អត្ថបទពាណិជ្ជកម្ម
លោក កុសល ច័ន្ទស័ក្តិវិទូ ជម្នះបង្កើតក្រុមហ៊ុនដោយខ្លួនឯងទោះត្រូវបោះបង់ការងារ ប្រាក់ខែខ្ទង់ពាន់ដុល្លារ
09, Jan 2021 , 8:10 am        
រូបភាព
ដោយ: ថ្មីៗ

ការងារមានប្រាក់ខែខ្ពស់ ជាអ្វីដែលមនុស្សជាច្រើនចង់បាន។ ប៉ុន្តែ លោក កុសល ច័ន្ទស័ក្តវិទូ ដែលលោកទទូលបានប្រាក់ខែជាងពាន់ដុល្លារ បែរជាបោះបង់ការងារចោល ដោយគ្មានសោកស្ដាយ មកបង្កើតក្រុមហ៊ុនខ្លួនឯង។ រហូតមានការទទួលស្គាល់ ពីអ្នកជំនាញធនធានមនុស្សជាច្រើន។ «ខ្ញុំចង់ក្លាយជាផ្នែកមួយ ផ្ដល់ព័ត៌មានពីការងារល្អៗ ប្រាក់ខែខ្ពស់ដល់អ្នកមានសមត្ថភាព ប៉ុន្តែខ្វះពត៌មាន និងការត្រៀមខ្លួន»។ នេះជាការតាំងចិត្ត របស់ម្ចាស់ក្រុមហ៊ុនវ័យក្មេងរូបនេះ។

លោក កុសល ច័ន្ទស័ក្តិវិទូ ជាម្ចាស់ក្រុមហ៊ុន នទី (NOTi HR Solutions) ជម្នះបង្កើតក្រុមហ៊ុនដោយខ្លួនឯង ទោះការចាប់ផ្ដើមក្រុមហ៊ុនមួយ មិនមានជាការងាយស្រួលយ៉ាងណាក្ដី។ លោក ច័ន្ទស័ក្តិវិទូ ជឿថាក្រុមហ៊ុនរបស់លោក នឹងអាចសម្រួលដល់ការស្វែងរកបុគ្គលិករបស់ក្រុមហ៊ុននីមួយៗ ជាពិសេសអាចជួយបំពេញបន្ថែមដល់បុគ្គលិកមានចំណុចខ្វះខាត ក្នុងការស្វែងរកការងារល្អ និងប្រាក់ខែខ្ពស់ ក្នុងសម័យឧស្សាហកម្ម៤.០នេះ។

បើតាមម្ចាស់ក្រុមហ៊ុនវ័យក្មេងរូបនេះ នទី ត្រូវបានប្រើពេល ១ឆ្នាំ ក្នុងការបង្កើតឡើង។ លោក ច័ន្ទស័ក្តិវិទូ ក៏បានលើកឡើងពីមូលហេតុដែលបង្កើត នទី ដូច្នេះថា៖ « ការស្វែងរកបុគ្គលិក សមសម្រាប់បម្រើការក្នុងក្រុមហ៊ុន មិនមែនជារឿងងាយស្រួលនោះទេ។ ទន្ទឹមនឹងនេះ សម្រាប់បុគ្គលិកមានសមត្ថភាព និងចង់បានប្រាក់ខែខ្ពស់មួយចំនួន ក៏បានបាត់បង់ឱកាស នៅពេលមិនបានត្រៀមខ្លួនផងដែរ។ ដូច្នេះខ្ញុំក៏បង្កើតនទី ឡើងក្នុងគោលបំណង ស្វែងរកធនធានស័ក្តិសមសម្រាប់ក្រុមហ៊ុន និងបង្កើតប្រព័ន្ធការដាក់ពាក្យការងារមួយ ដែលឲ្យបេក្ខជន អាចដឹងពីចំណុចខ្វះខាតរបស់ពួកគាត់ ដើម្បីបំពេញបន្ថែមផងដែរ»។

ការបង្កើតក្រុមហ៊ុនដែលមានស្តង់ដារ និងត្រូវតម្រូវការរបស់អតិថិជន ធ្វើឲ្យយុវជន វ័យ២៨ ឆ្នាំរូបនេះ ត្រូវលះបង់ការងារជាប្រធានផ្នែកទីផ្សារ ក្នុងក្រុមហ៊ុនឯកជនមួយ។ ទន្ទឹមនឹងការលះបង់នេះ លោកក៏ត្រូវជួបបញ្ហាមួយចំនួនទៀតព្រោះ នទី ជាក្រុមហ៊ុនប្រើប្រព័ន្ធការងារថ្មីសន្លាង។ លោក កុសល ច័ន្ទស័ក្តិវិទូ ថ្លែងដូច្នេះថា៖ «នទី ជួបបញ្ហាធំបំផុត គឺការសរសេរកូដ និងរូបមន្តនានា ក្នុងការប្រើជាប្រព័ន្ធ ប៉ុន្តែដោយសារមានការតាំងចិត្ត និងប្ដេជ្ញាចិត្តខ្ពស់ ទើប នទី បានសម្រេចប្រព័ន្ធការងារមួយដោយស្ថាពរ និងសុក្រឹតភាពបំផុត»។

ការបង្កើតក្រុមហ៊ុនដែលបច្ចេកវិទ្យាខ្ពស់ ក្នុងដំណាក់កាលវិបត្តិកូវីដ-១៩ ក៏បានធ្វើឲ្យលោក ច័ន្ទស័ក្តិវិទូ ជួបបញ្ហាហិររញ្ញវត្ថុខ្លះៗដែរ ប៉ុន្តែបញ្ហានេះ មិនបានធ្វើឲ្យយុវជនវ័យក្មេងរូបនេះបោះបង់ការបង្កើតក្រុមហ៊ុន ទីភ្នាក់ងារធនធានមនុស្ស ដែលមានបច្ចេកវិទ្យាដ៏ទំនើបមួយនេះបានទេ។

ជាជោគជ័យ ការខំប្រឹងប្រែងរយៈពេលមួយឆ្នាំរបស់សហគ្រិនរូបនេះ បានធ្វើឲ្យ នទី លេចរូបរាងឡើង ជាមួយប្រព័ន្ធការងារដ៏ទំនើប ដែលអាចជួយសម្រួលដល់ការស្វែងរកធនធានមនុស្ស បម្រើការក្នុងក្រុមហ៊ុន។ បន្ថែមពីនេះ ជួយដល់អ្នកស្វែងរកការ ងារដោយមានភាពងាយស្រួល មិនស្មុគស្មាញផងដែរ៕





(អត្ថបទពាណិជ្ជកម្ម)


© រក្សាសិទ្ធិដោយ thmeythmey.com