អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មេដឹកនាំកូរ៉េខាងជើង ប្តេជ្ញាបង្កើនសមត្ថភាពអាវុធនុយក្លេអ៊ែរ និងបន្តចាត់ទុកអាមេរិកជាសត្រូវដ៏ធំបំផុត
09, Jan 2021 , 10:59 pm        
រូបភាព
ដោយ:
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ប្តេជ្ញាបង្កើនសមត្ថភាពអាវុធនុយក្លេអ៊ែរ និងបន្តចាត់ទុកអាមេរិកជាសត្រូវដ៏ធំបំផុត បើទោះបីជាអ្នកណាកាន់តំណែងជាប្រធានាធិបតីអាមេរិកក៏ដោយ។ លោកគីម អះអាងថា កូរ៉េខាងជើងនឹងបង្កើនសមត្ថភាព ក៏ដូចជាចំនួនអាវុធនុយក្លេអ៊ែររបស់ខ្លួន តែអះអាងថាមិនប្រើផ្តេសផ្តាស់ឡើយ។ ការលើកឡើងរបស់លោក គីម បង្កើតឧបសគ្គបន្ថែមទៀតដល់ប្រធានាធិបតីជាប់ឆ្នោតចូ បៃឌិន ដែលនឹងឡើងកាន់ដំណែងនៅថ្ងៃទី២០ មករា។



គោលនយោបាយអរិភាពរបស់អាមេរិកប្រឆាំងនឹងកូរ៉េខាងជើង នឹងមិនផ្លាស់ប្តូរឡើយបើទោះបីជាអ្នកណាជាអ្នកគ្រប់គ្រងសេតវិមាន។ នេះជាការលើកឡើងរបស់លោកគីម ដោយបន្តថាការបោះបង់គោលនយោបាយដែលចាត់ទុកកូរ៉េខាងជើងជាសត្រូវ គឺជាចំណុចគន្លឹះនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ នេះយោងតាមការផ្សាយរបស់សារព័ត៌មានរដ្ឋកូរ៉េខាងជើងKCNA។

«គោលនយោបាយការបរទេសរបស់យើងគឺត្រូវតែផ្តោត និងបង្វែរទៅរកការបង្ក្រាបអាមេរិក ដែលជាសត្រូវដ៏ធំបំផុតក្នុងការអភិវឌ្ឍរបស់យើង»។ នេះជាថ្លែងរបស់លោកគីមក្នុងសុន្ទរកថា នៃសមាជក៏កម្រនៃបក្សពលករកូរ៉េខាងជើង។លោកបន្តថា មិនសំខាន់ឡើយពីអ្នកកាន់អំណាចនៅអាមេរិក ដោយសារតែគោលនយោបាយចម្បងរបស់ប្រទេសនេះ នឹងមិនផ្លាស់ប្តូរឡើយ។ មេដឹកនាំកូរ៉េខាងជើងសន្យាថា នឹងពង្រីកទំនាក់ទំនងជាមួយប្រទេសដែលមានជំហរឯករាជ្យ និងប្រឆាំងលទ្ធិចក្រពត្តិនិយម។

លើរឿងអាវុធនុយក្លេអ៊ែរវិញ លោកគីមអះអាងថាកូរ៉េខាងជើងកំពុងពង្រីកសមត្ថភាពរបស់ខ្លួនក្នុងការវាយប្រហារជាមុន ក៏ដូចជាវាយប្រហារសងសឹក ដោយមានក្បាលគ្រាប់នុយក្លេអ៊ែរជាច្រើនប្រភេទ។ លោកក៏អំពាវនាវឲ្យយោធា និងអ្នកវិទ្យាសាស្ត្រកូរ៉េខាងជើងអភិវឌ្ឍអាវុធដែលមានល្បឿនលឿនជាងសំឡេង ឥន្ធនៈក្នុងទម្រង់ជាវត្ថុរឹងសម្រាប់មីស៊ីលប្លោងអន្តរទ្វីប ផ្កាយរណបចារកម្ម និងដ្រូនផងដែរ។

មេដឹកនាំកូរ៉េខាងជើងក៏អះអាងផងដែរថា ប្រទេសមួយនេះកំពុងធ្វើតេស្តអាវុធជាច្រើនរួមមានរ៉ុក្កែតដែលផ្ទុកក្បាលគ្រាប់ច្រើន ក្បាលគ្រាប់នុយក្លែអ៊ែរដែលលឿនជាងសម្លេងសម្រាប់មីស៊ីលប្លោងប្រភេទថ្មី ខណៈការស្រាវជ្រាវស្តីពីនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរក៏ជិតបញ្ចប់ផងដែរ។
លោកAnkit Panda អ្នកស្រាវជ្រាវនៅគ្រឹះស្ថានCARNEGIE និយាយថាការលើកឡើងរបស់លោកគីមបង្ហាញពីមហិច្ឆតាការពារជាតិ នឹងអាវុធនុយក្លេអ៊ែរនាពេលតែមួយ។ លោកអះអាងថា ប្រទេសនេះអាចនឹងធ្វើតេស្តអាវុធនុយក្លេអ៊ែរជាថ្មីម្តងទៀតនាពេលខាងមុខ។

ពុំទាន់មានឡើយការឆ្លើយតបពីក្រសួងការបរទេសអាមេរិក ឬក្រុមការងាររបស់លោកចូ បៃឌិន។ ប៉ុន្តែលោកបៃឌិន ធ្លាប់បានអះអាងកាលពីខែតុលា ឆ្នាំ២០២០ថា លោកអាចនឹងពិភាក្សាជាមួយលោកគីម ដរាបណាកូរ៉េខាងជើងកាត់បន្ថយអាវុធនុយក្លេអ៊ែររបស់ខ្លួន។

កូរ៉េខាងជើងបើកសមាជបក្សពលករលើកទី៨ នៅថ្ងៃទី៥ ខែមករា គ្រានោះលោកគីមលើកឡើងពីការអភិវឌ្ឍសេដ្ឋកិច្ច គោលនយោបាយការពារជាតិ គោលនយោបាយការបរទេស ក៏ដូចជាពិនិត្យមើលទំនាក់ទំនងជាមួយកូរ៉េខាងត្បូងផងដែរ៕
អត្ថបទទាក់ទង
:



Tag:
 កូរ៉េខាងជើង
  អាមេរិក
  គីម ជុងអ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com