ជាតិ
សង្គមជាតិ
២៥ខេត្ត/រាជធានី
អាជ្ញាធរជាតិអប្សរាគ្រោងរៀបចំពិធីសាសនាប្រចាំឆ្នាំ «អរគុណដល់បុព្វបុរសកសាងអង្គរ»
10, Jan 2021 , 2:37 pm        
រូបភាព
សៀមរាប៖ នៅក្នុងឆ្នាំ២០២១នេះ អាជ្ញាធរជាតិអប្សរាមានផែនការជាច្រើន ដើម្បីរៀបចំនិងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ ឱ្យស័ក្ដិសមជាបេតិកភណ្ឌពិភពលោក។ ផែនការអភិវឌ្ឍន៍ក្នុងឆ្នាំ២០២១នេះ នឹងផ្តោតសំខាន់នៅក្រុងអង្គរធំ តួយ៉ាងនៅព្រះលានជល់ដំរី។ល។ ក្រៅពីកិច្ចការទាំងនោះ អាជ្ញាធរជាតិអប្សរា គ្រោងបង្កើតព្រឹត្តិការណ៍ប្រចាំឆ្នាំដោយឱ្យឈ្មោះថា «ពិធីសាសនាអរគុណដល់បុព្វបុរស ដែលកសាងនិងជួសជុលអង្គរ»។



អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក ហង់ ពៅ មានប្រសាសន៍ថា អាជ្ញាធរជាតិអប្សរានឹងបង្កើតព្រឹត្តិការណ៍សាសនាប្រចាំឆ្នាំដ៏ធំ ក្នុងន័យអរគុណដល់បុព្វបុរស ដែលបានកសាង អភិរក្ស ជួសជុល និងថែរក្សា រមណីយដ្ឋានអង្គរ។ តាមរយៈពិធីសាសនាតាមប្រពៃណីនេះដែរ អគ្គនាយកអាជ្ញាធរជាតិអប្សរា ជឿជាក់ថា វានឹងក្លាយជាពិធីប្រចាំឆ្នាំដ៏ធំ ដែលអាចទាក់ទាញភ្ញៀវទេសចរមកកម្សាន្តរមណីយដ្ឋានអង្គរថែមមួយកម្រិតទៀត និងរួមចំណែកពង្រីកសេវាកម្មទេសចរណ៍ក្នុងរមណីយដ្ឋានអង្គរ។

ចំពោះគម្រោងរៀបចំពិធីសាសនានេះដែរ លោក ហង់ ពៅ ពន្យល់ថា អាជ្ញាធរជាតិអប្សរានឹងជ្រើសរើសចំណុចសំខាន់ៗក្នុងរមណីយដ្ឋានអង្គរ ហើយអនុញ្ញាតឱ្យប្រជាពលរដ្ឋចូលរួមក្នុងន័យគោរពដឹងគុណដល់បុព្វបុរសខ្លួន ដែលបន្សល់ទុកនូវស្នាដៃ ក៏ដូចជាប្រាង្គប្រាសាទជាច្រើនដល់អ្នកជំនាន់នេះ។ លោកអគ្គនាយកបន្ថែមថា គម្រោងនេះមានការឯកភាពពីគណៈកម្មាធិការអន្ដរជាតិអាយស៊ីស៊ី-អង្គរ រួចហើយដែរ។ យ៉ាងណាក៏ដោយ ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា មិនទាន់កំណត់ពីពេលវេលាជាក់លាក់ ក៏ដូចជាកម្មវិធីលម្អិតនៅឡើយទេ តែជឿថា ពិធីនេះនឹងប្លែក និងទាក់ទាញទេសចរថែមមួយកម្រិតទៀត៕




Tag:
 អង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com