ជាតិ
សង្គមជាតិ
ខេត្ត៤ បង្កើតក្រុមបច្ចេកទេស ដើម្បីកំណត់ព្រំប្រទល់ភូមិ ឃុំ សង្កាត់ ស្រុក ក្រុង
08, Jan 2021 , 6:00 pm        
រូបភាព
ជួរខាងលើ៖ លោក ជាវ តាយ អភិបាលខេត្តកំពត (ឆ្វេងដៃ)​ និង លោក វី សំណាង អភិបាលខេត្តកំពង់ស្ពឺ។ ជួរខាងក្រោម៖ អ៊ូច ភា អភិបាលខេត្តតាកែវ (ឆ្វេងដៃ) និង លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប។ រូបពីរដ្ឋបាលខេត្តទាំង៤
ជួរខាងលើ៖ លោក ជាវ តាយ អភិបាលខេត្តកំពត (ឆ្វេងដៃ)​ និង លោក វី សំណាង អភិបាលខេត្តកំពង់ស្ពឺ។ ជួរខាងក្រោម៖ អ៊ូច ភា អភិបាលខេត្តតាកែវ (ឆ្វេងដៃ) និង លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប។ រូបពីរដ្ឋបាលខេត្តទាំង៤
រដ្ឋបាលខេត្ត៤ រួមមាន កំពត កំពង់ស្ពឺ តាកែវ និង កែប បានឯកភាពបង្កើតក្រុមការងារបច្ចេកទេសរួមមួយ ដើម្បីធ្វើការងារជាមួយគ្នាលើការកំណត់ព្រំប្រទល់ភូមិ ឃុំ-សង្កាត់ និង ស្រុក-ក្រុង ទាំងឡាយណា ដែលមិនទាន់មានភាពច្បាស់លាស់ ក្នុងខេត្តទាំង៤នេះ។ ការបង្កើតក្រុមការងារបច្ចេកទេសនេះ គឺធ្វើឡើងក្នុងកិច្ចប្រជុំ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ដោយមានការចូលរួមពីអភិបាលខេត្តទាំង៤ គឺ លោក ជាវ តាយ អភិបាលខេត្តកំពត លោក វី សំណាង អភិបាលខេត្តកំពង់ស្ពឺ លោក អ៊ូច ភា អភិបាលខេត្តតាកែវ និង លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប។



រដ្ឋបាលខេត្តកំពត បង្ហោះព័ត៌មានលើទំព័រហ្វេសប៊ុករបស់ខ្លួនថា ការមិនមានភាពច្បាស់លាស់នៃព្រំប្រទល់ភូមិ ឃុំ-សង្កាត់ និង ស្រុង-ក្រុង គឺធ្វើឲ្យជួបការលំបាក ក្នុងការគ្រប់គ្រង និងការរៀបចំផែនការអភិវឌ្ឍន៍នៅមូលដ្ឋាន។ រដ្ឋបាលខេត្តកំពត បញ្ជាក់ថា ការកំណត់ព្រំប្រទល់រដ្ឋបាលភូមិ ឃុំ-សង្កាត់ និង ស្រុក-ក្រុង ឲ្យមានភាពច្បាស់លាស់ គឺដើម្បីបានជាមូលដ្ឋានក្នុងការស្រង់ទិន្នន័យច្បាស់លាស់ ដោយផ្អែកតាមកត្តាភូមិសាស្រ្ត និង ប្រជាសាស្រ្ត។

បើតាមរដ្ឋបាលខេត្តកំពតដដែល ការបង្កើតក្រុមការងារបច្ចេកទេស ដើម្បីកំណត់ព្រំប្រទល់រដ្ឋបាលឲ្យមានភាពជាក់លាក់នេះ គឺធ្វើតាមការណែនាំរបស់ក្រសួងមហាផ្ទៃ។ កាលពីខែវិច្ឆិកា ឆ្នាំ២០២០ សម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញលិខិតជូនទៅអភិបាលរាជធានី-ខេត្ត ណែនាំឲ្យបង្កើតគណៈកម្មការសិក្សាស្រាវជ្រាវលើការកែសម្រួលព្រំប្រទល់ថ្នាក់រាជធានី-ខេត្ត។

តាមរយៈលិខិតនោះ រដ្ឋមន្រ្តីមហាផ្ទៃ លើកឡើងថា នៅមានព្រំដែនរដ្ឋបាលខ្លះ មិនទាន់បានសិក្សានិងកំណត់ឲ្យបានច្បាស់លាស់ ដែលជាហេតុនាំឲ្យមានការប្រទាញប្រទង់ដណ្តើមសមត្ថកិច្ចគ្នា ក្នុងការគ្រប់គ្រង ហើយនាំឲ្យជះឥទ្ធិពលមិនល្អដល់ការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ការរៀបចំផែនការអភិវឌ្ឍន៍ ការការពារសន្តិសុខសណ្តាប់ធ្នាប់ និង កិច្ចការផ្សេងៗទៀត៕

Tag:
 រដ្ឋបាលថ្នាក់ក្រោមជាតិ
  ព្រំប្រទល់រដ្ឋបាល
© រក្សាសិទ្ធិដោយ thmeythmey.com