ជាតិ
សង្គមជាតិ
អភិបាលស្រុក​បន្ទាយស្រី បញ្ជា​ឲ្យ​បក​ស្លាក​ពាណិជ្ជកម្ម​ខុសច្បាប់​ចេញ ,​អ្នកតាមដាន​សង្គម ចាត់ទុកជា​គំរូ​ដល់​តំបន់​ដទៃទៀត
09, Jan 2021 , 3:33 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ រដ្ឋបាល​ស្រុក​បន្ទាយស្រី ចាប់ផ្ដើម​អនុវត្ត​សកម្មភាព ដើរ​បក​ស្លាក​ពាណិជ្ជកម្ម​ដែល​គ្មាន​ច្បាប់​អនុញ្ញាត​នៅតាម​ដើមឈើ និង​បង្គោល​ផ្សេងៗ ក្នុងស្រុក​បន្ទាយស្រី ដើម្បី​រក្សា​សោភ័ណភាព​ក្នុងស្រុក​ទេសចរណ៍​មួយ​នេះ​។ អ្នកតាមដាន​បញ្ហា​សង្គម​យល់ឃើញថា ការបិទ​ស្លាក​ពាណិជ្ជកម្ម​ខុសច្បាប់​នេះ វា​ប៉ះពាល់​ដល់​សោភ័ណភាព និង​បរិស្ថាន ដែល​ប្រជាជន​គួរ​ចាប់ផ្ដើម​គិតគូរ​ពី​បញ្ហា​នេះ​។​


​អភិបាលស្រុក​បន្ទាយស្រី ចាប់ផ្ដើម​រឹតបន្តឹង​ការបិទ​ស្លាក​ផ្សព្វផ្សាយ​អាជីវកម្ម នៅលើ​ដើមឈើ​ក្នុងស្រុក​បន្ទាយស្រី​។ មូលហេតុ​ដែល​លោក ឃឹម ហ្វី​ណង់ អភិបាលស្រុក​បន្ទាយស្រី អនុវត្ត​វិធានការ​បែបនេះ ដោយសារ​មើលឃើញថា ស្លាក​សញ្ញា​ពាណិជ្ជកម្ម បានធ្វើ​ឲ្យ​មាន​ប៉ះពាល់​ដល់​សោភ័ណភាព យ៉ាងខ្លាំង​ដល់​ស្រុក​របស់ខ្លួន​។ លោក ឃឹម ហ្វី​ណង់ សង្កត់ធ្ងន់ថា រដ្ឋបាល​ស្រុក​បន្ទាយស្រី នឹងមិន​អនុញ្ញាត​ឲ្យ​មាន​ការបិទ​ស្លាក​សញ្ញា​ពាណិជ្ជកម្ម ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​នោះទេ​។​
 
​អភិបាលស្រុក​បន្ទាយស្រី​រូបនេះ បាន​ប្រាប់​សារព័ត៌មាន​ThmeyThmey25 តាម​ទូរស័ព្ទ​ដូច្នេះ​ថា​៖ « ការបិទ​ស្លាក​សញ្ញា​ពាណិជ្ជកម្ម​ទាំងនេះ គឺ​វា​មាន​ផលប៉ះពាល់​ខ្លាំង​ដល់​សោភ័ណភាព​។ កាលណា​មាន​ភ្ញៀវទេសចរ​គាត់​ថតរូប​ទៅ​គឺមាន​ឃើញ ប្រតេកប្រតាក សក្បុស គ្រប់កន្លែង ណាមួយ​ស្រុក​បន្ទាយស្រី​ជា​ស្រុក​ទេសចរណ៍​ផង​» ។​
 
​ជុំវិញ​បញ្ហា​ស្លាក​ពាណិជ្ជកម្ម​តាម​ដើមឈើ​នេះ នាយក​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុ​ជា (ANSA) លោក សន ជ័យ យល់ឃើញថា ការបិទ​ស្លាក​សញ្ញា​ប្លា​ស្ទិ​ក ឬ​ក្រដាស​នៅតាម​ដើមឈើ ឬ​បង្គោល​ភ្លើង មិន​ត្រឹម​តែមាន​ផលប៉ះពាល់​ដល់​សោភ័ណភាព​ទេ ថែមទាំង​ប៉ះពាល់​ដល់​បរិស្ថាន​ផងដែរ​។ លោក សន ជ័យ លើកឡើង​ដូច្នេះ​ថា​៖ « ជាក់​ស្ដែក​ដូចជា​ការបិទ​ស្លាក​បូម​លូ រតែងរតោង ពេញមុខ​ផ្ទះ​ខ្ញុំ ពេល​ស្លាក​ទាំងអស់នោះ​ធ្លាក់​មកវា​នឹង​ក្លាយជា​បញ្ហា​បរិស្ថាន ដូច្នេះ​ខ្ញុំ​យល់ថា​យើង​គួរ​រក​ដំណោះស្រាយ​ណាមួយ​កុំ​ឲ្យ​ការរកស៊ី ក្នុងពេល​ប្រកួតប្រជែង​នេះ​ប៉ះពាល់​ដល់​បរិស្ថាន »​។ 
 
​សម្រាប់​អ្នកតាមដាន​បញ្ហា​សង្គម​រូបនេះ យល់ឃើញថា ការអនុវត្ត​វិធានការ​របស់​រដ្ឋបាល​ស្រុក​បន្ទាយស្រី​នេះ ជា​សកម្មភាព​មួយ​ល្អ ដែល​អាចជា​គំរូ​ដល់​តំបន់​ផ្សេងៗ​ទៀត​។ « សម្រាប់​ស្រុក​បន្ទាយស្រី​ដែល​អនុវត្ត​វិធានការ​បែបនេះ​វា​មិនមាន​អ្វី​ខុស​ទេ ផ្ទុយទៅវិញ​យើង​ឃើញថា​នៅ​ស្រុក​ខ្មែរ​យើង​កន្លែង​ណា​ក៏​សំរាម​ដែរ​។ សំរាម​ប្លា​ស្ទិ​កវា​កើនឡើង យើង​ក៏​បារម្ភ​ពី​សោភ័ណភាព​របស់​ប្រទេស​យើង ១០​ឆ្នាំ​ទៀតផង​ដែរ »​។ នេះ​ជាការ​បញ្ជាក់​របស់លោក សន ជ័យ ដែល​បាន​បន្ថែមថា ពលរដ្ឋ​គួរតែ​សហការ និង​ជាមួយ​អាជ្ញាធរ​ក្នុងការ​ការពារ​បរិស្ថាន និង​សោ​ភណ្ឌ​ភាព​ទីសាធារណៈ​។​
 
​បន្ថែម​ពីនេះ​លោក សន ជ័យ យល់ថា ការផ្សព្វផ្សាយ គួរ​មានការ​កាត់បន្ថយ​ជា​អតិបរមា​ក្នុង​ប្រើប្រាស់​ប្លា​ស្ទិ​ក និង​សំរាម​ផ្សេងៗ ដោយ​ងាក​មកប្រើប្រាស់​ឌីជីថល​សម្រាប់​ផ្សព្វផ្សាយ​វិញ​។ 
​សម្រាប់​ការការពារ​សោ​ភណ្ឌ​ភាព និង​បរិស្ថាន​ក្នុងស្រុក​បន្ទាយស្រី​នេះ លោក ឃីម ហ្វី​ណង់ បាន​ចាត់ចែង​ក្រុមការងារ ដើរ​បក​ស្លាក​ទាំងអស់នោះ​ចោល ដោយ​ផ្ដើមចេញពី​ទីប្រជុំជន នឹង​បន្ត​ទៅតាម​តំបន់​ដាច់ស្រយាល​ទៀត ដើម្បី​លុបបំបាត់​ស្លាក​ពាណិជ្ជកម្ម​យ៉ាង​អនាធិបតេយ្យ​ទាំងនោះ​។ លោក ឃឹម ហ្វី​ណង់ បាន​រៀបរាប់ថា​៖« ការដោះស្រាយ​បញ្ហា​បរិស្ថាន​ដែល​បណ្ដាលមកពី​ការផ្សព្វផ្សាយ​ទាំងនេះ វា​មិនមាន​ការលំបាក​នោះទេ​សម្រាប់​ស្រុក​បន្ទាយស្រី​»​។​
 
​អភិបាលស្រុក​បន្ទាយស្រី បាន​សង្កត់ធ្ងន់ថា បើ​ម្ចាស់​ក្រុមហ៊ុន និង​អាជីវ​កម្មណា នៅតែ​បន្ត​បិទ​ស្លាក​សញ្ញា​ពាណិជ្ជកម្ម​នៅតាម​ដើមឈើ​ទៀត​នោះ អាជ្ញាធរ​នឹង​កោះហៅ​ក្រុមហ៊ុន​ទាំង​នោះមក​ធ្វើ​កិច្ចសន្យា ឬ​អាច​អនុវត្តតាម​វិធានការ​ច្បាប់​តែម្ដង​៕ 
 

Tag:
 បន្ទាយស្រី​
  សៀមរាប​
  ឃឹម ហ្វី​ណង់​
  ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com