COVID-19
ជាតិ
ភរិយា​លោក ឆែម សាវុធ នៅ​មិនទាន់​ជាសះស្បើយ​ពី​កូ​វីដ​-១៩ ក្រោយ​ព្រឹត្តិការណ៍​២៨ វិច្ឆិកា បញ្ចប់​
09, Jan 2021 , 4:56 pm        
រូបភាព
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល
​ភ្នំពេញ​៖ ជាង​១​ខែ​ហើយ ភរិយា​លោក ឆែម សាវុធ ប្រធាន​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ មិនទាន់​ជាសះស្បើយ​ពី​ជំងឺ​កូ​វីដ​-១៩ ឡើយ ខណៈ​ក្រុមគ្រួសារ​អ្នកស្រី និង​អ្នកពាក់ព័ន្ធ​ព្រឹត្តិការណ៍​២៨ វិច្ឆិកា​ផ្សេងទៀត ត្រូវបាន​អនុញ្ញាត​ឱ្យចេញ​ពី​មន្ទីរពេទ្យ​។​


 
​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌី​ន បាន​បញ្ជាក់ថា រោគសញ្ញា​ជំងឺ​កូ​វីដ​-១៩ របស់​ភរិយា​លោក ឆែម សាវុធ នេះ មិនទាន់មាន​អ្វី​ធ្ងន់ធ្ងរ​ឡើយ​។ ប៉ុន្តែ​លោកស្រី មិន​បញ្ជាក់​លម្អិត​ពី​មូលហេតុ​នៃ​ជំងឺ​របស់​ភរិយា​លោក ឆែម សាវុធ ដែល​បានអូសបន្លាយ​ពេលនេះ​ទេ​។ ឆ្លើយតប​នឹង​សំនួរ​អ្នកសារព័ត៌មាន​តាម​បណ្ដាញ​តេ​ឡេ​ក្រាម នៅ​ថ្ងៃទី​៩ មករា​នេះ លោកស្រី ឱ វណ្ណឌី​ន បានបញ្ជាក់​ដូច្នេះ​ថា​៖«​គាត់​មិនមាន​អ្វី​ប្លែក​នោះទេ គ្រាន់តែ​មិនទាន់​ជា នៅ​បន្ត​ការព្យាបាល ។ ហើយ​សុំ​កុំភ្លេចថា យើង​ក៏​ធ្លាប់មាន​ករណី​ឈឺ​យូរ​បែបនេះ​ពីមុនៗ​មក​ដែរ​»​។ 
 
​កន្លងមក​ក៏មាន​បុរស​រស់នៅ​ខេត្តសៀមរាប​ម្នាក់ សម្រាក​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ អស់​រយៈពេល​២​ខែ​ដែរ​។ មូលហេតុ​ដែលនាំឱ្យ​អូសបន្លាយ​ពេល​យូរ​នេះ ដោយសារ​បុរស​នោះ មាន​ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​ប្រចាំកាយ​។​
 
​គួរ​បញ្ជាក់ថា ភរិយា​លោក ឆែម សាវុធ ប្រធាន​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ ត្រូវបាន​រកឃើញ​មាន​ជំ​ងឹ​កូ​វីដ​-១៩ តាំងពី​ថ្ងៃទី​២៨ វិច្ឆិកា ឆ្នាំ​២០២០​មក​។ អំឡុង​ពេលនោះ ក៏មាន​មនុស្ស​៤០​នាក់ ឆ្លង​ជំងឺ​កូ​វីដ​-១៩​នេះ​ជា​បន្តបន្ទាប់ រហូតដល់​រដ្ឋាភិបាល​ប្រសិទ្ធ​នាម​ថា «​ព្រឹត្តិការណ៍ ២៨ វិច្ឆិកា​»​។ ប៉ុន្តែ​ព្រឹត្តិការណ៍​នេះ ត្រូវបាន​សម្ដេច ហ៊ុន សែន ប្រកាស​បិទ​បញ្ចប់​ហើយ កាលពី​ថ្ងៃទី​២៩ ធ្នូ ឆ្នាំ​២០២០​។​
 
​គិត​ត្រឹម​ថ្ងៃទី​៩​មករា ក្រសួងសុខាភិបាល រកឃើញ​ពលករ​ខ្មែរ​ចំនួន​២២​នាក់​ហើយ ដែល​ត្រឡប់​មកពី​ប្រទេស​ថៃ​វិញ មាន​ជំងឺ​កូ​វីដ​-១៩​។ ពួកគេ​ទាំងនោះ ត្រូវបាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅតាម​មណ្ឌល​សុខភាព​នានា ក្នុង​ខេត្ត​ប៉ៃលិន បាត់ដំបង និង​បន្ទាយមានជ័យ​។ បច្ចុប្បន្ន​កម្ពុ​ជាមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ សរុប ៣៨៧​នាក់ ដោយ​ក្នុងនោះ មាន​៣៦៥​នាក់​បានជា​សះស្បើយ​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com