ចិន ប្រៀបធៀប​ការអុកឡុក​វិមាន​សភា​អាមេរិក​ទៅនឹង​ការធ្វើ​បាតុកម្ម​នៅ​ហុងកុង​
អន្តរជាតិ
ចិន ប្រៀបធៀប​ការអុកឡុក​វិមាន​សភា​អាមេរិក​ទៅនឹង​ការធ្វើ​បាតុកម្ម​នៅ​ហុងកុង​
08, Jan 2021 , 3:24 pm        
រូបភាព
អ្នកនាំពាក្យក្រសួងការបរទេសបរទេសចិន Hua Chunying ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី៧ ខែមករា។ រូបថតពីវេបសាយក្រសួងការបរទេសចិន
អ្នកនាំពាក្យក្រសួងការបរទេសបរទេសចិន Hua Chunying ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី៧ ខែមករា។ រូបថតពីវេបសាយក្រសួងការបរទេសចិន
ដោយ ៖ឈួន ឈី​វ​អ៊ីង
 
​ការអុកឡុក​វិមាន​សភា​អាមេរិក​ដោយ​ក្រុម​អ្នកគាំទ្រ​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ត្រូវបាន​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន ប្រៀបធៀប​នឹង​ការធ្វើ​បាតុកម្ម​នៅ​ហុងកុង​កាលពី​ឆ្នាំ​២០១៩​។ ទំនង​ចង់បង្ហាញ​ពី​ហិង្សា​នៃ​ការតវ៉ា​នៅ​អាមេរិក លោកស្រី Hua Chunying អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន និយាយថា បាតុកម្ម​នៅ​ហុងកុង មិនមាន​អ្នកស្លាប់​ឡើយ​។

 
​សកម្មភាព​ដែល​អ្នកគាំទ្រ​លោក ដូ​ណា​ល់ ត្រាំ ចូលទៅ​អុកឡុក​វិមាន​កា​ពី​តូ​ល​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​នៅ​ថ្ងៃទី​៦ ខែមករា  ត្រូវបាន​យកមក​ចាក់ផ្សាយ​ដដែលៗ​នៅលើ​បុ​ស្តិ៍​ទូរទស្សន៍​រដ្ឋ​របស់​ចិន​។ មនុស្ស​យ៉ាងហោចណាស់​៤​នាក់ បាន​ស្លាប់​ដោយសារ​ការប៉ះទង្គិច​គ្នា​រវាង​បាតុករ និង​ក្រុមប៉ូលិស​ការពារ​អាគារ​សភា​។​
 
​ចិន​ឯណោះ​វិញ ក៏​ប្រៀបធៀប​ការឡោមព័ទ្ធ​វិមាន​សភា​អាមេរិក​ទៅនឹង​ព្រឹត្តិការណ៍​ឆ្នាំ​២០១៩ ។ កាលនោះ បាតុករ​ហុងកុង​រាប់ពាន់នាក់ នាំគ្នា​តវ៉ា​ពេញ​ដងផ្លូវ​ក្នុង​តំបន់​រដ្ឋបាល​ពិសេស​នេះ ហើយ​បាន​ចូល​អុកឡុក​សភា​នីតិបញ្ញត្តិ​របស់​ហុងកុង​ផងដែរ​។ ត្រង់នេះ លោកស្រី Hua Chunying អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន ក៏​លើកឡើង​ពី​ការអត់ធ្មត់​របស់​ប៉ូលិស​ហុងកុង​ក្នុងការ​តទល់​ក្រុមបាតុករ​ដែល​លោកស្រី​អះអាងថា មាន​លក្ខណៈ​ហិង្សា​ខ្លាំង​ជាង តែ​មិនមាន​អ្នកស្លាប់​សូម្បី​ម្នាក់​។​
 
​នា​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​៧ ខែមករា លោកស្រី Hua ថែមទាំង​និយាយ​ផ្លែផ្កា​ឲ្យ​មន្ត្រី និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​ដែល​រាយការណ៍​ពី​ស្ថានភាព​នៅ​ហុងកុង តែ​មិនបាន​រាយការណ៍​ឲ្យ​ដូចគ្នា​នឹង​អ្វី​កើតឡើង​នៅ​វិមាន​កា​ពី​តូ​ល​។ មន្ត្រី​ចិន​រូបនេះ​លើក​ជា​ឧទាហរណ៍​ថា នៅ​អាមេរិក បាតុករ​ត្រូវបាន​ហៅ​ជា​ពួក​ជ្រុលនិយម កុបករ និង​ជនពាល​ដែល​បង្ក​ឲ្យ​មាន​បញ្ហា​ជាដើម ប៉ុន្តែ​នៅ​ហុងកុង បាតុកម្មហិង្សា​ត្រូវបាន​ហៅថា វីរជន​ប្រជាធិបតេយ្យ ឬថា ពលរដ្ឋ​អាមេរិក​ឈរ​ជាមួយ​ពលរដ្ឋ​ហុងកុង​ជាដើម​។ 
 
​ទំនាក់ទំនង​រវាង​ទីក្រុង​ប៉េកាំង និង​រដ្ឋធានី​វ៉ាស៊ីនតោន​ស្ថិតនៅក្នុង​សភាព​តានតឹង​រាប់​ទសវត្សរ៍​មកហើយ​។ ដូច្នេះ​ទាំង អ្នកការទូត​ចិន ព្រមទាំង​សារពត៌មាន​ជាតិ ជារឿយៗ មានការ​ចាប់អារម្មណ៍​លើ​ពត៌មាន​ចលាចល​នៅក្នុង​នៅ​អាមេរិក ហើយ​តែង​ចោទ​ជា​សំណួរ ឬ​ប្រៀបធៀប​ប្រតិកម្ម​លើ​ស្ថានភាព​ណាមួយ​ដូចជា​ករណី​ខាងលើ​ជា​ឧទាហរណ៍​ស្រាប់​។​
 
​មិនមែន​តែ​ចិន​ឡើយ​ដែល​ចាប់អារម្មណ៍​ស្ថានការណ៍​ដ៏​អាក្រក់​នៅ​អាមេរិក ប្រទេស​ជាច្រើន​ក៏​បង្ហាញ​ជំហរ​ស្រឡាំងកាំង​មិនតិច​នឹង​អ្វីដែល​កើតឡើង​នៅ​ប្រទេស​ជា​និមិត្តរូប​ប្រជាធិបតេយ្យ​មួយ​នេះ​។ ខណៈ​សម្ពន្ធមិត្ត​អាមេរិក​សោកស្ដាយ​នោះ ប្រទេស​ដែល​មិន​ពេញ​ខ្លះ​ក៏​ឆ្លៀតឱកាស​នេះ​និយាយ​ឌឺដង​ឲ្យ​អាមេរិក​ខ្លាំងក្លា​ដែរ​៕

Tag:
 អាមេរិក​
  ចិន​
  ហុងកុង​
© រក្សាសិទ្ធិដោយ thmeythmey.com