អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
យន្តហោះដឹកអ្នកដំណើរឥណ្ឌូណេស៊ីដែលផ្ទុកមនុស្ស៦២នាក់ ធ្លាក់ចូលក្នុងសមុទ្រ
10, Jan 2021 , 11:23 am        
រូបភាព
ក្រុមការងារស្វែងរកយន្តហោះដែលធ្លាក់។ រូបភាព៖ Reuters
ក្រុមការងារស្វែងរកយន្តហោះដែលធ្លាក់។ រូបភាព៖ Reuters
ដោយ:
 
រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនឥណ្ឌូណេស៊ី លោកBudi Karya អះអាងថាយន្តហោះដឹកអ្នកដំណើរខាងលើធ្លាក់ក្បែរកោះLaki ចម្ងាយ២០គីឡូម៉ែត្រពីអាកាសយានដ្ឋាន។ នាវាឥណ្ឌូណេស៊ីចំនួន១០គ្រឿង ផ្ទុកទៅដោយឧបករណ៍ស្វែងរកយន្តហោះ និងអ្នកមុជទឹកក្រោមបាតសមុទ្របានចាប់ផ្តើមប្រតិបត្តិការស្វែងរកយន្តហោះដឹកអ្នកដំណើរដែលបាត់ខ្លួន ក្រោយពេលហោះចេញត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ ពីអាកាសយានដ្ឋានអន្តរជាតិហ្សាការតា នៅថ្ងៃទី៩ មករា។



យន្តហោះBoeing 737-500 របស់ក្រុមហ៊ុនអាកាសចរណ៍Sriwijaya ជើងហោះហើរ SJ 182 ដែលផ្ទុកមនុស្សចំនួន៦២នាក់ ដែលក្នុងនោះមានក្រុមការងារ១២នាក់ និងកុមារចំនួន១០នាក់ បាត់ខ្លួនពីរាដា ក្រោយពេលហោះចេញពីអាកាសយានដ្ឋានហ្សាការតារយៈពេល៤នាទី។ នៅថ្ងៃទី៩ មករា យន្តហោះនេះចេញដំណើរពីក្រុងហ្សាការតាទៅតំបន់Pontianak ភាគខាងលិចកោះកាលីម៉ាន់តាន់។ យន្តហោះនេះហោះឡើងទៅដល់រយៈកម្ពស់៣៣២២ម៉ែត្រ(១០,៩០០ ហ្វីត) ក្នុងរយៈពេល៤នាទី បន្ទាប់មកចាប់ផ្តើមដាំក្បាលចុះ និងឈប់បញ្ជូនទិន្ន័យហោះហើរនៅរយៈពេល២១វិនាទីបន្ទាប់។

លោកSolihin អ្នកនេសាទឥណ្ឌូណេស៊ី អះអាងថាលោកកំពុងនេសាទនៅក្បែរកោះLancang និងបានឭសំឡេងផ្ទុះក៏ខ្លាំងមួយ នៅអំឡុងម៉ោង២ និង៣០នាទី (ម៉ោងឥណ្ឌូណេស៊ី)។ អ្នកនេសាទរូបនេះ បន្តថាលោកឃើញរបស់ធ្លាក់ពីលើមេឃ ដែលនៅមិនឆ្ងាយប៉ុន្មានពីទូកនេសាទរបស់លោក និងបន្ទាប់មកវត្ថុនោះផ្ទុះក្នុងទឹក។
លោកHendrik អ្នកនេសាទមួយរូបទៀត និយាយថា ក្រោយផ្ទុះនោះមិនយូរប៉ុន្មាន លោកឃើញមានប្រេង និងកម្ទេចអណ្តែតលើផ្ទៃទឹក។ អ្នកនេសាទទាំងពីររូបនោះ ក៏សម្រេចឡើងទៅឆ្នេរ និងរាយការណ៍ប្រាប់ប៉ូលិស។នេះយោងតាមទូរទស្សន៍សិង្ហបុរី Channel News Asia។

នាថ្ងៃទី៩ មករាកន្លងទៅ ក្រុមអ្នកស្វែងរក និងអ្នកនេសាទស្រង់បានបំណែកនៃកន្លែងចុះពីយន្តហោះក្នុងគ្រាអាសន្ន ដោយជឿថាបែកចេញពីយន្តហោះដែលបាត់ខ្លួននោះ ទោះជាយ៉ាងណាក្តីក្រុមស្វែងរកនៅមិនទាន់អាចរកឃើញតួខ្លួននៃយន្តហោះ ឬកំណត់ជោគវាសនារបស់មនុស្សទាំង៦២រូបនោះឡើយ។ ស្របពេលជាមួយគ្នានេះ ភ្នាក់ងារសង្គ្រោះឥណ្ឌូណេស៊ីBasarnas អះអាងថានឹងបញ្ជូនក្រុមការងារដើម្បីស្វែងរកអ្នកដែលរួសរានមានជីវិត។

ក្រោយហេតុការណ៍នេះ ភ្នាក់ងារសុវត្ថិភាពឥណ្ឌូណេស៊ីKNKT នឹងបើកការស៊ើបអង្កេតជាបន្ទាន់ ចំណែកក្រុមប្រឹក្សាសុវត្ថិភាពអាកាសចរណ៍អាមេរិកក៏ចូលរួមដែរ ដោយសារយន្តហោះនេះរចនា និងកសាងនៅអាមេរិក។

យន្តហោះដែលបាត់ខ្លួននោះ គឺយន្តហោះBoeing 737-500 ដែលចេញប្រតិបត្តិការជាង២៧ឆ្នាំ និងពុំដែលជួបបញ្ហាអ្វីឡើយ។ កាលពីឆ្នាំមុនឥណ្ឌូណេស៊ី ក៏ជួបគ្រោះធ្លាក់យន្តហោះនេះដែរ ក្រោយពេលយន្តហោះBoeing 737 MAX របស់ក្រុមហ៊ុនអាកាសចរណ៍Lio Air ធ្លាក់និងសម្លាប់មនុស្សទាំងអស់ចំនួន១៨៩នាក់។

ក្រុមហ៊ុនផលិតយន្តហោះBoeing អះអាងថាខ្លួនកំពុងទាក់ទងជាមួយក្រុមហ៊ុនអាកាសចរណ៍ និងត្រៀមជាស្រេចក្នុងការផ្តល់ជំនួយក្នុងស្ថានការណ៍ដ៏លំបាកនេះ។
ក្រុមហ៊ុនអាកាសចរណ៍Sriwijaya ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៣ ដោយមានប្រតិបត្តិការហោះហើរក្នុងប្រទេសឥណ្ឌូណេស៊ីមួយភាគធំ។ ក្រុមហ៊ុនអាកាសចរណ៍នេះ មានកំណត់ត្រាស្តីពីសុវត្ថិភាពអ្នកធ្វើដំណើរយ៉ាងល្អ ដោយពុំមានគ្រោះថ្នាក់ដល់ជីវិតឡើយ បើទោះបីជាមានបញ្ហាចំនួន៤ដងក្តី នេះយោងតាមបណ្តាញសុវត្ថិភាពអាកាសចរណ៍។

ជុំវិញវិស័យអាកាសចរណ៍ឥណ្ឌូណេស៊ីវិញ ប្រទេសនេះពុំសូវជាមានកំណត់ត្រាល្អប៉ុន្មានឡើយ ជាក់ស្តែងសហភាពអឺរ៉ុបហាមមិនឲ្យក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសនេះប្រតិបត្តិការក្នុងដែនអាកាសរបស់ខ្លួនពីឆ្នាំ២០០៧ ដល់២០១៨ ក្រោមហេតុផលថាការត្រួតពិនិត្យ និងថែទាំយន្តហោះមានសភាពអន់ថយ ក្រោយរដ្ឋាភិបាលឥណ្ឌូណេស៊ីកាត់បន្ថយការត្រួតពិនិត្យលើវិស័យនេះក្នុងឆ្នាំ១៩៩០។ ចំណែកអាមេរិកវិញ ទម្លាក់កម្រិតសុវត្ថិភាពអាកាសចរណ៍ឥណ្ឌូណេស៊ី ទៅកម្រិតទី២ ពីឆ្នាំ២០០៧ ដល់២០១៦ ដោយសារពុំមានគ្រប់គ្រាន់នូវប្រព័ន្ធច្បាប់គ្រប់គ្រងអាកាសចរណ៍៕





Tag:
 ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com