COVID-19
អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ចិន ដែលផ្ទុះកូវីដ-១៩ មុនគេ ស្ថិតនៅលេខរៀងទី៨២ ខណៈអាមេរិកមានអ្នកជំងឺជាង២២លាននាក់
10, Jan 2021 , 2:08 pm        
រូបភាព
អ្នកដំណើរពាក់ម៉ាស់តម្រង់ជួរនៅស្ថានីយ៍រថភ្លើង Wuchang ក្រុងវូហាន នៅថ្ងៃទី៨ ខែមេសា ខណៈត្រៀមចាកចេញពីវូហាន។ រូបភាព AFP
អ្នកដំណើរពាក់ម៉ាស់តម្រង់ជួរនៅស្ថានីយ៍រថភ្លើង Wuchang ក្រុងវូហាន នៅថ្ងៃទី៨ ខែមេសា ខណៈត្រៀមចាកចេញពីវូហាន។ រូបភាព AFP
 
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី១០ មករានេះ អ្នកឆ្លងកូវីដ-១៩ ទូទាំងពិភពលោក ជាង៩០នាក់ហើយ ខណៈអាមេរិកឈរនៅលេខរៀងទី១ ដោយមានអ្នកជំងឺជាង២២លាននាក់។ ចំណែកចិន ដែលផ្ទុះកូវីដ-១៩ មុនគេ ស្ថិតនៅលេខរៀងទី៨២ ដែលមានអ្នកជំងឺជាង៨ម៉ឺននាក់។



កូវីដ-១៩ ត្រូវបានគេរកឃើញនៅចិន និងប្រកាសជាផ្លូវនៅថ្ងៃទី៣១ ធ្នូ ឆ្នាំ២០១៩។ អំឡុងពេលផ្ទុះឡើងភ្លាមៗដំបូងប្រទេសចិន មានអ្នកជំងឺរាប់ពាន់នាក់ និងស្លាប់រាប់រយនាក់ នៅក្នុងមួយថ្ងៃៗ ។ មិនតែប៉ុណ្ណោះជំងឺកូវីដ-១៩នេះ ក៏បានឆ្លងរីករាលទូទាំងពិភពលោកទៀតផង។ តែយ៉ាងណាចិន ដែលផ្ទុះកូវីដ-១៩ មុនគេនេះ បានគ្រប់គ្រង និងទប់ស្កាត់ជំងឺកាចសាហាវនេះ ទាន់ពេលវេលា។

បច្ចុប្បន្ននេះ ចិនមានជំងឺកូវីដ-១៩ ជាង៨,៧ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤ពាន់នាក់ និងជាសះស្បើយ ៨,២ ម៉ឺននាក់ ខណៈជាង៥០០នាក់ទៀត កំពុងសម្រាកព្យាបាល។ មូលហេតុដែលចិន អាចគ្រប់គ្រង និងទប់ស្កាត់ជំងឺកូវីដ-១៩ នេះ បានដោយសារចិនអនុវត្តវិធានតឹងរឹង តាមរយៈការបិទក្រុង សាលារៀន ទីប្រជុំជន និងកន្លែងជួបជុំ, ធ្វើតេស្តលើពលរដ្ឋជាលក្ខណៈទ្រង់ទ្រាយធំ, ដាក់ពិន័យលើអ្នកមិនអនុវត្តតាមការណែនាំ និងរៀបចំកន្លែងដាក់អ្នកជំងឺកូវីដ-១៩ ដោយឡែកតាមស្ថានការណ៍។ ជាពិសេសចុងក្រោយនេះ ចិនបានរកឃើញវ៉ាក់សាំង សម្រាប់ចាក់ការពារប្រជាជនខ្លួនផង។

ដោយឡែកអាមេរិក ដែលរកឃើញមានករណីកូវីដ-១៩ ជាលើកដំបូង នៅអំឡុងខែមីនា ឆ្នាំ២០២០នោះ បានស្ថិតនៅលេខរៀងទី១ ដែលមានប្រជាជនឆ្លងជំងឺនេះច្រើនជាងគេ។ ពេលនេះអាមេរិក មានអ្នកជំងឺជាង២២លាននាក់ ក្នុងនោះស្លាប់ជាង៣៨ម៉ឺននាក់ ជាសះស្បើយជាង១៣លាននាក់ និងកំពុងសម្រាកព្យាបាលជំងឺជាង៨លាននាក់។

កត្តាដែលនាំឱ្យអាមេរិក មានអ្នកជំងឺកូវីដ-១៩ ច្រើនជាងគេ ដោយសារប្រជាជនអាមេរិក ភាគច្រើនប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈរួម, ការមើលស្រាលស្ថានការណ៍ និងមានចំណាត់ការយឺតយ៉ាវ ក្នុងការទប់ស្កាតការរាតត្បាតរបស់ COVID-19។ មិនតែប៉ុណ្ណោះបណ្ដារដ្ឋនីមួយៗ មានវិធានការ និងការអនុវត្តផ្សេងៗគ្នា ក្នុងការទប់ស្កាត់កូវីដ-១៩ ដែលធ្វើឱ្យការគ្រប់គ្រងស្ថានការណ៍ មិនសូវមានប្រសិទ្ធភាព បូករួមទាំងការធ្វេសប្រហែស និងមិនសូវយកចិត្តទុកដាក់ការពារសុវត្ថិភាពផ្ទាល់ខ្លួនរបស់ប្រជាជនអាមេរិកទៀតផង។ តែយ៉ាងណាអាមេរិក ក៏បានរកឃើញវ៉ាក់សាំងកូវីដ-១៩ តាមរយៈក្រុមហ៊ុន Pfizer ផងដែរ។
អត្ថបទទាក់ទង

បច្ចុប្បន្ននេះ អ្នកជំងឺកូវីដ-១៩ ទូទាំងពិភពលោក មានជាង៩០លាននាក់ ក្នុងនោះអាមេរិកឈរលេខ១ មានអ្នកជំងឺជាង២២លាននាក់ ខណៈឥណា្ឌ មានអ្នកជំងឺ ជាង១០លាននាក់ ស្ថិតនៅលំដាប់ទី២។ ចំណែកប្រេស៊ីល មានអ្នកជំងឺជាង៨លាននាក់ នៅទី៣ រីឯរុស្សី និងចក្រភពអង់គ្លេស មានអ្នកជំងឺជាង៣លាននាក់ដូចគ្នា។ នេះបើតាមរបាយការណ៍ Worldometers៕


Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com