ជាតិ
សង្គមជាតិ
សាលាក្រុង កំពុង​ពិចារណា​កាប់​ដើមឈើ​៣​ដើម ដែលមាន​អាយុកាល​ជាង​៣០០​ឆ្នាំ​
09, Jan 2021 , 5:27 pm        
រូបភាព
 ដើមឈើជាច្រើនដើម​ដែលស្ថិតនៅ​ក្នុង​សួន​កាណាឌីយ៉ា តាមបណ្តោញផ្លូវ​ក្រមួនស ឬ​ផ្លូវភ្លោះ ក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ រូបភាពពីAKP
ដើមឈើជាច្រើនដើម​ដែលស្ថិតនៅ​ក្នុង​សួន​កាណាឌីយ៉ា តាមបណ្តោញផ្លូវ​ក្រមួនស ឬ​ផ្លូវភ្លោះ ក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ រូបភាពពីAKP
ដោយ:
​ភ្នំពេញ​៖ សាលា​រាជធានី​ភ្នំពេញ កំពុង​ពិចារណា​កាប់​ដើមឈើ​ចំនួន​៣​ដើម ដែលមាន​អាយុកាល​ជាង​៣០០​ឆ្នាំ ដែល​ស្ថិតនៅក្នុង​សួនច្បារ​កាណាឌីយ៉ា សង្កាត់​វត្តភ្នំ ក្នុង​ខណ្ឌដូនពេញ ។ នេះ​បើ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដែល​បាន​បញ្ជាក់ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ ។

 
​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា លោក និង​មន្ត្រី​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នឹង​ចុះទៅ​ត្រួត​ពិនិត្យមើល​ដើមឈើ ដែល​បាន​ពុកផុយ​ទាំង​៣​ដើម​នោះ​ម្តងទៀត​នៅ​សប្ដាហ៍​ក្រោយនេះ ដើម្បី​ពិចារណា​ថា​គួរ​កាប់ ឬក៏​រក្សាទុក​។ លោក​បញ្ជាក់ថា បើ​ពិនិត្យឃើញ​ដើមឈើ​នោះ​មិនអាច​រក្សាទុក​បាន ដោយសារតែ​ពុកផុយ និង​ប្រហោង នោះ​មន្ត្រី​ជំនាញ​នឹង​កាប់​ដើមឈើ​ទាំង​៣​នេះ ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ដល់​ជីវិត​មនុស្ស​។ 
 
«​ថ្ងៃមួយ​ខ្ញុំ​បានឃើញ​ដើមឈើ​ពុកផុយ ខ្ញុំ​ក៏បាន​ធ្វើលិខិត​ទៅ​ក្រសួងកសិកម្ម​ដើម្បី​ឲ្យ​គាត់​ព្យាបាល​។ ដល់​អ្នកជំនាញ​ចុះមក​ថា​ព្យាបាល​អត់​ជា​ទេ ដើមឈើ​ហ្នឹង​ពុកផុយ​ហើយ គួរតែ​បាន​កាប់​ចេញ​។ ប៉ុន្តែ  ខ្ញុំ​នឹង​នាំ​មន្ទីរ​កសិកម្ម​ទៅ​ត្រួតពិនិត្យ​ម្តងទៀត ថា​គួរតែ​កាប់​ចេញ ឬក៏​ទុក​គល់​បាន​អត់​។ យើង​មិនទាន់​កាប់​ទេ​។ ខ្ញុំ​គិតថា​បើសិន​យើង​ធ្វើ​យ៉ាងម៉េច ឬ​ទប់ទល់​យ៉ាងម៉េច​កុំ​ឲ្យ​វារ​លំ​គ្រោះថ្នាក់​ដល់​មនុ​ស្សបាន​យើង​នឹង​អាច​ពិចារណា​ប្រុង​រក្សាទុក នឹង​ការពារ​មិន​ឲ្យ​គ្រោះថ្នាក់​ដល់​ជីវិត​ពលរដ្ឋ​។ នេះ​ជាការ​រៀបរាប់​របស់លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​។ 
 
​ក្នុងករណី​ដើមឈើ​គីនីន​ទាំង​៣​នេះ ដែល​ពលរដ្ឋ​និយម​ហៅថា «​ដើម​គ្រាប់បែក​» កំពុងតែ​ពុកផុយ​នោះ សាលា​រាជធានី​ភ្នំពេញ នឹង​ដាំ​ដើមឈើ​ប្រភេទ​គីនីន​ថ្មី នៅ​ទីតាំង​ចាស់​នោះ​ជំនួស​វិញ​។ 
 
«​យើង​នឹង​ដាំ​ដើម​គីនីន​ហ្នឹង​ឡើងវិញ​នៅ​កន្លែង​ដែល​យើង​កាប់​»​។ នេះ​ជាការ​លើកឡើង​របស់លោក ឃួ​ង ស្រេង ដោយ​បញ្ជាក់ថា កាលណា​ដើមឈើ​ដែល​បាន​កាប់​ហើយ អ្នកជំនាញ​នឹង​យកទៅដាក់​នៅ​សារមន្ទីរ ឬក៏​បរិ​ចា្ច​គ​ឲ្យ​គេ​យកទៅ​ច្នៃ​ប្រើប្រាស់​ជាដើម​។ 
 
​នៅក្នុង​សួនច្បារ​កាណាឌីយ៉ា ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ក្រមួនស សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ មាន​ដើមឈើ​ចំនួន​៥០​ដើម ដោយមាន​អាយុកាល​ជាង​៣០០​ឆ្នាំ​។ នេះ​បើតាម​សំដី​របស់លោក សំ សាមុត ប្រធាន​អង្គភាព​សួនច្បារ និង​រុក្ខជាតិ​នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ដែល​ដកស្រង់​ពី​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា​៕ 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com