COVID-19
អន្តរជាតិ
ថៃ មាន​កូ​វីដ​-១៩ ចំនួន​២០៥​ករណី​ទៀត ខណៈ​ការចាក់​វ៉ាក់សាំង​នឹង​ចាប់ផ្ដើម​នៅ​ខែក្រោយ​
08, Jan 2021 , 5:23 pm        
រូបភាព
បុគ្គលិកសន្តិសុខថៃ វាស់កម្តៅលើប្រជាជននៅក្នុងទីក្រុងបាងកក។ រូបភាព៖ AFP
បុគ្គលិកសន្តិសុខថៃ វាស់កម្តៅលើប្រជាជននៅក្នុងទីក្រុងបាងកក។ រូបភាព៖ AFP
​រដ្ឋាភិបាល​ថៃ នៅ​ថ្ងៃទី​៨ ខែមករា បាន​រាយការណ៍​ពី​ករណី​ឆ្លង​កូ​វីដ​-១៩ ចំនួន​២០៥​ករណី​ទៀត​។ ដើម្បី​ទប់ស្កាត់​ការ​រាលដាល រដ្ឋាភិបាល​ថៃ បានកំណត់​កាលបរិច្ឆេទ​ចាក់​វ៉ាក់សាំង​ឲ្យ​ប្រជាជន​ខ្លួន​ដែលមាន​៣​ដំណាក់កាល ហើយ​ចាប់ផ្តើម​ពី​ខែកុម្ភៈ​តទៅ​។​

 
​ករណី​ឆ្លង​កូ​វីដ​-១៩ សរុប​មាន​ចំនួន​២០៥ ដែល​រដ្ឋាភិបាល​ថៃ​ប្រកាស​នៅ​ថ្ងៃទី​៨ ខែមករា មាន​ករណី​ឆ្លង​ក្នុងស្រុក​មាន​ចំនួន ១៨៩ និង​ករណី​ឆ្លង​មកពី​ក្រៅប្រទេស​មាន​ចំនួន​១៦​ករណី​។ ក្នុងករណី​ឆ្លង​ប្រចាំ​ថ្ងៃនេះ ខេត្ត​សមុទ្រ​សាគរ បាន​កត់ត្រា​ករណី​ឆ្លង​ច្រើនជាងគេ បន្ទាប់មក​ទីក្រុង​បាងកក និង​ខេត្ត​ផ្សេងៗ​ទៀត​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត​បាងកក​ប៉ុស្តិ៍​។ 
 
​មកទល់ពេលនេះ ករណី​ឆ្លង​កូ​វីដ​-១៩ សរុប​បាន​កើន​ដល់ ៩៨៤១​ករណី និង​អ្នក​ស្លាប់មាន​ចំនួន ៦៧​នាក់​។ ចំណែក​អ្នកជា​សះស្បើយ​មាន​ចំនួន ៥២៥៥​នាក់​។ 
 
​ក្នុង​គោលដៅ​ទប់ស្កាត់​ការ​រាលដាល​ជំងឺ​នេះ ថៃ​បានកំណត់ ៣​ដំណាក់កាល​ក្នុងការ​ចាក់​វ៉ាក់សាំង​ឲ្យ​ប្រជាជន​របស់ខ្លួន​។ ក្នុង​ការចាក់​វ៉ាក់សាំង​នេះ ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ជំងឺឆ្លង លោក Opas Karnkawinpong បាន​លើកឡើងថា នៅក្នុង​ដំណាក់កាល​ទី​១ ថៃ​នឹង​ចាក់​វ៉ាក់សាំង​ចំនួន ២​លាន​ដូ​ស លើ​ក្រុមមនុស្ស​ដែល​ងាយ​រងគ្រោះ​ដោយសារ​កូ​វីដ​-១៩ មាន​ក្រុមគ្រូពេទ្យ​ថែទាំ​អ្នកជំងឺ និង​មនុស្ស​ចាស់​ចាប់ពី​អាយុ ៦០​ឡើងទៅ​។ 
 
​វ៉ាក់សាំង​ក្នុងដំណាក់កាល​ដំបូង ថៃ​នឹង​ប្រើប្រាស់​វ៉ាក់សាំង​ក្រុមហ៊ុន​ចិន Sinovac​។ ថ្មីៗ​នេះ អ្នកនាំពាក្យ​រដ្ឋាភិបាល​ថៃ លោក Anucha Burapachaisri ក៏បាន​បញ្ជាក់ថា វ៉ាក់សាំង​របស់​ក្រុមហ៊ុន Sinovac នឹង​ចាក់​ឲ្យ​បុគ្គលិក​សុខាភិបាល​នៅ​ខែកុម្ភៈ​ខាងមុខ​ផងដែរ​។ 
 
​ចំណែក​នៅ​ដំណាក់កាល​ទី​២ ថៃ នឹង​ចាក់​វ៉ាក់សាំង​ចំនួន​២៦​លាន​ដុល្លារ​ឲ្យ​ប្រជាជន​របស់ខ្លួន ពី​ខែឧសភា ដល់​ខែ មិថុនា ដើម្បី​ការពារ​សេដ្ឋកិច្ចជាតិ​, សង្គម និង​សន្តិសុខ​។ ក្នុងដំណាក់កាល​ទី​២​នេះ វ៉ាក់សាំង​របស់​ក្រុមហ៊ុន AstraZeneca នឹង​យកមក​ចាក់​ក្រុមមនុស្ស​ដែល​ងាយ​រងគ្រោះ​ដោយសារ​កូ​វីដ​-១៩ នៅ​ទូទាំងប្រទេស​។ ដំណាក់កាល​ចុងក្រោយ ចាប់ផ្តើម​ពី​ខែកក្កដា ដល់​ដើមឆ្នាំ​២០២២​។ ប្រជាជន​ទូទៅ អាច​ទទួលបាន​វ៉ាក់សាំង​៕

Tag:
 ​ថៃ​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com