អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក ត្រាំ ប្រកាស​មិន​ចូលរួម​ពិធី​ស្បថ​ចូលកាន់​តំណែង​ប្រធានាធិបតី​របស់លោក បៃ​ឌិន​
09, Jan 2021 , 11:32 am        
រូបភាព
លោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ។ រូបភាព៖AFP
លោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ។ រូបភាព៖AFP
ដោយ:
លោក​ប្រធានាធិបតី​អាមេរិក​ដូ​ណា​ល់ ត្រាំ ប្រកាស​នៅ​ថ្ងៃទី​៨ មករា ថា លោក​នឹងមិន​ចូលរួម​ពិធី​ស្បថ​ចូលកាន់​តំណែង​ប្រធានាធិបតី​របស់លោក​ចូ បៃ​ឌិន នៅ​ថ្ងៃទី​២០ មករា​ឡើយ​។ ការលើកឡើង​របស់លោក​ត្រាំ​នេះ ធ្វើឡើង​មិន​ដល់​មួយថ្ងៃ​ផង ក្រោយ​លោក​សន្យា​ផ្ទេរអំណាច​ទៅ​លោក​បៃ​ឌិន​ដោយ​សន្តិវិធី​។


 
«​សម្រាប់​អ្នក​ដែល​បាន​សួរនាំ ខ្ញុំ​នឹងមិន​ចូលរួម​ពិធី​ស្បថ​ចូលកាន់​តំណែង​នៅ​ថ្ងៃទី​២០ មករា ឡើយ​»​។​នេះ​ជា​សំណេរ ក្នុង​បណ្តាញ​សង្គម​Twitter របស់លោក​ត្រាំ​។ ចំណែក​Twitter វិញ​បានសម្រេច​លុប​គណនីរ​បស់​លោក​ត្រាំ​ជា​រៀងរហូត ដោយសារតែ​រូបលោក​ប្រើប្រាស់​បណ្តាញ​សង្គម​នេះ​ដើម្បី​ញុះញង់​បង្ករ​ហិង្សារ ដែល​ឈានដល់​ការអុកឡុក​វិមាន​សភា​កាលពី​ថ្ងៃទី​៦ មករា​។​
 
​ការប្រកាស​មិន​ចូលរួម​ក្នុង​ពិធី​ស្បថ​កាន់​ចូលកាន់​តំណែង​របស់​ប្រធានាធិបតី​ថ្មី នឹង​នាំ​ឲ្យ​លោក​ត្រាំ​ក្លាយជា​ប្រធានាធិបតី​ទីមួយ​ក្នុង​រយៈពេល​១៥២​ឆ្នាំ ដែល​មិន​ចូលរួម​ក្នុង​ប្រពៃណី​មួយ​នេះ​។ អតីត​ប្រធានាធិបតី​អាមេរិក​Andrew Jackson ដែល​ចប់​អា​ណ្ត​តិ​ក្នុង​ឆ្នាំ​១៨៦៩ ជា​បុគ្គល​ដំបូងបង្អស់​ដែល​មិន​ចូលរួម​ពិធី​ប្រពៃណី​នេះ​។ ក្នុង​នយោបាយ​អាមេរិក វត្តមាន​របស់​អតីត​ប្រធានាធិបតី និង​ប្រធានាធិបតី​ថ្មី នៅ​ថ្ងៃ​ស្បថ​កាន់តំណែង​ជា​និមិត្តរូប​នៃ​ការផ្ទេរអំណាច​ដោយ​សន្តិ​វិធី ក៏ដូចជា​ការរួបរួម​ជាតិ​។​
 
​តប​ទៅនឹង​ការប្រកាស​របស់លោក​ត្រាំ លោក​បៃ​ឌិន វិញ​និយាយថា​អវត្តមាន​របស់លោក​ត្រាំ នៅ​ថ្ងៃទី​២០ មករា អាចជា​រឿង​ល្អ​។ លោក​បៃ​ឌិន លើកឡើងថា លោក​ត្រាំ គឺជា​សេចក្តី​អាម៉ាស់​សម្រាប់​អាមេរិក​។ ដូចគ្នានេះដែរ ក្រុមការងារ​របស់លោក បៃ​ឌិន អះអាងថា​វត្តមាន​រប​ស់លោក ត្រាំ មិនមែនជា​រឿង​អទិភាព​ដែល​ត្រូវ​គិតគូរ​នោះឡើយ​។ យ៉ាងណាក្តី លោក បៃ​ឌិន ស្វាគមន៍​វត្តមាន​រប​ស់លោក​អនុ​ប្រធានាធិបតី ម៉ៃ ផែន​។ 
 
​ជុំវិញ​វត្តមាន​របស់លោក ផែន និង​ភរិយា លោក​Devin Malley អ្នកនាំពាក្យ​អនុ​ប្រ​ធា​ធិបតី​អះអាងថា លោក ផែន មិនទាន់​សម្រេចចិត្ត​យ៉ាងណា​នៅឡើយ​ទេ​។ ប៉ុន្តែ​ប្រភព​ស្និទ្ធ នឹង​អនុ​ប្រធានាធិបតី អះអាងថា​លោក​នឹងចូលរួម​ពិធី​ខាងលើ​។ នេះ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​AFP​។​
 
​លោក​ផែន និង​លោក​ត្រាំ នាពេលនេះ​ក៏​មើលមុខ​គ្នា​មិន​ចំ​ដែរ ដោយសារតែ​លោក​ផែន គោរព​តាម​រដ្ឋធម្មនុញ្ញ​អាមេរិក​ដោយ​បញ្ជាក់​ពី​ការជាប់ឆ្នោត​របស់លោក​បៃ​ឌិន​ក្នុង​កិច្ចប្រជុំ​សភាពេញអង្គ និង​បដិសេធ​ការទាមទារ​របស់លោក​ត្រាំ ឲ្យ​ជំទាស់​នូវ​លទ្ធផល​បោះឆ្នោត​។​
 
​អតីត​ប្រធានាធិបតី​ជាទូទៅ​តែងតែ​ចូលរួម​ក្នុង​ពិធី​ស្បថ​ចូលកាន់​តំណែង​របស់​ប្រធានាធិបតី​ថ្មី អតីត​ប្រធានាធិបតី​អាមេរិក​ដែល​កំពុង​រស់រានមានជីវិត​ចំនួន​៤​រូប​គឺ​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា លោក​ច​ច ប៊ូ​ស និង​លោក​ប៊ី​ល គ្លី​ន​តុ​ន បាន​បញ្ជាក់ថា​នឹងចូលរួម​ពិធី​ខាងលើ​។ ប៉ុន្តែ​វត្តមាន​របស់លោក​អតីត​ប្រធានាធិបតី​ជី​មី កា​ទ័​រ ពុំទាន់​ច្បាស់លាស់​នៅឡើយ​ទេ ដ្បិតអី​ក្នុង​វ័យ​៩៦​ឆ្នាំ​លោក​កា​ទ័​រ​មិនអាច​ធ្វើដំណើរ​បាន​ទៀតឡើយ​។​
 
​ដោយ​មិន​ចូលរួម​ពិធី​ខាងលើ មន្ត្រី​សេត​វិមាន​មួយចំនួន​អះអាងថា​លោក​ត្រាំ នឹង​ចាក​ចេញពី​សេត​វិមាន​នៅ​ថ្ងៃទី​១៩ មករា ដោយ​អាច​នឹងធ្វើ​ដំណើរ​ទៅ​កន្លែង​កំសាន្ត​Mar-a-Lago របស់លោក​នៅ​រដ្ឋ​Florida៕
 
 
 
 
 
 

Tag:
 ​អាមេរិក​
  បោះឆ្នោត​អាមេរិក​
 ​ដូ​ណា​ល់ ត្រាំ​
  ចូ បៃ​ឌិន​
© រក្សាសិទ្ធិដោយ thmeythmey.com