បក្សប្រជាធិបតេយ្យពន្លឿនសេចក្តីព្រាងច្បាប់ ដើម្បីទម្លាក់លោកត្រាំចេញពីតំណែងជាលើកទី២
អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
បក្សប្រជាធិបតេយ្យពន្លឿនសេចក្តីព្រាងច្បាប់ ដើម្បីទម្លាក់លោកត្រាំចេញពីតំណែងជាលើកទី២
10, Jan 2021 , 9:59 pm        
រូបភាព
លោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ។  រូបភាព៖ AFP
លោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ។ រូបភាព៖ AFP
 
បក្សប្រជាធិបតេយ្យដែលកំពុងគ្រប់គ្រងសភាតំណាងអាមេរិក កំពុងពន្លឿនការតែងច្បាប់ និងនីតិវិធីក្នុងការទម្លាក់លោក ដូណាល់ ត្រាំ ចេញពីតំណែងប្រធានាធិបតី។ បក្សប្រជាធិបតេយ្យគ្រោងនឹងបញ្ជូនសេចក្តីព្រាងច្បាប់ស្តីពីការទម្លាក់តំណែងប្រធានាធិបតីទៅសភាតំណាង នៅថ្ងៃទី១១ មករា។ តែបក្សសាធារណៈរដ្ឋអះអាងថា ជារឿងមិនចាំបាច់ ព្រោះដ្បិតអីលោកត្រាំ នឹងលែងកាន់តំណែងជាប្រធានាធិបតីចាប់ពីថ្ងៃទី២០ មករា តទៅ។



សេចក្តីព្រាងច្បាប់ទម្លាក់ប្រធានាធិបតីពីតំណែង នឹងត្រូវបញ្ជូនទៅសភាតំណាងអាមេរិក នៅថ្ងៃទី១១ មករា។ សេចក្តីព្រៀងច្បាប់នេះទទួលបានការគាំទ្រពីតំណាងរាស្ត្របក្សប្រជាធិបតេយ្យចំនួន១៩០រូប ចោទលោកត្រាំពីបទមានកមានចេតនាញុះញង់ហិង្សាប្រឆាំងទៅនឹងរដ្ឋាភិបាលអាមេរិក អំឡុងពេលប្រជុំសភាទាំងពីរថ្នាក់ដែលបញ្ជាក់ពីជ័យជម្នះរបស់លោកចូ បៃឌិនកាលពីថ្ងៃទី៦ មករា។

ការអនុម័តសេចក្តីព្រាងច្បាប់ទម្លាក់ប្រធានាធិបតី គឺស្មើទៅនឹងការចោទប្រកាន់ ហើយដែលនាំឲ្យមានសវនាការដកតំណែងប្រធានាធិបតីដោយព្រឹទ្ធសភា។ លោកត្រាំធ្លាប់ត្រូវបានសភាតំណាងចោទម្តងហើយកាលពីឆ្នាំ២០១៩ ពីបទគំរាមដល់សន្តិសុខជាតិ តែត្រូវព្រឹទ្ធសភាដែលគ្រប់គ្រងដោយបក្សសាធារណៈរដ្ឋឲ្យរួចខ្លួន។ ដើម្បីដកតំណែងបានព្រឹទ្ធសភា ត្រូវរកសំឡេងឲ្យបាន២ភាគ៣ក្នុងចំណោម១០០ ពោលគឺយ៉ាងហោចណាស់៦៧សំឡេង។

លោកMitch McConnell ប្រធានសំឡេងក្រុមភាគច្រើនក្នុងព្រឹទ្ធសភា អះអាងថាសវនាការកាត់ទោសលោកត្រាំ ទំនងអាចជាធ្វើឡើងក្រោយលោកត្រាំចប់អាណត្តិ និងចំពេលដែលបក្សប្រជាធិបតេយ្យគ្រប់គ្រងព្រឹទ្ធសភាវិញម្តង។បើសិនជាព្រឹទ្ធសភារកឃើញថាលោកត្រាំពិតជាប្រព្រឹត្តដូចដែលបានចោទមែន លោកត្រាំនឹងបាត់បង់ផលប្រយោជន៍ក្នុងនាមជាអតីតប្រធានាធិបតី ដោយមិនទទួលបានការរក្សាសន្តិសុខ បៀវត្សជាដើម ហើយអ្វីដែលសំខាន់គឺលោកមិនអាចឈរឈ្មោះឲ្យគេបោះឆ្នោតបានទៀតឡើយ។

ខណៈបក្សប្រជាធិបតេយ្យកំពុងប្រញាប់ប្រញាល់ធ្វើច្បាប់ សមាជិកព្រឹទ្ធសភា និងតំណាងរាស្ត្របក្សសាធារណរដ្ឋជាច្រើនរូបបានបានសសេរលិខិតទៅលោកចូ បៃឌិនឲ្យធ្វើអន្តរាគមន៍បញ្ឈប់ការដកដំណែងលោកត្រាំ ដោយអះអាងថាការដកតំណែងនេះ នឹងប៉ះពាល់ដល់ការបង្រួបបង្រួមជាតិ។ លោកបៃឌិន វិញអះអាងថា លោកនឹងមិនប៉ះពាល់រឿងនេះឡើយ ដោយអោយសភាជាអ្នកសម្រេច។

ស្របពេលជាមួយគ្នានេះ បក្សប្រជាធិបតេយ្យក៏ជម្រុញឲ្យលោកម៉ៃ ផែន ប្រើវិសោធនកម្មរដ្ឋធម្មនុញ្ញបន្ថែមទី២៥ ក្នុងការដកតំណែងលោកត្រាំផងដែរ។ លោកផែនប្រឆាំងទៅនឹងគំនិតនេះ ដោយអះអាងថានឹងអាចនាំឲ្យលោកត្រាំធ្វើសកម្មភាពគ្មានការពិចារណាដែលនាំឲ្យប្រទេសកាន់តែប្រឈមនឹងគ្រោះថ្នាក់ ប៉ុន្តែលោកក៏មិនទាត់ចោលគំនិតនេះដាច់ណាត់ឡើយ។

តបទៅនឹងការត្រៀមដកតំណែងនេះ លោកត្រាំគ្រោងនឹងតែងតាំងលោកមេធាវី Rudy Giuliani  និងលោកមេធាវីAlan Dershowitz បើសិនជាបក្សប្រជាធិបតេយ្យនៅតែជម្នះចង់ទម្លាក់រូបលោក។ លោកមេធាវី Dershowitz អះអាងថាការដែលលោកត្រាំជម្រុញឲ្យមានកុបកម្មនៅវិមានសភា គឺការពារដោយរដ្ឋធម្មនុញ្ញអាមេរិក។ លោក Dershowitz ចោទបក្សទាំង២ ថាចង់ប្រើប្រាស់រដ្ឋធម្មនុញ្ញធ្វើជាអាវុធនយោបាយ។

ទោះជាមានការលើកឡើងបែបនេះក្តី មេធាវីជាច្រើនរូបដែលធ្លាប់ការពារលោកត្រាំនៅចំពោះមុខព្រឹទ្ធសភា គ្រាដែលលោករកត្រូវកាត់ក្តីដកពីតំណែងកាលពីឆ្នាំ២០១៩ មិនយល់ឃើញដូចមេធាវីទាំង២រូបនេះឡើយ ដោយអ្នកខ្លះពិចារណាចាកចេញពីក្រុមការងាររបស់លោកត្រាំ៕





Tag:
 អាមេរិក
  បោះឆ្នោតអាមេរិក
  ដូណាល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com