ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
លោក កើត រិទ្ធ ដឹកនាំគណៈកម្មការបណ្ឌិតសភាទទួលបន្ទុកអនុម័តពាក្យច្បាប់
08, Jan 2021 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៥ ខែមករា បានចេញអនុក្រឹត្យពាក់ព័ន្ធនឹងការកែសម្រួលស្តីពីការបង្កើតគណៈកម្មការបណ្ឌិតសភាទទួលបន្ទុកអនុម័តពាក្យច្បាប់ (គ.ប.ច.)។ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ទទួលបន្ទុកជាប្រធាន។



បង្កើតឡើងកាលពីឆ្នាំ២០០៣ គណៈកម្មការបណ្ឌិតសភាទទួលបន្ទុកអនុម័តពាក្យច្បាប់ (គ.ប.ច.) ដំបូងឡើយស្ថិតនៅក្រោមទីស្តីការគណៈរដ្ឋមន្ត្រី ដែលកាលណោះ ដឹកនាំដោយលោក សំ សុខផល អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់។

នៅឆ្នាំ២០១៣ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ទេរគណៈកម្មការនេះ ឲ្យស្ថិតនៅក្រោមការទទួលខុសត្រូវរបស់ក្រសួងយុត្តិធម៌វិញ។ បន្ទាប់មក លោក អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌នាពេលនោះ មានតួនាទី ជាប្រធាន។

សម្រាប់សមាសភាពដឹកនាំថ្មីចាប់ពីឆ្នាំ២០២១នេះ លោក កើត រិទ្ធ មានអនុប្រធាន៣រូបគឺលោក ច័ន្ទ សំណព្វ លោក ហ៊ែល ចំរើន និងលោក ឆាយ ហុកផេង។

សមាជិកចាស់មួយចំនួនមានដូចជា លោក សូ មុយឃៀង លោក សឹង ផុស លោក ឃាង សេង លោក ស៊ា ម៉ៅ លោក តាន់ហ៊ាង ដាវ័ណ្ណ លោក ហ៊ីង គីមថន កញ្ញា ហេ ផល្លាសម្បត្តិ និងលោក អែម ឧត្តម។

រីឯសមាជិកថ្មីមាន លោកស្រី ខៀវ សុផានី លោក នាក់ សើគីរីន លោក សន សោភ័ណ លោក ចាយ ច័ន្ទតារាវណ្ណ លោក អ៊ូច ចាន់ណូរ៉ា លោក បែន វិស្នូ លោក មូសារ អ៊ីស្សាម លោក ឃ្លោក ដារ៉ា លោក យ៉ាន់ វ៉ាន់ដឺលុច និងលោក ផង់ ភិរុណ។

តាមមាត្រា១-ថ្មី ដដែល គ.ប.ច. អាចមានសមាសភាពបន្ថែមផ្សេងទៀតដែលត្រូវជ្រើសរើសចេញពីក្នុងចំណោមឥស្សរជន ឬមន្ត្រីរាជការ ដែលមានចំណេះដឹង និងបទពិសោធន៍ការងារក្នុងវិស័យនីតិសាស្ត្រ រដ្ឋបាល សេដ្ឋកិច្ច ហិរញ្ញវត្ថុ ឬអក្សរសាស្ត្រ៕


© រក្សាសិទ្ធិដោយ thmeythmey.com