កីឡាជាតិ
ជាតិ
អាងហែលទឹកកោះធំ តម្លៃប្រមាណ៣០ម៉ឺនដុល្លារ នឹងសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវការនៅខែមីនា
09, Jan 2021 , 8:59 am        
រូបភាព
លោក ស៊ុន ចាន់ថុល (កណ្តាល)ពេលចុះត្រួតពិនិត្យការសាងសង់អាងហែលទឹកស្រុកកោះធំ ខេត្តកណ្តាល កាលពីពេលកន្លងទៅ
លោក ស៊ុន ចាន់ថុល (កណ្តាល)ពេលចុះត្រួតពិនិត្យការសាងសង់អាងហែលទឹកស្រុកកោះធំ ខេត្តកណ្តាល កាលពីពេលកន្លងទៅ
ដោយ:
 
អាងហែលទឹកស្តង់ដារអន្តរជាតិនៅស្រុកកោះធំ ខេត្តកណ្តាល ដែលបានបញ្ចប់ការសាងសង់តាំងពីអំឡុងខែសីហា ឆ្នាំ២០២០ នឹងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅក្នុងពេលឆាប់ៗខាងមុខនេះ។ អាងហែលទឹក ដែលស្ថិតនៅក្នុងបិរវេណកីឡដ្ឋានស្រុកកោះធំ នឹងក្លាយជាទីតាំងបណ្តុះបណ្តាលធនធានកីឡាករ និងសម្រាប់រៀបចំការប្រកួតផ្សេងៗ។



នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ សហព័ន្ធខ្មែរកីឡាហែលទឹក បានបង្ហាញពីផែនការសកម្មភាព ដែលសហព័ន្ធត្រូវធ្វើសម្រាប់ឆ្នាំ២០២១។ ក្នុងចំណោមផែនការសកម្មភាពទាំង១០ យើងសង្កេតឃើញ ផែនការមួយបាននិយាយពាក់ព័ន្ធនឹងការសម្ពោធអាងហែលទឹកនៅស្រុកកោះធំ ខេត្តកណ្តាល។

បើតាមរបាយការណ៍សកម្មភាបខាងលើ អាងហែលទឹកស្តង់ដារអន្តរជាតិ ដែលចំណាយថវិកាសាងសង់ប្រមាណ៣០ម៉ឺនដុល្លារនឹងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅអំឡុងខែមីនា ឆ្នាំ២០២១ ខាងមុខនេះ។ តែយ៉ាងណា ក្នុងរបាយការណ៍សកម្មភាពប្រចាំឆ្នាំខាងលើ សហព័ន្ធខ្មែរកីឡាហែលទឹកមិនបានបញ្ចាក់ពីកាលបរិច្ឆេទលម្អិតនោះទេ។

បើតាមលោក ហែម គីរី អគ្គលេខាធិការនៃសហព័ន្ធខ្មែរកីឡាហែលទឹក កាលបរិច្ឆេទខាងលើមិនទាន់ប្រាកដ១០០ភាគរយនៅឡើយទេ ដ្បិតវាអាចប្រែប្រួលទៅតាមស្ថានភាពនៃការឆ្លងរីករាលនៃជំងឺកូវីដ-១៩នៅកម្ពុជា។ ប៉ុន្តែបើគ្មានអ្វីប្រែប្រួលទេ ការសម្ពោធនឹងប្រព្រឹត្តទៅតាមការកំណត់ខាងលើ។   

អាងហែលទឹកដែលមានទំហំទទឹង២១ម៉ែត្រ និងបណ្តោយ២៥ម៉ែត្រមួយនេះ បានបញ្ចប់ការសាងសង់កាលពីអំឡុងខែសីហា ឆ្នាំ២០២០។ ការពន្យាពេលក្នុងការសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនេះ ដោយសារកម្ពុជាបានទទួលរង និងជួបវិបត្តិជំងឺកូវីដ-១៩ រួមជាមួយថ្នាក់ដឹកនាំសហព័ន្ធខ្មែរកីឡាហែលទឹកលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនជាប់រវល់បំពេញការងារ។ នេះបើតាមការលើកឡើងរបស់លោក ហែម គីរី។

អាងហែលទឹកនេះមានទីតាំងស្ថិតនៅភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ហើយបានបើកការដ្ឋានសាងសង់នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩។ ក្រៅពីអាងហែលទឹក ក៏មានបន្ទប់ធ្វើការរបស់មន្ត្រី បន្ទប់បច្ចេកទេស និងកៅអីសម្រាប់ទស្សនិកជនអង្គុយទស្សនាជាដើម៕



Tag:
 អាងហែលទឹកស្អាងកោះធំ
  ខេត្តកណ្តាល
  ហែលទឹក
© រក្សាសិទ្ធិដោយ thmeythmey.com