ជាតិ
សង្គមជាតិ
ក្រសួងអប់រំ បង្កើតកម្មវិធីជ្រើសរើសសាលារៀនស្អាត ដើម្បីជំរុញឲ្យមានបរិស្ថាន និងអនាម័យល្អ បរិវេណសាលាបឋមសិក្សាស្វាយជ្រំ ក្នុងខេត្តស្វាយរៀង ដែលធ្លាប់បានជាប់ជ័យលាភីជាសាលារៀនស្អាត រូបភាពពីក្រសួងអប់រំ យុវជន និងកីឡា
×
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានបង្កើតកម្មវិធីប្រឡងប្រណាំងសាលារៀនស្អាត ដើម្បីជំរុញឲ្យមានបរិស្ថាន និងអនាម័យល្អ។ ក្រសួងនឹងជ្រើសរើសសាលារៀនចាប់ពីកម្រិតមត្តេយ្យសិក្សា ដល់ថ្នាក់ទី១២ ដែលមានបរិស្ថាន និងអនាម័យល្អជារៀងរាល់ខែ។
ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា កម្មវិធីនេះនឹងជំរុញឲ្យសាលារៀនទាំងអស់ អាចរៀបចំបរិវេណ ប្រកបដោយបរិស្ថានស្អាត មានអនាម័យ មានខ្យល់អាកាសបរិសុទ្ធ និងអំណោយផលដល់ការសិក្សារបស់សិស្ស។
ក្រសួងអប់រំនឹងប្រកាសជ័យលាភីសាលារៀនស្អាត ទៅលើសាលារៀនណាដែលបានរៀបចំបរិស្ថាន និងអនាម័យល្អ ជារៀងរាល់ខែ ដោយមានលិខិតបញ្ជាក់ជ័យលាភីពីក្រសួង។
ជាមួយគ្នានេះ ក្រសួងអប់ រំអំពាវនាវដល់គ្រឹះស្ថានសិក្សាទាំងអស់ ត្រៀមខ្លួនចូលរួមប្រកួតកម្មវិធីនេះ។ ចំពោះលក្ខខណ្ឌដែលក្រសួងអប់រំ នឹងជ្រើសរើសសាលារៀនដែលមានបរិស្ថានល្អ ហើយអាចជាប់ជាជ័យលាភីប្រចាំខែនោះ គឺក្រសួងនឹងប្រកាសជូននៅពេលក្រោយ។
កម្មវិធីជ្រើសរើសសាលារៀនស្អាតនេះ ត្រូវបានក្រសួងអប់រំធ្លាប់បានបង្កើតឡើងជាយូរឆ្នាំមកហើយ ។កន្លងទៅ ក្រសួងបានជ្រើសរើសសាលាបឋមសិក្សា ស្វាយជ្រំ ខេត្តស្វាយរៀង ជាប់ជាជ័យលាភីសាលារៀនស្អាត និងមានសាលារៀនដទៃទៀតផងដែរ៕
Tag:
សាលារៀន
បរិស្ថាន
អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com