ជាតិ
សង្គមជាតិ
សិល្បះ
អ្នកនាង ពេជ្រ ចរិយា ប្រាប់ពីរបៀបហាត់ពត់សំឡេងចម្រៀងមហោរី
09, Jan 2021 , 10:30 pm        
រូបភាព
 
ភ្នំពេញ៖ ជាសិល្បការិនីចម្រៀងមហោរីដ៏មានទឹកដមពីរោះរណ្ដំ អ្នកនា ពេជ្រ ចរិយា តែងហាត់ច្រៀង និងពត់សំឡេង រាល់ពេលព្រឹកព្រលឹម វេលាក្រោកពីដំណេកភ្លាម។ ព្រឹកព្រលឹម គឺស័ក្ដិសមបំផុត សម្រាប់ហាត់ពត់សំឡេង ដើម្បីអាចច្រៀងចម្រៀងមហោរី ដែលមានកម្មសំនៀងខ្ពស់ហើយ និងតឹងនោះ។ ការហាត់ស្រែកក្នុងទឹក ក៏ជាវិធីសាស្ត្រ ធ្វើឱ្យមានសំឡេងខ្ពស់ហើយវែងផងដែរ ដែលអ្នកនាង ពេជ្រ ចរិយា ធ្លាប់ហ្វឹកហាត់។



អ្នកនាង ពេជ្រ ចរិយា គឺជាសិល្បការិនីចម្រៀងបុរាណ ដ៏មានទឹកដមពីរោះរណ្ដំមួយរូប ជាពិសេសលើចម្រៀងមហោរី។ អ្នកនាងគឺជាម្ចាស់សំនៀង ក្នុងទម្រង់ចម្រៀងមហោរី នៃរបាំរឿង នាងវឌ្ឍនាទេវី ដែលជាស្នាព្រះហស្តរបស់សម្ដេចព្រះរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី។
ដើម្បីជ្រាបកាន់តែច្បាស់ សូមប្រិយមិត្តអញ្ជើញទស្សនាវីដេអូ ដែលអ្នកនាង ពេជ្រ ចរិយា ពន្យល់បន្ថែម ដោយក្ដីរីករាយ៖
ដូចដែលមនុស្សទូទៅបានដឹងស្រាប់ ថាចម្រៀងមហោរី ភាគដ៏ច្រើនគឺមានកាំសំនៀងខ្ពស់ ហើយនឹងតឹងផង ដូច្នេះអ្នកមានសំឡេងធម្មតា ពិបាកនឹងច្រៀងបានណាស់។ ដើម្បីអាចច្រៀងចម្រៀងដ៏លំបាកនេះបាន អ្នកនាង ពេជ្រ ចរិយា ត្រូវមានសំឡេងល្អពីកំណើត រួមផ្សំនឹងការហ្វឹកហាត់ពត់សំឡេង តាមបច្ចេកទេសត្រឹមត្រូវផង។

ការហ្វឹកហាត់កាលរៀនដំបូង គ្រូបានឱ្យអ្នកនាង ចរិយា ច្រៀងចម្រៀងមហោរីណាដែលមានកម្មសំនៀងទាប និងមិនសូវមានអ៊ឺន។ លុះពេលអ្នកនាង ចេះច្រៀង និងចេះស្ដាប់ចង្វាក់ហើយ គ្រូចាប់ផ្ដើមជ្រើសរើសចម្រៀងណាដែលមានកាំសំនៀងខ្ពស់ មានអ៊ឺនច្រើន ជាពិសេសពិបាកក្នុងការលើកដាក់សំឡេង ឱ្យអ្នកនាងច្រៀង។ រូប១
បច្ចុប្បន្នមានអាជីពជាសិល្បការិនីចម្រៀងមហោរី ក៏ដូចជាចម្រៀងសម័យ និងជាមន្ត្រីរាជការផងនោះ អ្នកនាង ពេជ្រ ចរិយា នៅតែហ្វឹកហាត់ពត់សំឡេងរបស់ខ្លួនរាល់ថ្ងៃ។ ជាធម្មតាវេលាព្រឹកព្រលឹម ទើបក្រោកពីដំណេកភ្លាម អ្នកនាង ចរិយា តែងជ្រើសរើសបទចម្រៀងមហោរីណា ដែលមានកាំសំនៀងខ្ពស់ ហើយតឹង និងមានអ៊ឺនបត់បែនច្រើន ដើម្បីហាត់ពត់សំឡេងរៀងរាល់ព្រឹក។
អ្នក​នាង ពេជ្រ ចរិយា សិល្បការិនីចម្រៀង​បុរាណ

អ្នកនាង ពេជ្រ ចរិយា ថាការហាត់ច្រៀងនៅពេលព្រឹកព្រលឹម ដែលជាពេលសំឡេងកំពុងមានភាពស្អកស្អា វាបានជួយឱ្យសំឡេងនោះប្រែជាស្រឡះល្អហើយខ្ពស់។
ក្រៅពីការហាត់ពត់សំឡេងនៅពេលព្រឹក អ្នកនាង ពេជ្រ ចរិយា ក៏មានរបៀបហាត់ពត់សំលេង នៅក្នុងទឹកផងដែរ។ អ្នកនាងថា ការធ្វើបែបនេះជួយឱ្យមានសំឡេងវែង និងមានថាមពលខ្លាំង។

«ការហាត់ច្រៀងត្រូវធ្វើដងខ្លួនឱ្យត្រង់ ទោះអង្គុយឬឈរក្ដី ដើម្បីឱ្យសំឡេងមូលល្អ។ ខ្ញុំជ្រើសយកចម្រៀងដែលមានកម្មសំនៀងខ្ពស់ មកហាត់ពេលព្រឹក ព្រោះបើយើងហាត់ច្រៀងចម្រៀងតឹងខ្លាំងពេលព្រឹកព្រលឹម នោះទោះយើងច្រៀងចម្រៀងនៅម៉ោងប៉ុន្មាន ក៏សំឡេងរបស់យើងមិនមានបញ្ហាអ្វីដែរ។
ចំណែកចំណុចពិសេសនៃការហាត់ពត់សំឡេងក្នុងទឹក គឺធ្វើឱ្យសំឡេងមានថាមពលខ្លាំង។ យើងត្រូវមុជក្បាលចូលទៅក្នុងទឹក ហើយយើងស្រែកមួយទំហឹង ទឹកអាចចូលមាត់យើងខ្លះ ប៉ុន្តែវាមិនចូលច្រើនទេ។ យើងក៏អាចគ្រហឹមនៅក្នុងទឹកបានផងដែរ។ ចម្រៀងបុរាណពិបាកច្រៀង ព្រោះមានអ៊ឺនច្រើន គេចាត់ទុកចម្រៀងមហោរី ជាមេបទនៃចម្រៀងទាំងពួង ព្រោះជាចម្រៀងដែលពិបាកច្រៀងជាងគេ»។ នេះគឺជាការបញ្ជាក់បន្ថែមរបស់អ្នកនាង ពេជ្រ ចរិយា៕




Tag:
 ចម្រៀង
  សំឡេង
  ពេជ្រ ចរិយា
  សិល្បៈ
© រក្សាសិទ្ធិដោយ thmeythmey.com