ជាតិ
ត្រី​ប្រា ងាយ​ចិញ្ចឹម និង​ទីផ្សារ​ទូលាយ តែ​តម្លៃថោក​
08, Jan 2021 , 11:28 am        
រូបភាព
កន្លែងចិញ្ចឹមត្រីប្រា (រូបភាពពីលោក វេង សាខុន)
កន្លែងចិញ្ចឹមត្រីប្រា (រូបភាពពីលោក វេង សាខុន)
ដោយ:
​ភ្នំពេញ​៖ ត្រី​ប្រា មានតម្លៃ​សមរម្យ ជាង​ត្រី​ដទៃ និង​ជាទី​ពេញនិយម សម្រាប់​អ្នក​បរិភោគ​។ តែ​អំឡុង​វិបត្តិ​កូ​វីដ​-១៩ បានធ្វើ​ឲ្យ អ្នក​ចិញ្ចឹម​ត្រី​ប្រា កំពុង​ប្រឈម​ការ​ខាត​ប្រាក់ចំណូល ព្រោះ​តម្លៃថោក ត្រឹម ៤ ពាន់​រៀល ដល់ ៤​ពាន់​២​រយ​រៀល ក្នុង​មួយ​គីឡូក្រាម​។​

 
​កសិករ លីម សុខ​ហេង អ្នក​ចិញ្ចឹម​ត្រី​ប្រា ស្ថិតនៅ​ភូមិ​សំរោង​ត្បូង សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។ ជិត​២០​ឆ្នាំ​ហើយ ដែល​គ្រួសារ​លោក លីម សុខ​ហេង បាន​ចិញ្ចឹម​ត្រី​ប្រា ដោយសារ​មាន​ទីផ្សារ ទូលាយ ងាយ​ចិញ្ចឹម និង​មានការ​ពេញនិយម សម្រាប់​អ្នក​បរិភោគ​។ បើតាម​កសិករ លឹម សុខ​ហេង អំឡុង​វិបត្តិ​កូ​វីដ​-១៩ នេះ ធ្វើ​ឲ្យ​តម្លៃ​ត្រី​ប្រា ធ្លាក់​ដល់​តម្លៃ ជាង ៤ ពាន់​រៀល ដល់ ៤​ពាន់​២​រយ​រៀល ខណៈ​កាល​មិនទាន់មាន​កូ​វីដ​-១៩ អាច​លក់បាន ៤​ពាន់​៥​រយ​រៀល ទៅ ៤​ពាន់​៧​រយ​រៀល ក្នុង​មួយ​គីឡូក្រាម​។ 
 
​មាន​វ័យ ៣០​ឆ្នាំ កសិករ​រូបនេះ បាន​ប្រាប់​សារព័ត៌មាន​ThmeyThmey25 យ៉ាង​ដូច្នេះ​៖«​ទើប​ឆ្នាំ​២០២០ ដែលមាន​កូ​វីដ ហ្នឹង​ទេ ដែល​តម្លៃ​ត្រី​ប្រា ថោក ត្រឹម ៤​ពាន់​១​រយ​រៀល ពេលខ្លះ ចុះ​ដល់​ជាង ៣ ពាន់​រៀល ក៏មាន​»​។ ដ្បិត​មិន​បង្ហាញ ចំនួន​ទឹកប្រាក់​នៃ​ការខាតបង់ តែ​លោក សុខ​ហេង ប្រាប់ថា អំឡុង​កូ​វីដ​-១៩​នេះ ការចិញ្ចឹម​ត្រី​ប្រា របស់លោក មានការ​ខាត​ច្រើន ព្រោះ តម្លៃ​ត្រី​ក៏​ធ្លាក់ និង​ទីផ្សារ​ចង្អៀត​ទៀត ម្យ៉ាង​ត្រូវ​ចំណាយ​លើ​ចំណី និង​កម្លាំង​ពលកម្ម​ទៀត​។​


កសិករកំពុងផ្ដល់ចំណីត្រីប្រា (រូបភាពពីហ្វេសប៊ុកលោក វេង សាខុន) 

«​កូ​វីដ​-១៩ និង​ការ​នាំចូល​ត្រី ពី​ខាងក្រៅ ដូចជា វៀតណាម ជា​មូលហេតុ​ចម្បង ដែល​ធ្វើ​ឲ្យ ត្រី​ចុះថោក និង​ធ្វើ​ឲ្យ​ទីផ្សារ​ត្រី ក្នុងស្រុក​ចង្អៀត​។ បើ​សកម្មភាព​នេះ​(​ការនាំ​ត្រី​ចូល​) នៅតែ​បន្ត អ្នក​ចិញ្ចឹម​ត្រី នៅតែ​ប្រឈម នឹង​ការខាតបង់​»​។ នេះ​បើតាម​កសិករ លីម សុខ​ហេង​។​
 
​ដោយឡែក កសិករ វ៉ន វ៉ាន់ណេត ជា​អ្នក​ចិញ្ចឹម​ត្រី​ប្រា មួយរូប​ដែរ ស្ថិតក្នុង​ភូមិ​រពាក់​ពេន ឃុំ​ទ្រៀល ស្រុក​តាំងគោក ខេត្តកំពង់ធំ បាន​ប្រាប់​សារព័ត៌មាន​ThmeyThmey25 តាម​ទូរ​សព្ទ​ថា​៖«​តម្លៃ​ត្រី​ប្រា ក្នុង​ខេត្តកំពង់ធំ លក់បាន ៤ ០០០​រៀល ក្នុង​មួយ​គីឡូក្រាម គ្មាន​អ្នកទិញ​ផង​»​។ ដ្បិត​ត្រី​ប្រា លក់បាន​ថោក និង​ពិបាក​លក់ តែ​កសិករ រូបនេះ នៅតែ​ចិញ្ចឹម ព្រោះ​វា​ងាយ​ចិញ្ចឹម និង​ឆាប់​បាន​លក់​(៧​ទៅ​៨​ខែ​) ម្យ៉ាង​ពលរដ្ឋ​ខ្មែរ និយម​បរិភោគ​ផងដែរ​។​
​។ 
 
​មាន​បទពិសោធ​ចិញ្ចឹម​ត្រី​ប្រា ៥​ឆ្នាំ កសិករ វ៉ាន់ណេត បន្ថែមថា ដ្បិត​លោក ជា​សមាជិកសមាគម​វា​រី​វប្បករ​កម្ពុជា តែ​ទីផ្សារ​ត្រី នៅតែ​ចង្អៀត​ដដែល ព្រោះ​នៅតែ​មានការ​នាំចូល​ត្រី​ពី​ខាងក្រៅ​។​
 
«​បន្ទាប់ពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​បង្កើត​គណៈកម្មកា​រ ជំរុញ​វា​រី​វប្ប​ម្ម​កម្ពុជា ដើម្បី​ដោះស្រាយ​បញ្ហា ដល់​វា​រី​វប្បករ​កម្ពុជា និង​ទប់ស្កាត់​ការនាំ​ចូល​ត្រី ពី​ខាងក្រៅ ស្ថានភាព​ទីផ្សារ​ត្រី​នៅ​កម្ពុជា មិនមាន​អ្វី​ប្រែប្រួល​ច្រើន​ទេ ហើយ​អ្នក​ចិញ្ចឹម ក៏​មិនទាន់​ចំណេញ​ដែរ ដោយ​តម្លៃលើស​មុន​ត្រឹម ១០០​ទៅ ២០០​រៀល គ្រាន់តែ​រួច​ថ្លៃដើម​ប៉ុណ្ណោះ​»​។ នេះ​បើតាម​លោក សុខ រ៉ា​ដែន ប្រធាន​សមាគម​វា​រី​វប្បករ​កម្ពុជា​៕


រូបភាពពីហ្វេសប៊ុកលោក វេង សាខុន


Tag:
 វារីវប្បកម្ម​
 ​ត្រី​ប្រា​
© រក្សាសិទ្ធិដោយ thmeythmey.com