COVID-19
ជាតិ
រដ្ឋបាលក្រុងប៉ោយប៉ែត ហាមអាជីវករខ្មែរចូលផ្សាររោងក្លឿថៃបណ្តោះអាសន្ន ទិដ្ឋភាពនៅច្រកប៉ោយប៉ែត កាលពីឆ្នាំ២០២១៦
× លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្រកាសថា រដ្ឋបាលរបស់លោក បានផ្អាកការអនុញ្ញាតឲ្យអាជីវករខ្មែរ ដឹកទំនិញចេញចូលក្នុងផ្សាររោងក្លឿ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២១។ ការផ្អាកនេះ គឺបន្ទាប់ពីឃើញថៃ ផ្ទុះជំងឺកូវីដ-១៩ កាន់តែខ្លាំង។
លោក គាត ហ៊ុល អះអាងក្នុងសេចក្តីជូនដំណឹងរបស់លោក ដែលចេញនៅថ្ងៃទី៦ ខែមករាម្សិលមិញថា រដ្ឋាភិបាលថៃ ក៏នឹងផ្អាកការអនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែរ ចូលដឹកទំនិញក្នុងផ្សាររោងក្លឿដែរ ចាប់ពីថ្ងៃទី១០ ខែមករាទៅ។ ជាមួយគ្នានេះ លោក អំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ ដែលកំពុងស្នាក់នៅក្នុងប្រទេសថៃនិងក្នុងផ្សាររោងក្លឿ ឲ្យចូលរួមអនុវត្តវិធានការរបស់រដ្ឋាភិបាលថៃ ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩។
ប្រទេសថៃ ដែលបានស្រាកស្រាន្តពីជំងឺកូវីដ-១៩ហើយនោះ បានចាប់ផ្តើមផ្ទុះជំងឺនេះឡើងវិញ ក្នុងពេលថ្មីៗនេះ ដោយការផ្ទុះនេះ គឺផ្តើមចេញពីខេត្ត សាមុត សាខន។ គិតត្រឹមថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ ថៃ មានអ្នកឆ្លងជំងឺកូវីដ-១៩ ជាង៩,៦នាក់ហើយ ដោយក្នុងនោះ ស្លាប់៦៨នាក់ និងបានជាសះស្បើយវិញជាង៤,៥ពាន់នាក់។
របាយការណ៍របស់ក្រសួងសុខាភិបាលថៃ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី ៧ មករា ឆ្នាំ២០២១នេះដដែល អាជ្ញាធរ បានរកឃើញពលករខ្មែរ១០៨នាក់ ដែលកំពុងរស់នៅប្រទេសថៃ បានឆ្លងជំងឺកូវីដ-១៩។
ចំណែក ពលករខ្មែរ មកពីថៃ ត្រូវបានក្រសួងសុខាភិបាលកម្ពុជា រកឃើញ២០នាក់ហើយ ដែលឆ្លងជំងឺកូវីដ-១៩។ ចំនួនសរុបនៃឆ្លងជំងឺនេះនៅកម្ពុជា ឡើងដល់៣៨៥នាក់ ដោយគិតត្រឹមថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ តែបានជាសះស្បើយវិញ៣៦២នាក់។
ប្រមុខរដ្ឋាភិបាលកម្ពុជា អំពាវនាវឲ្យពលករកម្ពុជា ដែលកំពុងរស់នៅក្នុងប្រទេសថៃ ជឿជាក់លើសមត្ថភាពរដ្ឋាភិបាលថៃ លើការទប់ស្កាត់ជំងឺកូវីដ-១៩ ហើយកុំទាន់អាលចាកចេញពីថៃ វិលមកស្រុកវិញក្នុងដំណាក់កាលនេះ ដើម្បីជៀសវាងការឆ្លងជំងឺកូវីដ-១៩ដល់ខ្លួនឯង និងដើម្បីជៀសវាងការនាំជំងឺនេះចូលមកកម្ពុជា៕
Tag:
COVID-19
ផ្អាកចូលផ្សាររោងក្លឿ
© រក្សាសិទ្ធិដោយ thmeythmey.com