ជាតិ
សង្គមជាតិ
កម្ពុជា នឹងចុះត្រជាក់ខ្លាំង ពីថ្ងៃទី៩-១៧ មករា
09, Jan 2021 , 9:59 am        
រូបភាព
រូបភាពផ្ដល់ដោយ លោក ពិសិដ្ឋ
រូបភាពផ្ដល់ដោយ លោក ពិសិដ្ឋ
 
ភ្នំពេញ៖ ស្ថានភាពអាកាសធាតុនៅបណ្ដាខេត្តមួយចំនួននៅកម្ពុជា នឹងចុះត្រជាក់ក្នុងចន្លោះ ១១-១៩អង្សា ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី ៨ ខែមករានេះ ។



បើតាមសេចក្ដីជូនដំណឹងដដែល ទ្រនុងសម្ពាធខ្ពស់ពីភាគខាងជើង បានធ្លាក់ចុះក្រោម នាំមកនូវធាតុត្រជាក់ពីតំបន់ស៊ីបេរី ជាមួយខ្យល់មូសុងឦសានខ្លាំង នឹងធ្វើឱ្យស្ថានភាពអាកាសធាតុ នៅតំបន់វាលទំនាប មានសីតុណ្ហភាពអប្បបរមា ចន្លោះពី១៣ ទៅ១៥អង្សា លាយឡំជាមួយខ្យល់មធ្យម។ សម្រាប់រាជធានីភ្នំពេញ នឹងមានសីតុណ្ហភាពអប្បបរមា១៦អង្សា។

រីឯ តំបន់ជួរភ្នំដងរែក និងតំបន់ខ្ពង់រាបភាគឦសាន សីតុណ្ហភាពអប្បបរមា ធ្លាក់ចុះ ក្នុងចន្លោះ ពី ១១ ទៅ ១៣អង្សា លាយឡំជាមួយខ្យល់ខ្លាំង។ ដោយឡែក តំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា ធ្លាក់ចុះក្នុងចន្លោះ ១៧ ទៅ ១៩ អង្សា ហើយនៅថ្ងៃទី១២ ខែមករា នៅលើផ្ទៃសមុទ្រ មានខ្យល់បក់បោកខ្លាំង និងរលកខ្ពស់ៗ។

ជាមួយគ្នានេះ ក្រសួងធនធានទឹក បានអំពាវនាវ ដល់ ពលរដ្ឋ ពិសេសកងទ័ពដែលរស់នៅ និងឈរជើងនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាប ត្រូវបង្កើនការយកចិត្តទុកដាក់ និងថែសុខភាពពិសេសចំពោះ ប្រជានេសាទ និងអ្នកដំណើរតាមសមុទ្រត្រូវប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗ៕  


Tag:
 អាកាសធាតុ
  ត្រជាក់
© រក្សាសិទ្ធិដោយ thmeythmey.com