COVID-19
អន្តរជាតិ
WHO៖ ប្រទេសក្រីក្រ អាចទទួលវ៉ាក់សាំងកូវីដ-១៩ ចន្លោះចុងខែមករា និងពាក់កណ្ដាលខែកុម្ភៈ WHO៖ ប្រទេសក្រីក្រ អាចទទួលវ៉ាក់សាំងកូវីដ-១៩ ចន្លោះចុងខែមករា និងពាក់កណ្ដាលខែកុម្ភៈ
× ក្រុមប្រទេសក្រីក្របំផុត អាចរំពឹងទទួលបានវ៉ាក់សាំងជំងឺកូវីដ-១៩ នៅចន្លោះចុងខែមករា និងពាក់កណ្ដាលខែកុម្ភៈខាងមុខ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីទទួលវ៉ាក់សាំងរបស់អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃទី៧ ខែមករា។ ស្របពេលវ៉ាក់សាំងជាច្រើនកំពុងស្ថិតក្រោមការអភិវឌ្ឍនៅតាមដំណាក់កាលផ្សេងៗ WHO ក៏ប្រកាសដែរថា អាចនឹងផ្ដល់ការអនុញ្ញាតឲ្យប្រើប្រាស់បន្ទាន់នៅពេលបន្តបន្ទាប់ទៀត។
មជ្ឈមណ្ឌល COVAX ដែលបង្កើតនៅខែមេសា ឆ្នាំ២០២០ ជាយន្តការដ៏សំខាន់របស់អង្គការសុខភាពពិភពលោកក្នុងការទិញ និងការធានាការចែកចាយវ៉ាក់សាំងកូវីដ-១៩ ។ COVAX បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនឱសថនានាដើម្បីទិញវ៉ាក់សាំង២ពាន់លានដូស ដើម្បីចែកឲ្យប្រទេសក្រីក្រ និងមានចំណូលទានចំនួន៩២ នៅទូទាំងប្រទេស ដោយប្រទេសនីមួយៗអាចទទួលបានវ៉ាក់សាំង២០ភាគរយនៃចំនួនប្រជាជនសរុប។
លោកស្រី Kate O'Brien ប្រធានផ្នែកវ៉ាក់សាំងរបស់ WHO និយាយថា ការផ្ដល់វ៉ាក់សាំងដំបូងទៅកាន់ប្រទេសក្រីក្រ អាចនឹងចាប់ផ្ដើមនៅប៉ុន្មានសប្ដាហ៍ទៀត។ ក្នុងសន្និសីទអនឡាញនៅថ្ងៃទី៧ ខែមករា លោកស្រី O'Brien បញ្ជាក់កាលបរិច្ឆេទទទួលវ៉ាក់សាំងថា WHO នឹងបញ្ចេញវ៉ាក់សាំងទាំងជាង២ពាន់លានដូស ប្រហែលនៅចុងខែមករា ឬចាប់ពីពាក់កណ្ដាលខែកុម្ភៈដល់ចុងខែកុម្ភៈ។
«នេះជារបៀបដែលប្រទេសនៅអាហ្វ្រិក និងអាស៊ីខាងត្បូង និងប្រទេសឯទៀតនៅជុំវិញពិភពលោកទាំង៩២ ដែលពិបាកទទួលបានវ៉ាក់សាំង អាចទទួលបានវ៉ាក់សាំង។» លោកស្រី O'Brien បញ្ជាក់បែបនេះ។
កាលពីថ្ងៃទី៣១ ខែធ្នូ WHO ក៏បានផ្ដល់ការទទួលស្គាល់បន្ទាន់លើវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer ដែលសហការជាមួយក្រុមហ៊ុនអាល្លឺម៉ង់ BioNTech ។ ការទទួលស្គាល់នេះ បើកផ្លូវឲ្យប្រទេសក្រីក្រដែលមិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការវាយតម្លៃលើគុណភាពវ៉ាក់សាំង អាចពន្លឿននីតិវិធីក្នុងស្រុករៀងៗខ្លួនដើម្បីអាចប្រើប្រើប្រាស់វ៉ាក់សាំងបានរហ័ស។
យោងតាមរបាយការណ៍ WHO វ៉ាក់សាំង៦៣ហើយ បានសាកល្បងលើមនុស្ស ហើយ២១ទៀត ស្ថិតក្នុងការសាកល្បងទ្រង់ទ្រាយធំ។ វ៉ាក់សាំង១៧២ទៀត ស្ថិតក្នុងការអភិវឌ្ឍក្នុងមន្ទីរពិសោធ ហើយដែលអាចឈានដល់ការសាកល្បងលើមនុស្ស។ លោកស្រី O'Brien អះអាងថា ជាមួយនឹងវ៉ាក់សាំងច្រើន WHO កំពុងសកម្មក្នុងការត្រួតពិនិត្យទិន្នន័យរបស់វ៉ាក់សាំងទាំងនោះ ហើយរំពឹងថា នឹងបញ្ចូលក្នុងវ៉ាក់សាំងនោះក្នុងបញ្ជីប្រើប្រាស់បន្ទាន់នៅពេលសប្ដាហ៍ខាងមុខ និងខែខាងមុខៗ៕
© រក្សាសិទ្ធិដោយ thmeythmey.com