អន្តរជាតិ
រដ្ឋមន្ត្រី​២​រូប និង​មន្ត្រី​សេត​វិមាន​លាលែង​ពី​តំណែង​បន្តបន្ទាប់ ក្រោយ​ការអុកឡុក​វិមាន​សភា​
08, Jan 2021 , 4:19 pm        
រូបភាព
លោកដូណាល់ត្រាំ ប្រធានាធិបតីអាមេរិក។ រូបភាព៖Bloomberg
លោកដូណាល់ត្រាំ ប្រធានាធិបតីអាមេរិក។ រូបភាព៖Bloomberg
ដោយ:
​រដ្ឋមន្ត្រី​ចំនួន​២​រូប និង​មន្ត្រីជាន់ខ្ពស់​សេត​វិមាន​យ៉ាងហោចណាស់​ចំនួន​៥​រូប​បាន​លាលែង​ពី​តំណែង​ក្រោយ​អំពើហិង្សា​អុកឡុក​វិមាន​សភា ដែល​ញុះញង់​ដោយ​លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ។ ខណៈពេលដែល​គណៈរដ្ឋមន្ត្រី​របស់លោក ត្រាំ កំពុង​វឹកវរ លោក​ប្រធានាធិបតី ចូ បៃ​ឌិន វិញ​កំពុង​រវល់​ប្រកាស​ពី​បេក្ខភាព​គណៈរដ្ឋមន្ត្រី​ថ្មី​បន្ថែម​។​

 
​លោកស្រី Elaine Chao រដ្ឋមន្ត្រី​ដឹកជញ្ជូន​អាមេរិក​បាន​លាលែង​ពី​តំណែង នៅ​ថ្ងៃទី​៧ ខែមករា​។ លោកស្រី​ជា​សមាជិក​គណៈរដ្ឋមន្ត្រី​ដំបូង​បំផុត​ដែល​ចាក​ចេញពី​រដ្ឋបាល​រប​ស់លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដែល​រង​សម្ពាធ​ខ្លាំង​ក្រោយ​ហេតុការណ៍​នៅ​វិមាន​កា​ពី​តូ​ល​។ លោកស្រី Chao ជា​ភរិយា​របស់លោក Mitch McConnell ប្រធាន​ក្រុម​សំឡេង​ភាគច្រើន​ព្រឹទ្ធសភា​។ លោកស្រី អះអាងថា ការវាយប្រហារ​លើ​វិមាន​សភា ជា​កង្វល់​ដែល​លោកស្រី​មិនអាច​បំភ្លេចបាន​។​
 
​បន្ទាប់ពី​រដ្ឋមន្ត្រីក្រសួង​ដឹកជញ្ជូន ដល់​វេន​រដ្ឋមន្ត្រីក្រសួង​អប់រំ​ម្តង​។ លោកស្រី Betsy Devos រដ្ឋមន្ត្រីក្រសួង​អប់រំ​បានប្រកាស​លាលែង​ពី​តំណែង​ដែរ​។ លោកស្រី អះអាងថា ការលាលែង​នេះ ជា​រឿង​ដ៏​ត្រឹមត្រូវ​។ លោកស្រី​បន្ថែមថា អំពើហិង្សា​អុក​ឡុង​វិមាន​សភា ជា​ចំណុច​ដែល​ឈានដល់​ការលាលែង​នេះ ន​ហើយក៏​បន្ទោ​សលោក ត្រាំ ជា​អ្នកបង្ក​ភាព​តានតឹង​។ 
 
​យ៉ាងណាក្តី ការលាលែង​ពី​តំណែង​របស់​សមាជិក​គ​ណៈ​រដ្ឋមន្ត្រី​នេះ រង​ការរិះគន់​ដែរ​។ លោកស្រី Alexandria Ocasio-Cortez តំណាងរាស្ត្រ​បក្ស​ប្រជាធិបតេយ្យ អះអាងថា បើ​រដ្ឋមន្ត្រី​ទាំងនោះ​មិន​ពេញចិត្ត​ទង្វើ​លោក ត្រាំ ពួកគេ​គួរតែ​ធ្វើការ​រួមគ្នា​ក្នុង​ការប្រើ​វិសោធនកម្ម​ទី​២៥ នៃ​រដ្ឋធម្មនុញ្ញ ដើម្បី​ដក​លោក ត្រាំ មិនមែន​លាលែង​ចេញពី​តំណែង​យករួចខ្លួន​ឡើយ​។ នេះ​បើតាម​សារព័ត៌មាន Politico ។ 
 
​ក្រៅពី​រដ្ឋមន្ត្រី​ពីរ​នាក់​ខាងលើ មន្ត្រីជាន់ខ្ពស់​នៅ​សេត​វិមាន​ក៏​នាំគ្នា​លាលែង​ដែរ​។ លោក Mick Mulvaney ប្រេសិត​ពិសេស​ទទួលបន្ទុក​អៀរ​ឡង់​ខាងជើង សម្រេចចិត្ត​លាឈប់ ព្រោះ​មិនអាច​បន្តធ្វើ​ការ​បាន​ទៀតឡើយ​ក្រោយ​ហេតុការណ៍​នៅ​វិមាន​សភា​។ ដូចគ្នានេះដែរ លោក Matthew Pottinger ទីប្រឹក្សា​រង​សន្តិសុខ​ជាតិ ទទួលបន្ទុក​ទំនាក់ទំនង​ជាមួយ​ចិន ក៏​លាលែង​ពី​តំណែង​ផងដែរ​។ 
​លោក Tyler Goodspeed នាយក​ស្តីទី​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​សេត​វិមាន បាន​លាលែង​ពី​តំណែង​នៅ​ថ្ងៃទី​៧ មករា​។ ក្រុមប្រឹក្សា​សេដ្ឋកិច្ច​សេត​វិមាន ទទួលបន្ទុក​វិភាគ​ពី​គម្រោង​ចំណាយ​របស់​រដ្ឋាភិបាល​។ ការចាកចេញ​របស់លោក Goodspeed នាំ​ឲ្យ​សេត​វិមាន​អាមេរិក​គ្មាន​ទីប្រឹក្សា​សេដ្ឋកិច្ច​។​
 
​មន្ត្រី​ឯទៀត​ដែល​លាលែង​មាន​លោក John Costello ឧបការី​រង​ទទួលបន្ទុក​ចារកិច្ច និង​សន្តិសុខ​នៃ​ក្រសួងពាណិជ្ជកម្ម លាលែង​នៅ​ថ្ងៃទី​៧ ខែមករា​។ លោក Costello ជា​អតីតមន្ត្រី​យោធា​ជើង​ទឹក និង​ជា​អ្នកជំនាញ​សន្តិសុខ​អ៊ីនធឺណិត​។ លោកស្រី Sarah Matthews មន្ត្រី​នាំពាក្យ​សេត​វិមាន លាលែង​នៅ​ថ្ងៃទី​៦ មករា​។ លោកស្រី Stephanie Grisham នាយខុទ្ទកាល័យ​លោកស្រី Melania Trump បាន​លាលែង​ចេញពី​តំណែង​ភា្ល​មៗ​នៅ​ថ្ងៃទី​៦ មករា​។ 
 
​ខណៈ​រដ្ឋមន្ត្រី និង​មន្ត្រី​សេត​វិមាន​នាំគ្នា​ចាកចេញ លោក ចូ បៃ​ឌិន វិញ ក៏​សម្រុក​បញ្ចេញ​បេក្ខភាព​រដ្ឋមន្ត្រី​ចំនួន​៣​រូប​បន្ថែម​។ នៅ​ថ្ងៃទី​៦ ខែមករា លោក បៃ​ឌិន បានប្រកាស​ជ្រើសតាំង​លោក​ចៅក្រម​សហព័ន្ធ Merrick Garland ជា​បេក្ខភាព​រដ្ឋមន្ត្រី​យុត្តិធម៌​។ ក្នុង​ឆ្នាំ​២០១៦ លោក​Garland ធ្លាប់​ត្រូវបាន​អតីត​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា តែងតាំង​ជា​បេក្ខភាព​ចៅក្រម​តុលាការ​កំពូល តែ​បរាជ័យ​ដោយសារ​ព្រឹទ្ធសភា​អាមេរិក​ដែល​គ្រប់គ្រង​ដោយ​បក្ស​សាធារណរដ្ឋ ពន្យារ​នីតិវិធី​រហូតដល់​ចប់​អាណត្តិ​ប្រធានាធិបតី​។​
 
​នៅ​ថ្ងៃទី​៧ ខែមករា ក្រុមការងារ​របស់លោក បៃ​ឌិន ក៏​ប្រកាស​បេក្ខភាព​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម និង​រដ្ឋមន្ត្រី​ការងារ​។ លោកស្រី Gina Raimondo អភិបាលរដ្ឋ Rhode Island ត្រូវបាន​ជ្រើសតាំង​ជា​បេក្ខភាព​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ចំណែក​លោក Marty Walsh អភិបាលក្រុង​បូ​ស្តុ​ន និង​ជា​អតីត​មេដឹកនាំ​សហជីព ត្រូវបាន​ជ្រើសតាំង​ជា​បេក្ខភាព​រដ្ឋមន្ត្រី​ការងារ​។​
 
​ក្រុមការងារ​របស់លោក​បៃ​ឌិន អះអាងថា បុគ្គល​ទាំង​២​រូប​ខាងលើ នឹង​ដឹកនាំ​គោលនយោបាយ​ស្តីពី​អាកាសធាតុ បច្ចេកវិទ្យា ការវិនិយោគ ប្រាក់ខែ​អ​ប្បរមា ក៏ដូចជា​របៀបរបប​នៅ​កន្លែងធ្វើការ​ជាដើម​។ ក្រុមការងារ​បន្ត​រថា លោកស្រី Raimondo និង​លោក​Walsh នឹង​រួមចំណែក​ក្នុង​ការជួយ​អាជីវកម្ម​តូចៗ​ដែល​កំពុង​រង​ផលវិបាក និង​បង្កើត​ការងារ​រាប់លាន​កន្លែង​បន្ថែមទៀត​។ បុគ្គល​ទាំង​២​រូបនេះ សុទ្ធសឹងតែ​ជា​អ្នក​ទាមទារ​ឲ្យ​បង្កើន​ប្រាក់​ពលកម្ម​អប្បរ​មា​ចំនួន​១៥​ដុល្លារ​ក្នុង​មួយ​ម៉ោង​នៅ​រដ្ឋ​ទាំង​៥០៕
 
 
 
 

Tag:
 អាមេរិក​
  បោះឆ្នោត​អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  ចូ បៃ​ឌិន
© រក្សាសិទ្ធិដោយ thmeythmey.com