COVID-19
ជាតិ
សង្គមជាតិ
ពលករ​ខ្មែរ​មកពី​ថៃ​ម្នាក់ទៀត មាន​កូ​វីដ​-១៩ ជា​ករណី​ទី​២២
09, Jan 2021 , 9:33 am        
រូបភាព
ដោយ:
ភ្នំពេញ​៖ ពលករ​ខ្មែរ​ម្នាក់ទៀត​ដែលជា​បុរស​ទើប​មកពី​ប្រទេស​ថៃ បាន​ឆ្លង​កូ​វីដ​-១៩​។​ចំណែក​អ្នកជំងឺ​៣​នាក់​ទៀត បានជា​សះស្បើយ នៅ​ថ្ងៃទី​៩ មករា​។ នេះ​បើតាម​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល ។​

 
​ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា ករណី​ឆ្លង​កូ​វីដ​-១៩​ថ្មី​នៅថ្ងៃនេះ ជា​បុរស​នោះ​មាន​វ័យ​២៤​ឆ្នាំ ដែល​ស្នាក់នៅ​ភូមិ​ថ្នល់​បត់ ឃុំ​ភ្នំ​តូច ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ​។ បច្ចុប្បន្ន​បុរស​នោះ​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តបន្ទាយមានជ័យ​។ 
 
ចំពោះ​ករណី​ជាសះស្បើយ​២​នាក់​ដែលជា​ពលករ​មកពី​ប្រទេស​ថៃ ដោយ​ម្នាក់​ជា​ស្ត្រីជន​ជាតិខ្មែរ​មាន​អាយុ​២៦​ឆ្នាំ​ស្នាក់​នៅក្នុង​ឃុំ​អូរ​ដំបង​២ ស្រុក​សង្កែ ខេត្តបាត់ដំបង បានធ្វើ​ដំណើរ​មកពី​ប្រទេស​ថៃ​ចូលមក​កម្ពុជា​នៅ​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២០​។ ពលករ​ម្នាក់ទៀត​ជា​ស្ត្រីជន​ជាតិខ្មែរ​អាយុ​២៦​ឆ្នាំ ស្នាក់នៅ​ក្នុងភូមិ​ដូង ឃុំ​កំរៀង ស្រុក​កំរៀង ខេត្តបាត់ដំបង បាន​មកដល់​កម្ពុជា​នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០​។​
 
​ចំណែក​អ្នកជា​សះស្បើយ​ម្នាក់ទៀត​ជា​ករណី​នាំចូល ជា​ស្ត្រីជន​ជាតិខ្មែរ​អាមេរិកាំង មាន​អាយុ​៣៦​ឆ្នាំ ស្នាក់នៅ​ក្រុង​តាខ្មៅ ខេត្តកណ្តាល ធ្វើដំណើរ​មកពី​ប្រទេស​សហរដ្ឋអាមេរិក មកដល់​កម្ពុជា​នៅ​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០២១​។ 
 
​គិត​ត្រឹម​ថ្ងៃទី​៩​មករា ក្រសួងសុខាភិបាល រកឃើញ​ពលករ​ខ្មែរ​ចំនួន​២២​នាក់​ហើយ ដែល​ត្រឡប់​មកពី​ប្រទេស​ថៃ​វិញ មាន​ជំងឺ​កូ​វីដ​-១៩​។ ពួកគេ​ទាំងនោះ ត្រូវបាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅតាម​មណ្ឌល​សុខភាព​នានា ក្នុង​ខេត្ត​ប៉ៃលិន បាត់ដំបង និង​បន្ទាយមានជ័យ​។ បច្ចុប្បន្ន​កម្ពុ​ជាមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ សរុប ៣៨៧​នាក់ ដោយ​ក្នុងនោះ មាន​៣៦៥​នាក់​បានជា​សះស្បើយ​៕

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com