COVID-19
អន្តរជាតិ
ឥណ្ឌូណេស៊ីថា វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន Sinovac គឺហាឡាល់
10, Jan 2021 , 7:59 pm        
រូបភាព
ឥណ្ឌូណេស៊ីនឹងចាប់ផ្តើមការចាក់វ៉ាក់សាំងកូវីដ ១៩ ចាប់ពីថ្ងៃពុធទី ១៣មករា។ រូបភាព៖ AFP
ឥណ្ឌូណេស៊ីនឹងចាប់ផ្តើមការចាក់វ៉ាក់សាំងកូវីដ ១៩ ចាប់ពីថ្ងៃពុធទី ១៣មករា។ រូបភាព៖ AFP
ដោយ: ថ្មីៗ

ដោយ៖ កង ម៉េងហុង

ក្រុមប្រឹក្សាកិច្ចការសាសនាឥស្លាមឥណ្ឌូណេស៊ី (Indonesian Ulema Council) អះអាងនៅសប្តាហ៍នេះថា វ៉ាក់សាំងកូវីដ-១៩  ដែលផលិតដោយក្រុមហ៊ុនចិន Sinovac គោរពតាមលក្ខណ្ឌហាឡាល់ពោលគឺអាចអនុញ្ញាតឲ្យសាសនិកជាអ្នកកាន់សាសនាឥស្លាមប្រើប្រាស់បាន។



លោក Asroun Niam Sholeh សមាជិកគណៈកម្មាធិការច្បាប់សាសនានៃក្រុមប្រឹក្សាកិច្ចការសាសនាឥស្លាមបានលើកឡើងថា វ៉ាក់សាំង CoronaVac របស់ក្រុមហ៊ុន Sinovac គឺ «បរិសុទ្ធនិងហាឡាល់»អាចប្រើប្រាស់បានសម្រាប់ប្រជាជនមូស្លីមទូទៅ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ថ្ងៃទី ៨ខែមករា។

លោកអះអាងបែបនេះ ថ្វីត្បិតថា ការអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងនេះនៅតែពឹងផ្អែកលើការអនុញ្ញាតពីទីភ្នាក់ងារចំណីអាហារ និង ឱសថរបស់ឥណ្ឌូណេស៊ី (BPOM) ក៏ដោយចុះ។

«នេះអាចជាព័ត៌មានដែលអាចផ្តល់ភាពកក់ក្តៅដល់ប្រជាជន ជាពិសេសប្រជាជនម៉ូស្លីម» ។ អ្នកជំនាញច្បាប់សាសនារូបនេះថ្លែងដូច្នេះ។

ទាក់ទិននឹងបញ្ហាវ៉ាក់សាំងនេះ និយ័តកររបស់ទីភ្នាក់ងារចំណីអាហារ និង ឱសថឥណ្ឌូណេស៊ីសង្ឃឹមថា ការអនុញ្ញាតឲ្យមានការប្រើវ៉ាក់សាំង CoronaVac ជាបន្ទាន់នឹងអនុម័តជាផ្លូវការឆ្លាប់ៗ ពោលគឺ មុនថ្ងៃទី ១៣ ខែមករា ដែលជាថ្ងៃដែលឥណ្ឌូណេស៊ីកំណត់សម្រាប់ការចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំង។

តាមពិតទៅឥណ្ឌូណេស៊ីកំពុងប្រឈមនឹងការរីករាលដាលកូវីដ-១៩ ធ្ងន់ធ្ងរបំផុតនៅអាស៊ីអាគ្នេយ៍ ខណៈដែលរដ្ឋាភិបាលក្រុងហ្សាការតានេះសង្ឃឹមថា វ៉ាក់សាំងនឹងអាចជួយកាត់បន្ថយវិបត្តិសុខុមាលភាពសាធារណៈ និង វិបត្តិសេដ្ឋកិច្ចដែលកំពុងរាលដាលផង។

រដ្ឋអាស៊ីអាគ្នេយ៍មួយនេះស្ថិតក្នុងចំណោមប្រទេសដែលមានករណីឆ្លងកូវីដ-១៩ ច្រើនជាងគេនៅអាស៊ីពោលគឺមានករណីឆ្លងសរុបកើនឡើងជាង ៨ សែន ហើយអ្វីដែលគួរឲ្យបារម្ភនេះគឺការបន្តកើនឡើងនៃករណីឆ្លងប្រចាំថ្ងៃ។ ក្នុងរយៈពេលបីថ្ងៃជាប់ៗគ្នាគិតត្រឹមថ្ងៃទីសុក្រទី ៨ មករា ឥណ្ឌូណេស៊ីស្គាល់ករណីឆ្លងប្រចាំថ្ងៃដែលមានចំនួនច្រើនជាង ១ ម៉ឺននាក់ជាលើកដំបូង។

គួរបញ្ជាក់ថា ជាប្រទេសដែលមានប្រជាជនមូស្លីមច្រើនជាងគេបំផុតនៅលើពិភពលោក ឥណ្ឌូណេស៊ី បច្ចុប្បន្ននេះមានវ៉ាក់សាំង CoronaVac ចំនួន ៣ លានដូស ហើយវ៉ាក់សាំងទាំងនេះនឹងត្រូវប្រើប្រាស់ចាប់ពីថ្ងៃ ១៣ខែមករាតទៅ។ គេរំពឹងថា ប្រធានាធិបតី ចូកូ វីដូដូ ក៏នឹងទទួលបានការចាក់វ៉ាក់សាំងនៅក្នុងពេលចាប់ផ្តើមនៃកម្មវិធីចាក់វ៉ាក់សាំងដូចគ្នា៕





Tag:
 ឥណ្ឌូណេស៊ី
 ​​​ វ៉ាក់សាំងកូដី-១៩
© រក្សាសិទ្ធិដោយ thmeythmey.com