ជាតិ
សេដ្ឋកិច្ច
GSP អស់សុពលភាព, កម្ពុជា និង ប្រទេសជាង១០០ទៀត ត្រូវបង់ពន្ធ ពេលនាំទំនិញចូលអាមេរិក
08, Jan 2021 , 12:48 pm        
រូបភាព
ទិដ្ឋភាពរោងចក្រផ្នែកវាយនភ័ណ្ឌមួយនៅកម្ពុជា (រូបពីក្រសួងព័ត៌មាន)
ទិដ្ឋភាពរោងចក្រផ្នែកវាយនភ័ណ្ឌមួយនៅកម្ពុជា (រូបពីក្រសួងព័ត៌មាន)
ភ្នំពេញ៖ កម្ពុជា បាត់ EBA ២០ភាគរយ និងកំពុងជួបការលំបាកផ្នែកសេដ្ឋកិច្ច ដោយសារជំងឺកូវីដ-១៩ ហើយពេលនេះ កម្ពុជា ត្រូវបង់ពន្ធជូនអាមេរិកទៀត ពេលនាំទំនិញចូលអាមេរិក ព្រោះ GSP អស់សុពលភាពហើយ។ សមាគមផ្នែកវិស័យកាត់ដែរ សង្ឃឹមថា អាមេរិក នឹងផ្តល់សុពលភាព GSP ឡើងវិញក្នុងពេលឆាប់ៗ។



ប្រព័ន្ធអនុគ្រោះពន្ធទូទៅរបស់សហរដ្ឋអាមេរិក ដែលហៅកាត់ជាភាសាអង់គ្លេសថា GSP (Generalized System of Preferences) បានផុតរលត់សុពលភាពទៅហើយ ចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០មក។ នេះបើតាមសេចក្តីជូនដំណឹងរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។

សេចក្តីជូនដំណឹងរបស់ GMAC បានឲ្យដឹងថា ការអស់សុពលភាពប្រព័ន្ធអនុគ្រោះពន្ធ GSP គឺដោយសារតែសភាអាមេរិក យឺតយ៉ាវក្នុងការអនុម័តច្បាប់ ដើម្បីផ្តល់សុពលភាពដល់ប្រព័ន្ធអនុគ្រោះពន្ធនេះឡើងវិញ។ GMAC បន្តថា មានប្រទេសនិងដែនដីសរុប១១៩ ដោយក្នុងនោះ ក៏មានកម្ពុជាដែរ ដែលទទួលបានប្រព័ន្ធអនុគ្រោះពន្ធ GSP របស់អាមេរិក។

GMAC បញ្ជាក់ថា ការអស់សុពលភាពប្រព័ន្ធអនុគ្រោះពន្ធ GSP គឺជាបញ្ហាមួយ សម្រាប់ប្រទេសនិងដែនដីទាំង១១៩។ បើតាម GMAC ក្នុងរយៈពេលនៃការអស់សុពលភាពប្រព័ន្ធអនុគ្រោះពន្ធ GSP ទំនិញ ដែលនាំចេញពីប្រទេសនិងដែនដីទាំង១១៩ ចូលទៅអាមេរិក នឹងត្រូវជាប់អត្រាពន្ធ MFN។ (ការបង់ពន្ធ គឺគិតតាមគោលការណ៍ MFN)។

MFN (The Most-Favoured-Nations) គឺសំដៅលើប្រទេសដែលគួរទទួលបានការអនុគ្រោះពន្ធបំផុត។ MFN ជាប្រភេទនៃការអនុគ្រោះពន្ធមួយ ដល់ប្រទេស ដែលគេមើលឃើញថា គួរតែទទួលបានការអនុគ្រោះពន្ធបំផុត។ ប្រទេសទាំងនោះ គឺជាប្រទេសក្រីក្រ សេដ្ឋកិច្ច មិនមានសក្តានុពលខ្លាំងក្លា និង មានការរីកចម្រើនតិចតួច។

យ៉ាងណា GMAC អះអាងថា ផលប៉ះពាល់ផ្ទាល់ នឹងកើតមានលើអ្នកបញ្ជាទិញនិងអ្នកនាំចូល ព្រោះពួកគេ នឹងត្រូវតម្រូវឲ្យបង់ពន្ធ ពេលនាំទំនិញចូលអាមេរិក រហូតដល់ប្រព័ន្ធអនុគ្រោះពន្ធ GSP ត្រូវបានផ្តល់សុពលភាពឡើងវិញ។

លោក អាត់ ធន់ មេសហជីពមួយរូប មើលឃើញថា ការផុតសុពលភាពប្រព័ន្ធអនុគ្រោះពន្ធ GSP គឺប៉ះពាល់ដល់ការនាំចេញរបស់កម្ពុជា ជាពិសេស ផលិតផលនិងសម្ភារធ្វើដំណើរ ដូចជា កាបូប ជាដើម។ លោក បន្ថែមថា សម្រាប់ការនាំទំនិញក្នុងវិស័យកាត់ដេរ ទៅអាមេរិកតាមប្រព័ន្ធអនុគ្រោះពន្ធ MFN កម្ពុជានឹងត្រូវបង់ពន្ធប្រមាណ១២ទៅ៣៣ភាគរយ។

លោក ថ្លែងមកកាន់សារព័ត៌មានថ្មីៗតាមទូរស័ព្ទ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ដូច្នេះថា៖«ស្រុកខ្មែរ សម្រាប់ MFN គឺគិតពន្ធពី ១២ទៅ៣៣ភាគរយ លើផលិតផលក្នុងវិស័យកាត់ដេរ។ ចំណែក GSP កន្លងមកគឺមានលក្ខណៈពិសេសជាង [MFN] គឺ [GSP] មានកម្រិតអនុគ្រោះមិនយកពន្ធដល់សូន្យភាគរយលើទំនិញសម្ភារកាបូបធ្វើដំណើរ ហើយទំនិញផ្សេងទៀតជាប់ពន្ធប្រមាណ២ទៅ១២ភាគរយប៉ុណ្ណោះ»។

មេសហជីពរូបនេះ យល់ថា ការផ្លាស់ប្ដូរអ្នកដឹកនាំនៅអាមេរិក ពោលគឺ ប្រធានាធិបតីថ្មី លោក ចូ បៃឌិន ដែលគាំទ្រប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង មានឆន្ទៈបន្ថយភាពក្រីក្រលើពិភពលោក អាចនឹងបន្តកម្មវិធីប្រព័ន្ធអនុគ្រោះពន្ធ GSP នេះទៀត។ លោក ផ្តល់មតិថា ដើម្បីត្រៀមខ្លួនទទួលបានប្រព័ន្ធនេះបន្តឬប្រព័ន្ធអនុគ្រោះពិសេសណាមួយ កម្ពុជា គួរតែពិនិត្យនិងកែសម្រួលបញ្ហាសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ។

GSP ជាប្រភេទប្រព័ន្ធអនុគ្រោះពន្ធ ដែលអនុញ្ញាតឲ្យមានការនាំចូលទំនិញដោយមិនបង់ពន្ធ។ កម្ពុជា ទទួលបានប្រព័ន្ធអនុគ្រោះពន្ធ GSP ពីអាមេរិកតាំងឆ្នាំ១៩៩៧មក។ ប្រព័ន្ធអនុគ្រោះពន្ធ GSP នេះ អាចអនុញ្ញាតឲ្យកម្ពុជា នាំទំនិញនិងផលិតផលរាប់ពាន់មុខឯណោះ ទៅកាន់ទីផ្សារអាមេរិក។ ប៉ុន្តែ កម្ពុជា ពុំមានទំនិញនិងផលិតផលច្រើនមុខបែបនេះ នាំចូលទៅទីផ្សារមេរិកនោះទេ។ ភាគច្រើន គឺមានតែផលិតផលសម្រាប់ធ្វើដំណើរ (Travel Goods) ប៉ុណ្ណោះ ជាពិសេស វ៉ាលិស និង កាបូប ដែលកម្ពុជានាំទៅកាន់ទីផ្សារអាមេរិក។

ទំហំនៃការនាំចេញទំនិញកម្ពុជា ទៅកាន់អាមេរិក ក្នុងរយៈពេល១០ខែក្នុងឆ្នាំ២០២០ មានជាង៥ពាន់លានដុល្លារ។ ទំនិញភាគច្រើន ដែលកម្ពុជានាំចេញទៅកាន់ទីផ្សារអាមេរិក មានដូចជា កាបូបដៃ កាបូបយួរ និង វ៉ាលិស ជាដើម។

ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានបង្ហោះព័ត៌មានខ្លីលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២០ថា អាមេរិកគឺជាទីផ្សារនាំចេញធំជាងគេមួយរបស់កម្ពុជា ដោយកម្ពុជាបាននាំចេញក្នុងទឹកប្រាក់ជិត៥,៤ ពាន់លានដុល្លារ កាលពី២០១៩។ ផ្អែកលើព័ត៌មានពីស្ថានទូតអាមេរិក ទំនិញក្នុងតម្លៃជិត១ ពាន់លានដុល្លារ ជាទំនិញសម្រាប់ការធ្វើដំណើរ រួមមានកាបូបដៃ កាបូបស្ពាយ និង វ៉ាលិស ដែលត្រូវបានលើកលែងការបង់ពន្ធគយ នៅក្រោមប្រព័ន្ធអនុគ្រោះ GSP។

លោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ពន្យល់ថា GSP គឺកម្មវិធីមួយ ដែលប្រទេសអភិវឌ្ឍន៍ខ្ពស់ ផ្ដល់ភាពអនុគ្រោះ ដោយរួចពន្ធលើមុខទំនិញមួយចំនួនណានោះ ដល់ប្រទេសក្រីក្រ ដើម្បីអាចមានលទ្ធភាពរុញសេដ្ឋកិច្ចរបស់ខ្លួនឲ្យឆាប់រីកចម្រើន រីឯ MFN គឺជាអត្រាពន្ធសម្រាប់អនុវត្តចំពោះទំនិញនាំចូលពីគ្រប់ប្រទេសដូចៗគ្នា មិនមានការរើសអើងថា ប្រទេសនេះ បង់ពន្ធទាប ប្រទេសនោះ បង់ពន្ធខ្ពស់នោះទេ។

លោក មានប្រសាសន៍ជាមួយសារព័ត៌មានថ្មីៗតាមបណ្តាញទំនាក់ទំនងតេឡេក្រាម នៅថ្ងៃទី៨ ខែមករានេះថា ការផុតរលត់សុពលភាព GSP របស់អាមេរិក នឹងធ្វើឲ្យប្រទេសដែលធ្លាប់ទទួល GSP នេះ ត្រូវបង់ពន្ធតាមអត្រា MFN នៅពេលនាំទំនិញចូលទៅអាមេរិក។ លោក ប្រាប់ថា កន្លងទៅ ប្រទេស ដែលទទួលបាន GSP បានស្នើសុំអាមេរិកឲ្យបន្តសុពលភាព GSP តទៅទៀត។ លោក  រម្លឹកថា  កាលពីឆ្នាំ២០១៨ GSP បានផុតសុពលភាពម្ដងដែរ តែត្រូវបានប្រធានាធិបតី ដូណាល់ ត្រាំ បន្តឲ្យវិញ ហើយប្រាក់ពន្ធដែលបានបង់ហួសទៅហើយ អ្នកនាំចេញទទួលបានមកវិញ។

កាលពីអំឡុងខែសីហា ឆ្នាំ២០២០ សហភាពអឺរ៉ុប បានដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០ភាគរយពីកម្ពុជា។ វា មានន័យថា កម្ពុជា ត្រូវបង់ពន្ធលើមុខទំនិញ២០ភាគរយ ពេលនាំចូលទៅទីផ្សារអឺរ៉ុប។

EBA (Everything but Arms) គឺជាប្រព័ន្ធអនុគ្រោះព័ន្ធមួយ ដែលអនុញ្ញាតឲ្យមានការនាំទំនិញគ្រប់មុខ (លើកលែងតែអាវុធ) ចូលទៅទីផ្សារអឺរ៉ុប ដោយមិនបង់ពន្ធ។ កាលពីនៅទទួលបានប្រព័ន្ធអនុគ្រោះពន្ធ EBA ទាំង១០០ភាគរយ គឺកម្ពុជា នាំទំនិញគ្រប់មុខ (លើកលែងអាវុធ) ចូលទៅទីផ្សារអឺរ៉ុប ដោយមិនបង់ពន្ធ។

កម្ពុជា ទទួលបានប្រព័ន្ធអនុគ្រោះពន្ធ EBA ពីសហភាពអឺរ៉ុប តាំងពីឆ្នាំ២០០១មក។ បច្ចុប្បន្ន ក្នុងតំបន់អាស៊ាន មានប្រទេសកំពុងអភិវឌ្ឍតែ៣ប៉ុណ្ណោះ គឺ កម្ពុជា ឡាវ និង មីយ៉ាន់ម៉ា ដែលទទួលបានប្រព័ន្ធអនុគ្រោះពន្ធ EBA។

ការបាត់ EBA ២០ភាគរយ និងការអស់សុពលភាព GSP គឺស្របពេលដែលសេដ្ឋកិច្ចកម្ពុជា កំពុងជួបការលំបាកនិងធ្លាក់ចុះ ដោយសារវិបត្តិជំងឺកូវីដ-១៩ ស្រាប់ទៅហើយ។ យ៉ាងណា កម្ពុជា ទទួលបានសំណាងបន្តិចវិញ នៅពេលដែលចក្រភពអង់គ្លេស ប្រកាសផ្តល់ការអនុគ្រព័ន្ធ GSP ដល់កម្ពុជា។ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១ទៅ កម្ពុជា អាចនាំទិញទៅចក្រភពអង់គ្លេស ដែលទើបផ្តាច់សាច់ឈាមពីសហភាពអឺរ៉ុប ដោយមិនបង់ពន្ធ ក្រោមប្រព័ន្ធអនុគ្រោះពន្ធ GSP នេះ។

តាមរយៈសេចក្តីជូនដំណឹងរបស់ខ្លួន GMAC សរសេរថា ការទាមទារឲ្យផ្តល់សុពលភាពប្រព័ន្ធអនុគ្រោះពន្ធ GSP ឡើងវិញ គួរតែត្រូវបានបន្តធ្វើឡើង។ GMAC សង្ឃឹមថា ការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ GSP ដោយសភាអាមេរិក នឹងកើតឡើងនាពេលខាងមុខឆាប់ៗ៕

Tag:
 អាមេរិក
  GSP
  MFN
© រក្សាសិទ្ធិដោយ thmeythmey.com