អន្តរជាតិ
ចិន​ថា អាមេរិក​ប្រលែង​នឹង​ភ្លើង ក្រោយ​ប្រកាស​ទស្សនកិច្ច​ទូត​អាមេរិក​ប្រចាំ UN ទៅ​តៃវ៉ាន់​
08, Jan 2021 , 9:59 pm        
រូបភាព
លោកស្រីKelly Craft ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ។ រូបភាព៖AFP
លោកស្រីKelly Craft ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ។ រូបភាព៖AFP
ដោយ:
​បេសកកម្ម​ចិន​នៅ​អង្គការសហប្រជាជាតិ​(UN) បាន​ប្រតិកម្ម​ទៅនឹង​ការប្រកាស​ពី​ដំណើរ​ទស្សនកិច្ច​របស់​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ UN ទៅកាន់​តៃវ៉ាន់ ដែល​ចិន​ចាត់ទុកជា​អាណាខេត្ត​មួយ​។ ចិន​អះអាងថា អាមេរិក​កំពុង​ប្រលែង​លេង​ជាមួយ​ភ្លើង​ហើយ​។

 
​លោកស្រី Kelly Craft ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ នឹង​បំពេញ​ទស្សនកិច្ច​នៅ​តៃវ៉ាន់​ពីថ្ងៃ​ទី​១៣ ដល់ទី​១៥ ខែមករា​។ នេះ​បើតាម​ការប្រកាស​បេសកកម្ម​អាមេរិក​ប្រចាំ​អង្គការ​មួយ​នេះ​នៅ​ថ្ងៃទី​៧ ខែមករា​។ នៅ​តៃវ៉ាន់ លោកស្រី Craft នឹង​ថ្លែង​សុន្ទរកថា​ស្តីពី​ការចូលរួម​របស់​តៃវ៉ាន់​ក្នុង​សហគមន៍​អន្តរជាតិ ក៏ដូចជា​សារសំខាន់​នៃ​ការ​ក្លាយជា​សមាជិក និង​ការចូលរួម​ដោយមាន​ន័យ​របស់​កោះ​នេះ​ក្នុង​អង្គការ​អន្តរជាតិ​។ 
 
 
 
​អំឡុង​ទស្សនកិច្ច​នេះ អគ្គរដ្ឋទូត​អាមេរិក ក៏​នឹង​លើកឡើង​ពី​ការតាំង​ចិត្ត​របស់​អាមេរិក​ក្នុងការ​គាំទ្រ​តៃវ៉ាន់​លើ​ឆាក​អន្តរជាតិ ដែល​ស្របទៅនឹង​គោលនយោបាយ​ចិន​តែមួយ ច្បាប់​ស្តីពី​ទំនាក់ទំនង​តៃវ៉ាន់ សេចក្តីថ្លែងការណ៍​រួម​ចិន​-​អាមេរិក និង​គោលនយោបាយ​ចំនួន​៦​ស្តីពី​ការធានា​តៃវ៉ាន់​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​
 
​មិន​ខុសពី​រាល់ដង​ឡើយ ចិន​ជំទាស់​គម្រោង​ទស្សនកិច្ច​នេះ​។ ចិន​ដែល​ចាត់ទុក​កោះ​តៃវ៉ាន់​ជា​ខេត្ត​របស់ខ្លួន អះអាង​ម្ដង​ជា​ពីរដង​ថា មានតែ​រដ្ឋាភិបាល​បក្ស​កុ​ម្មុយ​និ​ស្ត​ចិន​ប៉ុណ្ណោះ ដែលមាន​សិទ្ធិ​និយាយ​ជំនួស​តៃវ៉ាន់​ក្នុង​ទំនាក់ទំនង​អន្តរជាតិ​។ 
 
«​យើង​សូម​រំឭក​អាមេរិក​ថា អ្នកណា​ប្រឡែង​នឹង​ភ្លើង អ្នកនោះ​នឹងរ​លាកខ្លួន​»​។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​របស់​បេសកកម្ម​ចិន​នៅ UN ចុះ​ថ្ងៃទី​៨ ខែមករា​។ តំណាង​ចិន​សង្កត់ធ្ងន់ថា អាមេរិក​នឹងត្រូវ​ប៉ះប៉ូវ​ចិន​វិញ ចំពោះ​កំហុស​នេះ​។ លើសពីនោះ ចិន​ក៏បាន​ទទូច​ឲ្យ​អាមេរិក​បញ្ឈប់​សកម្មភាព​បង្ករឿង ឈប់​បង្កើត​បញ្ហាលំបាក​ដល់​ទំនាក់ទំនង​ទ្វេភាគី និង​កិច្ចសហប្រតិបត្តិការ​ក្នុង​អង្គការសហប្រជាជាតិ​។ បើតាម​ចិន អាមេរិក​ត្រូវ​លែង​ដើរ​ផ្លូវខុស​ទៀត ហើយ​ត្រូវ​ឈប់​លូកលាន់​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​។​
 
​កន្លងទៅ មន្ត្រីជាន់ខ្ពស់​អាមេរិក ដូចជា​រដ្ឋមន្ត្រី​សុខាភិបាល​អាមេរិក លោក Alex Azar និង​អនុរដ្ឋលេខាធិការ​នៃ​ក្រសួងការបរទេស​អាមេរិក លោក Keith Krach ក៏បាន​ធ្វើ​ទស្សនកិច្ច​មក​តៃវ៉ាន់​ដែរ​។ មិនតែប៉ុណ្ណោះ អាមេរិក ក៏បានផ្តល់​ភ្លើង​បៃតង ក្នុង​ការលក់​អាវុធ​ដល់​តៃវ៉ាន់​ជាច្រើន​ពាន់​លាន​ដុល្លារ​ទៀតផង​។ ចិន​តែងតែ​ប្រតិកម្ម​តប​វិញ​មិន​លស់​ពេល​នៅពេល​អាមេរិក និង​តៃវ៉ាន់​ខិតជិត​គ្នា​នោះ​។​
 
​បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​របស់​មន្ត្រីជាន់ខ្ពស់​អាមេរិក​នាពេល​កន្លងមក យន្តហោះ​ចម្បាំង​ចិន​ជាច្រើន​គ្រឿង បាន​ហោះចូល​ដែនអាកាស​តៃវ៉ាន់​ជាច្រើនលើក ដែល​បង្ក​ឲ្យ​តៃវ៉ាន់​ត្រៀមខ្លួន និង​អាចឈាន​ទៅដល់​ការប៉ះទង្គិច​គ្នា​ថែមទៀត​។ ជុំវិញ​ការបើក​ចូល​ដែនអាកាស​នេះ សេចក្តីថ្លែងការណ៍​ក្រសួងការពារជាតិ​តៃវ៉ាន់​សប្តាហ៍​មុន​បង្ហាញថា យន្តហោះ​ចិន បើក​ចូល​ដែនអាកាស​ខ្លួន​ចំនួន​៣៨០​ដង ដែលជា​ចំនួន​ច្រើន​បំផុត​រាប់​តាំងតែ​ពី​ឆ្នាំ​១៩៩៦​មក​។​
 
​សហរដ្ឋអាមេរិក ក៏ដូចជា​ប្រទេស​ឯទៀត​ដែរ ពុំមាន​ទំនាក់ទំនង​ការទូត​ផ្លូវការ​ជាមួយ​តៃវ៉ាន់​ឡើយ ប៉ុន្តែ​ច្បាប់​របស់​អាមេរិក​ដែល​អនុម័ត​ក្នុង​ឆ្នាំ​១៩៧៩ តម្រូវ​ឲ្យ​រដ្ឋាភិបាល​អាមេរិក​ផ្តល់​មធ្យោបាយ​ដល់​កោះ​នេះ​ក្នុង​ការការពារ​ខ្លួន​ពី​ការកាន់កាប់​ពី​ចិន​ដោយ​កម្លាំងយោធា​។ ចាប់ពីពេលនោះ​មក អាមេរិក​ជា​អ្នកការពារ​តៃវ៉ាន់​លើ​ឆាក​អន្តរជាតិ និង​ជា​អ្នកលក់​អាវុធ​ធំ​បំផុត​ឲ្យ​តៃវ៉ាន់​៕

Tag:
 ចិន​
 ​អាមេរិក​
 ​តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com