សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
Elon Musk វ៉ា Jeff Bezos ក្លាយជាអ្នកមានជាងគេលើលោក
09, Jan 2021 , 10:59 am        
រូបភាព
លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla និងក្រុមហ៊ុនអវកាស Space X។ ​រូបភាព៖ AFP
លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla និងក្រុមហ៊ុនអវកាស Space X។ ​រូបភាព៖ AFP
លោក Elon Musk  នាយកប្រតិបត្តិរបស់ក្រុមហ៊ុនTesla ក្លាយជាមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅលើពិភពលោក ដោយឈរពីលើលោក Jeff Bezos នាយកប្រតិបត្តិក្រុមហ៊ុន Amazon ដែលកាន់កាប់តំណែងនេះយូរមកហើយ។



ក្នុងសន្ទស្សន៍មហាសេដ្ឋីរបស់ទូរទស្សន៍ Bloomberg  លោក Elon Musk ប្រធានប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX បានឈរនៅលើតារាងអ្នកមានជាងគេបំផុត ជាមួយទ្រព្យសម្បត្តិរហូតដល់ទៅ ១៩៥ពាន់លានដុល្លារ។ ទិន្នន័យទ្រព្យសម្បត្តិនេះ គិតត្រឹមព្រឹកថ្ងៃទី៨ ខែមករា។
ចំណែកលោក Jeff Bezos នាយកប្រតិបត្តិក្រុមហ៊ុនAmazon មានទ្រព្យសម្បត្តិចំនួន ១៨៥ពាន់លានដុល្លារ។ លោក Bill Gates សហស្ថាបនិកក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិ ១៣៤ពាន់លានដុល្លារ។

មួយរយៈពេលនៃការផ្ទុះកូវីដ-១៩ នៅក្នុងឆ្នាំ២០២០ ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានហក់ឡើងយ៉ាងគំហុក។ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២០ ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla មានតម្លៃមួយហ៊ុនត្រឹមតែជិត៩០ដុល្លារប៉ុណ្ណោះ រហូតដល់ថ្ងៃទី៧ ខែមករាឆ្នាំ ២០២១ ភាគហ៊ុនរបស់ក្រុមហ៊ុនរថយន្តអគ្គិសនីមួយនេះ មានតម្លៃរហូតដល់៨០៦ដុល្លារក្នុងមួយហ៊ុនឯណោះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNN ។

ការហក់ឡើងនៃភាគហ៊ុនរបស់ក្រុមហ៊ុនTesla យ៉ាងច្រើនបែបនេះ ដោយសារតែក្រុមហ៊ុន បានលក់រថយន្តអគ្គិសនីរបស់ខ្លួនបាន ៤៩៩៥៥០គ្រឿង នៅក្នុងឆ្នាំ២០២០ ដែលស្ទើរតែជិតសម្រេចគោលដៅរបស់ខ្លួន ដែលដាក់ចេញចំនួន ៥០០០០០គ្រឿង។ ម៉្យាងការឡើងថ្លៃនៃភាគហ៊ុននេះ អាចមកពីគោលនយោបាយរបស់បក្សប្រជាធិបតេយ្យនៅក្នុងរដ្ឋមួយចំនួនរបស់អាមេរិក ដែលផ្តោតលើគោលនយោបាយថាមពលបៃតង។

កត្តាទាំងនេះ អាចជាផ្នែកដ៏ធំ ដែលជួយឲ្យប្រធានប្រតិបត្តិ Tesla រូបនេះ ក្លាយជាមហាសេដ្ឋីលំដាប់ទី១ នៅលើពិភពលោក។
សូមបញ្ជាក់ថា តាមទិន្នន័យរបស់ទស្សាវដ្តី Forbes នៅដើមខែមិថុនា ឆ្នាំ២០២០ មហាសេដ្ឋីរូបនេះ មានទ្រព្យសម្បត្តិត្រឹមតែ ២៤ពាន់លានដុល្លារប៉ុណ្ណោះ៕


Tag:
 Elon Muskç
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com