប៉ុន ពាក់ម៉ាស់ ដើរនៅក្នុងទីក្រុងតូក្យូ។ រូបភាព៖ AP
ប្រជាជនជប៉ុន ពាក់ម៉ាស់ ដើរនៅក្នុងទីក្រុងតូក្យូ។ រូបភាព៖ AP
​នាយករដ្ឋមន្ត្រី​ជប៉ុន នៅ​ថ្ងៃទី​៧ ខែមករា បានប្រកាស​ដាក់​ទីក្រុង​តូ​ក្យូ​, ខេត្ត​Saitama, ខេត្ត Chiba និង​ខេត្ត Kanagawa ដាក់​ក្នុងស្ថានភាព​អាសន្ន ជា​លើក​ទី​២ បន្ទាប់ពី​មាន​ករណី​ឆ្លង​កូ​វីដ​-១៩ ហក់​ឡើង​ខ្លាំង​។ ចំណាត់ការ​នេះ នឹងមាន​សុពលភាព​ចាប់ពី​ថ្ងៃទី​៨ ខែមករា ដល់​ថ្ងៃទី​៧ ខែកុម្ភៈ​។



​ករណី​ឆ្លង​កូ​វីដ​-១៩ នៅ​ជប៉ុន បាន​ហក់​ឡើង​យ៉ាងខ្លាំង​មួយរយៈ​ចុងក្រោយ​។ នៅ​ថ្ងៃទី​៧ ខែមករា ករណី​ឆ្លង​នៅក្នុង​ទីក្រុង​តូ​ក្យូ មាន​ចំនួន ២៤៤៧ ករណី​ឯណោះ​។ ចំណែក​នៅ​ថ្ងៃទី​៦ ខែមករា ជប៉ុន​មាន​ករណី​ឆ្លង​នៅ​ទូទាំងប្រទេស​ចំនួន ៤៣៥៧ ករណី​។ 
 
​ដើម្បី​ទប់ស្កាត់​ករណី​ឆ្លង ដែល​នៅតែ​បន្ត​ហក់​ឡើង​បែបនេះ រដ្ឋាភិបាល​ជប៉ុន បានប្រកាស​ដាក់​ទីក្រុង​តូ​ក្យូ​, ខេត្ត​Saitama, ខេត្ត Chiba និង​ខេត្ត Kanagawa នៅក្នុង​ស្ថានភាព​អាសន្ន​។ នេះ​ជាការ​ប្រកាស​ដាក់​តំបន់​ក្នុងស្ថានភាព​អាសន្ន​ជា​លើក​ទី​២ ហើយ​នៅ​ជប៉ុន​។ លោក ស៊ូ​ហ្កា យូ​ស៊ី​ហ៊ី​ដេ ជា​អ្នក​ប្រកាស​ដំណឹង​នេះ​ដោយផ្ទាល់​។ 
 
​វិធាន​ការដែល​នឹងមាន​សុពលភាព​ចាប់ពី​ថ្ងៃទី​៨ ខែមករា ដល់​ខែកុម្ភៈ​នេះ នឹង​ស្នើ​ឲ្យ​ប្រជាជន​ស្នាក់​នៅផ្ទះ និង​កាត់បន្ថយ​ការទិញ​ទំនិញ​នៅ​ហាង​ផ្សេងៗ ឯ​ភោជនីយដ្ឋាន បារ ត្រូវ​ឈប់​លក់​ស្រា ត្រឹម​ម៉ោង​៧​យប់ និង​បិទ​ហាង​នៅត្រឹម​ម៉ោង​៨​យប់​។ ចំណែក​កន្លែង​ហាត់ប្រាណ កន្លែង​លក់ទំនិញ កន្លែង​កម្សាន្ត​ផ្សេងទៀត នឹងត្រូវ​បើក​តិច​ម៉ោងជាង​មុន​។  
 
​បន្ថែម​ពីលើ​នេះ បុគ្គលិក​ក្រុមហ៊ុន ត្រូវបាន​លើកទឹកចិត្ត​ឲ្យ​មក​ធ្វើការ​នៅផ្ទះ ដើម្បី​កាត់បន្ថយ​បុគ្គលិក​ពី​ការិយាល័យ​ឲ្យ​បាន ៧០​ភាគរយ​។ ចំណែក​ព្រឹត្តិការណ៍​ផ្សេងៗ ត្រូវ​កាត់បន្ថយ​មនុស្ស​ចូលរួម​ចំនួន ៥០​ភាគរយ​។ ខុសពី​ប្រទេស​ដទៃ ជប៉ុន មិន​ដាក់ពិន័យ​ដល់ បុគ្គល​ដែល​បំពាន​នឹង​បញ្ញត្តិ​ក្នុងពេល​ប្រកាស​ស្ថានភាព​អាសន្ន​ឡើយ​។ ចំណែក​ការប្រលង​ចូល​សកល​វិទ្យាល័យ ត្រូវធ្វើឡើង​ដូច​តាម​ការកំណត់​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Kyodo​។ 
 
​ទន្ទឹមនេះ ជប៉ុន ក៏​បានចេញ​ប្រាក់​សំណង ដល់​ហាង​មួយចំនួន ដែល​សហការ​ជាមួយ​រដ្ឋាភិបាល ក្នុងការ​កាត់បន្ថយ​ម៉ោង​លក់ដូរ​ទំនិញ និង​អាហារ​ផងដែរ​។ សំណង​ទាំងនោះ​មាន​ចាប់ពី ៣៩០​ដុល្លារ ដល់ ៥៧៩​ដុល្លារ ក្នុង​មួយថ្ងៃ​។ 
 
​ការដាក់​តំបន់​ក្នុងស្ថានភាព​អាសន្ន​នេះ ត្រូវបាន​រដ្ឋាភិបាល​អះ​អាង​ថា ដើម្បី​ជួយ​សម្រាល​បន្ទុក​មន្ទីរ​ពេទ្យ ដែល​កំពុងមាន​អ្នកជំងឺ​កូ​វីដ​-១៩ ជាច្រើន​នាក់​។ ម្យ៉ាង​វិធានការ​នេះ ធ្វើឡើង​ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​នៃ​កូ​វីដ​-១៩ នៅក្នុង​តំបន់​ទាំងនោះ​ផង​។​
 
​សូមបញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​៦ ខែមករា ជប៉ុន​មាន​ករណី​ឆ្លង​សរុប​ចំនួន ២៥២៣១៧​ករណី និង​អ្នក​ស្លាប់មាន​ចំនួន ៣៧១៩​នាក់​។ ចំណែក​អ្នកជា​សះស្បើយ​មាន​ចំនួន ២០៧០៣៩​នាក់​៕  

Tag:
 ជប៉ុន​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com